ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកស្រាវជា្រវ​ខ្មែរ និង​បរទេស​ជាង​៣០នាក់ រួមគ្នា​សរសេរ​«សៀវភៅ​ស្តីពី​បច្ចុប្បន្នភាព​កម្ពុជា‍»


រូបឯកសារ៖ ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ត​ឆ្លងកាត់​ស្ពាន​ធ្វើពី​បំពង់​ឬស្សី នៅ​ខេត្ត​កំពង់ចាម កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤។ (AP Photo/Nick Ut)

ខណៈ​ពេល​ដែល​កម្ពុជា​កំពុង​ធ្វើ​ការ​ផ្លាស់ប្តូរ​ទាំង​គ្រប់វិស័យ អ្នក​ស្រាវជ្រាវ​ខ្មែរ និង​បរទេស​ប្រមាណ​ជាង​៣០នាក់ កំពុង​សហការ​គ្នា​ដើម្បី​បោះពុម្ព​ផ្សាយ​សៀវភៅ​មួយ ដែល​មាន​ចំណង​ជើង​ថា​«‍សៀវភាវ​ស្តីពី​បច្ចុប្បន្នភាព​កម្ពុជា»។

ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា​មាន​ការ​ផ្លាស់ប្តូរ​របប​នយោបាយ​ជា​ច្រើន និងការ​ផ្លាស់ប្តូរ​ក្នុង​វិស័យសេដ្ឋកិច្ច អប់រំ វប្បធម៌ និង​បរិស្ថាន​ផង​ដែរ។ ដើម្បី​ស្វែងយល់​ពី​បញ្ហា​បច្ចុប្បន្ន​របស់​កម្ពុជា អ្នក​ស្រាវជ្រាវ​ខ្មែរ និង​បរទេស​ជាង​៣០នាក់ កំពុង​សហការ​គ្នា ដើម្បី​សរសេរ​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា «‍សៀវភៅស្តីពី​បច្ចុប្បន្នភាព​កម្ពុជា»។

សព្វថ្ងៃនេះ កម្ពុជា​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ដ៏លឿន​មួយនៅ​ក្នុង​តំបន់​អាស៊ី។ ចាប់តាំង​ពី​ឆ្នាំ​២០០២ រហូត​ដល់​ឆ្នាំ២០១២ អាត្រា​ភាពក្រីក្រ​របស់​កម្ពុជា​បាន​ថយចុះ​ពី​៤៧,៨ភាគរយ​មក​ត្រឹម​ជាង​១៨,៩ភាគរយ។ បន្ថែម​លើ​នេះ កម្ពុជា ក៏​បាន​ឆ្លងកាត់​ការ​បោះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ចំនួន​៥លើក តាំងពី​ឆ្នាំ​១៩៩៣​រហូត​មក​ដល់​បច្ចុប្បន្ន។ ទោះជា​យ៉ាង​ណា​ក្តី ការ​បោះឆ្នោត​ទាំង​នេះ រមែង​មាន​ការ​តវ៉ា និង​រង​ការ​ចោទ​ប្រកាន់​អំពី​បទ​លួច​បន្លំ និង​ភាព​មិន​ប្រក្រតី។

យ៉ាងណាមិញ ស្រប​គ្នា​នឹង​ការ​អភិវឌ្ឍ​ទាំង​អស់​នេះ ជម្លោះ​ដី​ធ្លី អំពើ​ពុករលួយ ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការ​ប្រែប្រួល​ខាង​សង្គម និង​វប្បធម៌​ក៏​បាន​កើត​មាន​ឡើង​ដែរ​នៅ​កម្ពុជា។

ខណៈ​ពេល​ដែល​កម្ពុជា​កំពុង​ធ្វើ​ការ​ផ្លាស់ប្តូរ​ទាំង​គ្រប់វិស័យ អ្នក​ស្រាវជ្រាវ​ខ្មែរ និង​បរទេស​ប្រមាណ​ជាង​៣០នាក់ កំពុង​សហការ​គ្នា​ដើម្បី​បោះពុម្ព​ផ្សាយ​សៀវភៅ​មួយ ដែល​មាន​ចំណង​ជើង​ថា​«‍សៀវភៅ​ស្តីពី​បច្ចុប្បន្នភាព​កម្ពុជា» ដោយ​ពិភាក្សា​អំពី​បញ្ហា​ជា​ច្រើន រួម​មាន នយោបាយ សេដ្ឋកិច្ច អប់រំ សុខភាព សិទ្ធិមនុស្ស ការ​អភិវឌ្ឍ អំពើ​ពុករលួយ វប្បធម៌ និង​បញ្ហា​របស់​ស្ត្រី​ជា​ដើម។​

លោក Simon Springer អ្នក​កែ​សម្រួល​សៀវភៅ​ដែល​មាន​ជាង​៣០០ទំព័រ​នេះ និង​ជា​សាស្ត្រាចារ្យ​មួយ​រូប​នៅ​សាកល​វិទ្យាល័យ Victoria នៃ​ប្រទេស​កាន់ណាដា បាន​ប្រាប់ VOA ថា​សៀវភៅ​ស្តីពី​បច្ចុប្បន្នភាព​កម្ពុជា​នេះ នឹង​ផ្តល់​សេចក្តី​លម្អិត​អំពី​បញ្ហា​សង្គម នយោបាយ និង​ការ​អភិវឌ្ឍនៅ​កម្ពុជា ដោយ​ផ្អែក​ទៅ​តាម​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ហើយ​អ្នក​ស្រាវជ្រាវ​ទាំង​អស់​មាន​ទស្សនៈ​ខុសៗ​គ្នា ដែល​ធ្វើ​ឲ្យ​សៀវភៅ​នេះ​មាន​លក្ខណៈ​ពិសេស​សម្រាប់​អ្នក​អាន។

«‍យើង​ព្យាយាម​រៀបចំ​ទម្រង់​សៀវភៅ​នេះ ដើម្បី​ឲ្យ​អ្នក​អាន​អាច​ស្វែងយល់​យ៉ាង​ច្បាស់​ពី​បញ្ហា​វិវត្តន៍​ជា​បន្តបន្ទាប់ ដែល​បាន និង​កំពុង​តែ​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ»។

លោក​ Springer ដែល​បាន​ចំណាយ​ពេល​ជាង​១០ឆ្នាំ ស្រាវជ្រាវ និង​សរសេរ​អំពី​ប្រទេស​កម្ពុជា បាន​បន្ថែម​ថា៖ «សៀវភៅ​នេះ​នឹង​បង្ហាញ​ឲ្យ​អ្នក​អាន​បាន​ឃើញ​ថា អ្នកស្រាវជ្រាវ​មួយ​ចំនួន​មិន​យល់​ស្រប​គ្នា​លើ​បញ្ហា​មួយ​ចំនួន​នៅ​កម្ពុជា ដែល​ត្រូវបាន​យល់​ឃើញ​ថា មាន​ផល​ប៉ះពាល់​ខុសៗ​គ្នា​លើ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន»។

អ្នក​ស្រាវជ្រាវ​ខ្មែរ និង​បរទេស​ជាង​៣០នាក់ បាន​សហការ​គ្នា ដើម្បី​សរសេរ​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា «‍សៀវភាវ​ស្តីពី​បច្ចុប្បន្នភាព​កម្ពុជា» ដែល​នឹង​បោះពុម្ព​ផ្សាយ​នៅ​ចុង​ឆ្នាំ២០១៦​នេះ។ (រូបថត​ផ្តល់​ឲ្យ)
អ្នក​ស្រាវជ្រាវ​ខ្មែរ និង​បរទេស​ជាង​៣០នាក់ បាន​សហការ​គ្នា ដើម្បី​សរសេរ​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា «‍សៀវភាវ​ស្តីពី​បច្ចុប្បន្នភាព​កម្ពុជា» ដែល​នឹង​បោះពុម្ព​ផ្សាយ​នៅ​ចុង​ឆ្នាំ២០១៦​នេះ។ (រូបថត​ផ្តល់​ឲ្យ)

សៀវភៅនេះ​ត្រូវបាន​បែងចែង​ជាង៣៥ជំពូក ដែល​ជំពូក​នីមួយៗ​ត្រូវបាន​រៀបរៀង​ឡើង​ដោយ​ផ្អែក​ទៅ​តាម​ប្រធានបទជា​ច្រើន រួម​មាន​ភាពតានតឹង​ខាង​នយោបាយ និង​សេដ្ឋកិច្ច ការ​អភិវឌ្ឍជនបទ ជម្លោះ​ដីធ្លី ដំណើរការ​ផ្លាស់ប្តូរ​ក្នុង​សង្គម និង​វប្បធម៌។

នៅ​កម្ពុជា ការ​ស្រាវជ្រាវ និង​បោះពុម្ព​ផ្សាយ​ជា​សៀវភៅ​ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំ​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ ដោយសារ​តែ​បញ្ហា​ខ្វះ​ថវិកា និង​ការ​ខ្វះខាត​គំនិត​ផ្តួចផ្តើម​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​នេះ។ ជាក់ស្តែង ស្ថាប័ន​ស្រាវជ្រាវ​ដែល​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ខ្ពស់​ពី​សាធារណជន​រួមមាន វិទ្យាស្ថាន​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍ​កម្ពុជា ឬ​ហៅកាត់​ថា (CDRI) និង​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព ឬ​ហៅកាត់​ថា (CICP) ជាដើម។

បន្ថែម​លើ​នេះ ការ​ស្រាវជ្រាវ​តាម​សាកល​វិទ្យាល័យ​នៅ​កម្ពុជា ក៏​មិន​ទាន់​ទទួល​បាន​ការ​គាំទ្រ​ទាំង​ខាង​ថវិកា និង​ការ​លើក​ទឹក​ចិត្ត​គ្រប់គ្រាន់នៅ​ឡើយ។ លោក ដេត សុខឧត្តម សាកល​វិទ្យាធិការ​រង​នៃ​សាកល​វិទ្យាល័យ​ហ្សាម៉ាន់​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​សាស្ត្រាចារ្យ​បង្រៀន​នៅ​តាម​សាកលវិទ្យាល័យ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ស្រាវជ្រាវ។ ក៏ប៉ុន្តែ លោក​ថា នៅ​កម្ពុជា​ការស្រាវជ្រាវ​ដោយ​សាស្ត្រាចារ្យ​នៅ​មាន​កម្រិត​នៅ​ឡើយ ដោយសារ​តែ​ប្រព័ន្ធ​បង្រៀន​ខុស​គ្នា បើ​ធៀប​នឹង​ប្រទេស​អភិវឌ្ឍ​ផ្សេងៗ។

«‍សាស្ត្រាចារ្យ​នៅ​ស្រុក​គេ ការ​ធ្វើ​ស្រាវជ្រាវ គឺជា​កាតព្វកិច្ច។ តែ​ខ្មែរ​យើង tenure system [រចនា​សម្ព័ន្ធ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ] មិន​ទាន់​មាន​ច្រើន​នៅ​តាម​សាកលវិទ្យាល័យ។ មាន​តិច ដែល​សាលា​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ហ្នឹង ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​សាស្ត្រាចារ្យ​ធ្វើការ​ស្រាវជ្រាវ។ មួយ​ទៀត នៅតាម​សាកលវិទ្យាល័យ​ភាគច្រើន មិន​តម្រូវ​ឲ្យ​សាស្ត្រាចារ្យ​បម្រើការ​ពេញ​ម៉ោង​ទេ។ ដូច្នេះ សាស្ត្រាចារ​បង្រៀន​តាម​ពីរ ឬបី​សាកល​វិទ្យាល័យ ដើម្បី​ទ្រទ្រង់​ជីវភាព​របស់​ពួកគាត់។ នៅពេល​ដែល​យើង​បង្រៀន​ពីរ ឬបី​សាលា មេរៀន​មួយ​មុខ ពីរមុខ​ហើយ នោះ​កម្លាំង​ទៅ​បង្រៀន​ហត់​រួច​បាត់​ទៅ​ហើយ អញ្ចឹង​អត់មាន​ពេល​មក​ធ្វើ​ស្រាវជ្រាវ​ទេ»។

ទោះជា​យ៉ាង​ណា​ក្តី លោក​ក៏​បាន​បន្ថែម​ថា វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​ចំនួន​នៅ​កម្ពុជា​កំពុង​បន្ត​ស្រាវជ្រាវ និង​បោះពុម្ព​ផ្សាយ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​ខ្លួន ដើម្បី​បម្រើ​ប្រយោជន៍​ក្នុង​ដំណើរ​តាក់តែង​គោលនយោបាយ​របស់​រដ្ឋាភិបាល​។

«‍អ្នកស្រាវជ្រាវ​ដូច​យើង​ខ្ញុំ មិន​ដែល​មាន​ចិត្ត​ថា ចង់​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ដល់​កិត្តិយស​របស់​រដ្ឋាភិបាល ឬ​បង្កើត​ឲ្យ​មាន​ជំហរ​ខុស​គ្នា​នោះ​ទេ។ យើង​និយាយ​អ្វី​មួយ​ទៅ​តាម​ភាព​ជាក់ស្តែង តាម​បែប​លក្ខណៈ​វិទ្យាសាស្ត្រ ហើយ​យើង​ផ្តល់​មតិ ក្នុង​ករណី​មាន​បញ្ហា​អញ្ចឹង តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូច​ម្តេច? រដ្ឋាភិបាល​គួរ​តែ​ស្តាប់ ហើយ​ត្រង់​ថា យក​ទៅ​អនុវត្ត មិន​អនុវត្ត នោះ​វា​ជា​ការ​សម្រេច​ចិត្ត​តាម​ឆន្ទានុសិទ្ធិ​របស់​រដ្ឋាភិបាល​ទេ»។

«សៀវភៅ​ស្តីពី​បច្ចុប្បន្នភាព​កម្ពុជា‍»​នេះ គ្រោង​នឹង​បោះពុម្ព​ផ្សាយ​ជា​ភាសា​អង់គ្លេស​ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ចុង​ឆ្នាំ២០១៦​នេះ។ អ្នក​សម្របសម្រួល​ខាង​និពន្ធ​ក៏​សង្ឃឹម​ថា សៀវភៅ​បែប​ស្រាវជ្រាវ​ក្នុង​ទ្រង់ទ្រាយដ៏​ធំមួយ​នេះ នឹង​ត្រូវបាន​បកប្រែ​ជា​ភាសា​ខ្មែរនាពេល​អនាគត​ផង​ដែរ៕

XS
SM
MD
LG