ទីក្រុងប៉ារីស៖ រដ្ឋមន្រ្តីការបរទេសប្រទេសអាល់ហ្សេរីថ្លែងថា ច្បាប់គ្រាអាសន្នរបស់ប្រទេសដែលដាក់ប្រើជិត ២០ ឆ្នាំមកហើយនោះ នឹងត្រូវលុបចោលនៅពេលឆាប់ៗ តែលោកមិនបាននិយាយច្រើនអំពីបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅពេលថ្មីៗនេះទេ ដោយគ្រាន់តែថាប្រទេសអាល់ហ្សេរីនឹងមិនដើរតាមមាគ៌ារបស់ប្រទេសទុយនីស៊ី (Tunisia) និង អេហ្ស៊ីបទេ។
នៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយវិទ្យុអឺរ៉ុបវ័ន (Europe One) របស់ប្រទេសបារាំងកាលពីថ្ងៃច័ន្ទ លោករដ្ឋមន្រ្តីការបរទេស មូរ៉ាដ មេដិលស៊ី (Mourad Medelci) នៃប្រទេសអាល់ហ្សេរី បានបញ្ចុះសារៈសំខាន់នៃទំហំ និងផលប៉ះពាល់នៃបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលបានប្រព្រឹត្តធ្វើនៅសប្តាហ៍មុននៅក្នុងក្រុងអាល់ហ្ស៉ីយេស៍(Algiers) និងនៅក្នុងទីក្រុងធំៗដទៃទៀត នៅក្នុងប្រទេសអាហ្រ្វិកខាងជើងមួយនេះ។
លោក មេដិលស៊ី និយាយថាបាតុកម្មទាំងនេះមានការគាំទ្រពីប្រជាពលរដ្ឋអាល់ហ្សេរីភាគតិចហើយលោកមិនជឿថានឹងមានការកើនចំនួននៅពេលប៉ុន្មានសប្តាហ៍ខាងមុខនេះទេ។
ទោះបីជាមានចំនួនខុសគ្នាក៏ដោយ ក៏សេចក្តីរាយការណ៍ព័ត៌មានកាត់ស្មានថា កាលពីថ្ងៃសៅរ៍មានមនុស្សពី២.០០០ទៅ៣.០០០នាក់បានប្រឈមមុខយ៉ាងក្លាហានជាមួយនឹងប៉ូលីសកូដកម្មចំនួនប្រមាណ ៣០.០០០នាក់នៅកណ្តាលទីក្រុងអាលហ្ស៉ីយេស៍ ដើម្បីទាមទារឲ្យមានការទម្លាក់ប្រធានាធិបតីអាល់ហ្សេរី លោក អាប់ដិលឡាហ្ស៉ិស ប៊ូតេភ្លីកា (Abdelaziz Bouteflika) ចេញពីតំណែង។ មនុស្សជាច្រើនរយនាក់ បានធ្វើបាតុកម្មនៅក្នុងទីក្រុងឯទៀតៗនៅក្នុងប្រទេស ហើយក្រុមយុវជនបានប្រយុទ្ធតទល់ជាមួយភ្នាក់ងារប៉ូលីសកាលពីថ្ងៃអាទិត្យ នៅទីក្រុងអាន់ណាបា (Annaba)។ ឥឡូវនេះ ក្រុមអ្នករៀបចំធ្វើបាតុកម្ម និយាយថាពួកគេនឹងធ្វើមហាប្រជុំប្រឆាំងរដ្ឋាភិបាលជារៀងរាល់ថ្ងៃសៅរ៍។
លោក ប៊ូតេភ្លីកា បាននិយាយសន្យាកាលពីពេលថ្មីៗនេះ អំពីការផ្លាស់ប្តូរមួយចំនួនរួមទាំងការលុបចោលច្បាប់គ្រាអាសន្នអាយុ ២០ ឆ្នាំនោះផង។
លោកថ្លែងថា លោកមិនអាចនិយាយបានថាថ្ងៃណាពិតប្រាកដ ច្បាប់គ្រាអាសន្ននេះនឹងត្រូវលុបចោលទេ តែថានឹងត្រូវធ្វើក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ប្រទេសអាល់ហ្សេរីដែលជាប្រទេសសម្បូរប្រេង មានកត្តាដូចគ្នាជាច្រើនដែលបញ្ឆេះឲ្យមានបាតុកម្ម ដែលបានទម្លាក់ប្រធានាធិបតីនៃប្រទេសអេហ្ស៉ីបនិងប្រទេសទុយនីស៊ីនៅជិតខាងគ្នា។ កត្តាទាំងនេះគឺចំនួនមនុស្សគ្មានការងារធ្វើខ្ពស់ចំនួនយុវជនមិនសប្បាយចិត្តច្រើន និងគម្លាតរវាងអ្នកមាននិងអ្នកក្រ។ បាតុកម្មក៏មានធ្វើនៅប្រទេសអាល់ហ្សេរីដែរកាលពីខែមករាមុន បន្ទាប់ពីមានការឡើងថ្លៃខ្ពស់នៃទំនិញចាំបាច់សំខាន់ៗ។ ក៏ប៉ុន្តែអ្នកវិភាគខ្លះនិយាយថាបាតុកម្មទាំងនោះមិនបានទាក់ទាញចំនួនមនុស្សបានច្រើនដូចចំនួនដែលគេបានឃើញនៅប្រទេសអេហ្ស៉ីបនិងប្រទេសទុយនីស៊ីទេ៕
ប្រែសម្រួលដោយ កែរ យ៉ាន