ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អាល់ហ្សេរី​តែងតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​


ប្រធានាធិបតី​អាល់ហ្សេរី លោក Abdelmadjid Tebboune លើក​ដៃ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​ កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ ២០១៩។
ប្រធានាធិបតី​អាល់ហ្សេរី លោក Abdelmadjid Tebboune លើក​ដៃ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​ កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ ២០១៩។

លោក​ Abdelmadjid Tebboune​ ប្រធានាធិបតី​អាល់ហ្សេរី​កាលពី​ថ្ងៃសៅរ៍​បាន​តែង​តាំង​សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ​និង​ជា​អតីត​អ្នក​ការទូត​ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ ​ខណៈ​លោក​បង្កើត​រដ្ឋាភិបាល​ថ្មី​ដើម្បី​ដោះ​ស្រាយ​ភាព​វឹក​វរ​នយោបាយ​និង​បញ្ហា​ប្រឈម​ខាង​សេដ្ឋ​កិច្ច។

លោក ​Abdelaziz Djerad ​អាយុ​៦៥​ឆ្នាំ​បាន​ធ្វើ​ការ​ក្នុង​រដ្ឋាភិបាលប្រធានាធិបតី​មុន​នៅ​ទសវត្សរ៍​១៩៩០​ ​ប៉ុន្តែ​ត្រូវ​បាន​បញ្ឈប់​ដោយ​លោក​ប្រធានាធិបតី ​Abdelaziz Bouteflika​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​កាល​ពី​ខែ​មេសា​ ​បន្ទាប់​ពី​ធ្វើ​ជា​ប្រមុខ​រដ្ឋ​បាន​ពីរ​ឆ្នាំ។​

ចលនា​បាតុកម្ម​ដ៏​ធំ​ដែល​បាន​ជំរុញ​ឱ្យ​លោក​ Bouteflika​ ចុះ​ចេញ​ពី​តំណែង​នោះ​បាន​ចាត់​ទុក​ថា​ ​ការ​ឈ្នះ​បោះឆ្នោត​របស់​លោក​ Tebboune ​នៅ​ខែ​នេះ​មិន​ស្រប​ច្បាប់​ ហើយហាក់​ដូច​ជា​មិន​ទទួល​ស្គាល់រដ្ឋាភិបាល​ដែល​លោក​តែង​តាំង​នោះ​ទេ។​

ក្រុម​អ្នក​តវ៉ា​បាន​បដិសេធរាល់​ការ​បោះ​ឆ្នោត​ដែល​ធ្វើ​ឡើង ​ខណៈ​កង​យោធា​នៅ​តែ​ជាប់​ពាក់​ព័ន្ធ​នឹង​នយោបាយ ​ហើយ​ឥស្សរជន​សម័យ​លោក​ Bouteflika ​នៅ​កាន់​តំណែង​មាន​អំណាច​នោះ។

អាជ្ញាធរ​អាល់ហ្សេរី​បាន​ស្វាគមន៍​ជា​សាធារណៈ​ចំពោះ​ការ​តវ៉ា​ ដោយ​ចាត់​ទុក​ថា​ជា​ចលនា​ស្នេហា​ជាតិ​ដែល​មាន​គោល​បំណង​កែ​សម្រួល​នយោបាយ​អាល់ហ្សេរី​និង​បញ្ចប់​អំពើ​ពុក​រលួយ។ ​

លោក​ Djerad ​បាន​និយាយ​ជា​ច្រើន​ដង​តាម​វិទ្យុ ​បន្ទាប់ពី​ការ​តវ៉ា​បាន​ចាប់​ផ្តើម។​ លោក​ថ្លែង​គាំទ្រ​ការ​តវ៉ាហើយ​ទាមទារ​ឱ្យ​លោក ​Bouteflika ​និង​សម្ព័ន្ធ​មិត្ត​លះ​បង់​អំណាច។​

លោក​ Tebboune ​ដែល​ជា​អតីត​នាយក​រដ្ឋមន្រ្តី​ គឺ​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ចំណោម​មន្ត្រី​៥​រូប​ដែល​ត្រូវ​បាន​អនុម័ត​ឲ្យ​ធ្វើ​ជា​បេក្ខជន​សម្រាប់​ការ​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី ​ហើយ​លោក​ទទួល​បាន​សំឡេង​គាំទ្រ​៥៨ភាគរយ ​កាល​ពី​ថ្ងៃ​ទី​១២ ​ខែធ្នូ​ ចំ​ពេល​មាន​ការ​តវ៉ា​និង​ពហិការ​ការ​បោះ​ឆ្នោត ​ដែល​បាន​កាត់​បន្ថយ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​នៅ​ត្រឹម​៤០​ភាគ​រយ​ប៉ុណ្ណោះ។​

ក្រុម​ប្រឆាំង​និយាយ​ថា ​ទោះ​បី​ជា​លោក​ Tebboune ​ឈ្នះ​ឆ្នោត​ក៏ដោយ​ ក៏​អំណាច​នៅ​តែ​នៅ​ក្នុង​ដៃ​កងទ័ព ​ដែល​មេបញ្ជាការ​គឺ​លោក​ Ahmed Gaed Salah ​បាន​ស្លាប់​ភ្លាមៗ​ដោយ​សារ​គាំង​បេះដូង​ កាល​ពី​ថ្ងៃចន្ទ។​ នៅ​ពេល​នេះ​ប្រទេស​អាល់ហ្សេរី​មាន​ប្រធានាធិបតី​ថ្មី​នាយក​រដ្ឋមន្រ្តី​ថ្មីនិង​មេ​បញ្ជាការ​កងទ័ព​ថ្មីអំឡុង​ពេល​មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​បំផុតប៉ុន្មាន​ទសវត្សរ៍​នេះ៕

XS
SM
MD
LG