ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក អាឡាំង ឡូវឹនសល ​ប្តេជ្ញា​គាំទ្រ​ការទាមទារ​សិទ្ធិ​សេរីភាព​សម្រាប់​កម្ពុជា


រូបឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយរបស់​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ ​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧​ ​។ (ស្រេង លក្ខិណា/VOA)
រូបឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយរបស់​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ ​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ២០១៧​ ​។ (ស្រេង លក្ខិណា/VOA)

«កាលពីពេល​ថ្មីៗ​នេះ​យើងបាន​បញ្ជូន​សារ​យ៉ាង​ច្បាស់​ទៅ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថា​សហរដ្ឋ​អាមេរិក​ប្តេជ្ញា​ប្តូរផ្តាច់​ក្នុងការ​ទាមទារ​ឱ្យ​ស្តារឡើងវិញ​នូវ​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា‍»​។

អ្នកតំណាងរាស្រ្ត​សហរដ្ឋអាមេរិកដ៏​មាន​ឥទ្ធិពល​ម្នាក់បាន​ប្តេជ្ញា​ថា​នឹង​គាំទ្រពលរដ្ឋ​កម្ពុជា​ដែល​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​រហូត​ទាល់តែ​ការទាមទារ​របស់​ពួកគេ​សម្រេច​បាន​ក្នុងការស្តារគោល​ការណ៍​សាកល​នេះ​ឡើង​វិញ​នៅប្រទេស​កម្ពុជា។​

លោក​ អាឡាំង ឡូវឹនសល ​អ្នកតំណាងរាស្ត្រ​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​បាន​ថ្លែង​ប្រាប់​ដល់​ក្រុមអ្នក​គាំ​ទ្រដែល​ជាពលរដ្ឋខ្មែរ​អាមេរិកាំង​នៅ​ឯ​វេទិការសាធារណៈ​មួយក្នុងទីក្រុង​ឡុងប៊ិច​កាល​ពី​ចុង​សប្តាហ៍មុន​ថាលោកនឹងបន្ត​ឈរ​ជាតំណាង​សំឡេង​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ​សភា​អាមេរិកាំង​ហើយ​សហរដ្ឋ​អាមេរិក​នឹង​មិន​សប្បាយ​ចិត្ត​ទេ​ទាល់​តែ​មានការដោះលែង​លោកកឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ស្តារ​ឡើងវិញ​របបនយោ​បាយ​ពហុបក្ស ស្តារ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​និង​អង្គការ​សង្គម​ស៊ីវិល អតីត​អ្នកតំណាងរាស្រ្តបក្ស​ប្រឆាំងអាច​ធ្វើ​នយោបាយ​ឡើងវិញ​ដោយ​សេរីនិង​ពេញ​លេញ​ដោយ​គ្មាន​ការបំភិតបំភ័យ​ និង​អ្នកនយោបាយ​ដែល​បាន​រត់ភៀសខ្លួន​ដែល​មាន​លោក​សមរង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​ផងដែរ​បាន​វិល​ត្រឡប់​ទៅ​ប្រទេសកម្ពុជា​វិញ។​

លោក ​អាឡំាង ឡូវឹនសល ​បាន​បញ្ជាក់​បន្ថែម​ថា៖

«ដូច្នេះ​ខ្ញុំ​គាំទ្រ​អ្នកទាំងអស់​គ្នា​ យើង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាព​ ប៉ុន្តែ​យើង​ក៏​ត្រូវ​តែ​ឈរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាព​នៅ​ទូទាំង​ពិភព​លោកផងដែរ។ យើង​ត្រូវតែ​ធ្វើការ​ជាមួយគ្នា​។ ទោះបីជា​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ឬ​គណបក្ស​ប្រជាធិបតេយ្យ​ក៏​ដោយ​ គឺ​នេះ​មិន​គ្រាន់តែជា​បញ្ហា​កម្ពុជា​តែមួយ​ប៉ុណ្ណោះទេ​ នេះគឺជា​អ្វី​ដែល​ពួក​យើង​ជឿជាក់ពិត​ប្រាកដ។ វាជាកិច្ចការ​សំខាន់​ណាស់​ក្នុងការ​ថែរក្សា​សិទ្ធិ​សេរីភាព​និង​លទ្ធិប្រជាធិបតេយ្យ‍»។​

លោក ​អាឡាំង ឡូវឹនសល​ ដែល​ជា​សហប្រធាន​ក្រុម​ការងារទទួល​បន្ទុក​កិច្ចការ​កម្ពុជា​នៅ រដ្ឋសភា​បាន​ជ្រោមជ្រែង​ឱ្យសភាតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិប​តេយ្យ​កម្ពុជា​ (HR-526) ​កាលពីពាក់​កណ្តាល​ខែកក្កដា​ដើម្បី​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​លើ​ផ្នែក​ទិដ្ឋាការ​និង​សេដ្ឋកិច្ច​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ឱ្យធ្លាក់ចុះ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ដោយ​សារតែ​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ បង្ក្រាប​លើ​ប្រព័ន្ធផ្សព្វផ្សាយដោយ​បិទ​វិទ្យុ​ជាង​៣០​ដែល​ផ្សាយ​កម្មវិធី​រិះគន់​រដ្ឋាភិបាល​និង​បង្ក្រាប​លើ​ក្រុមអង្គការ​សង្គមស៊ីវិល។​

លោក​អាឡំាង ឡូវឹនសល បាន​បន្ថែម​ទៀត​ថា៖

«កាលពីពេល​ថ្មីៗ​នេះ​យើងបាន​បញ្ជូន​សារ​យ៉ាង​ច្បាស់​ទៅ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថា​សហរដ្ឋ​អាមេរិក​ប្តេជ្ញា​ប្តូរផ្តាច់​ក្នុងការ​ទាមទារ​ឱ្យ​ស្តារឡើងវិញ​នូវ​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ នេះ​គឺជា​គោល​ជំហរ​របស់​យើង ហើយ​យើង​មិន​ឈរ​ខាងណា​ទេ​គឺទុក​ឱ្យ​ពលរដ្ឋ​សម្រេច​តាម​រយៈការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ‍»។

ការជួបជុំ​របស់​លោក​ អាឡាំង ឡូវឹនសល នៅ​ទីក្រុង​ឡុងប៊ិចជាមួយ​នឹង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​របស់​គណបក្សសង្គ្រោះជាតិ​អាមេរិកាំង​ដែល​រៀបចំ​ឡើង​ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​អ្នកតំណាងរាស្រ្ត​សំខាន់ៗ​ដែល​បាន​ជួយ​គាំទ្រ​សេចក្តី ស្នើច្បាប់​HR 526។

លោក​ប៉ុន សៅរី អគ្គលេខាធិការ​គណបក្ស​សង្គ្រោះជាតិ​អាមេរិក​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«យើង​បាន​ធ្វើ​ហើយ​នៅ ទីក្រុង​ឡុងប៊ិច​ នៅ​រដ្ឋ​កាលីហ្វញ៉ា​សហរដ្ឋ​អាមេរិក ជាពិសេស​លោក​អាឡាំង​ ឡូវឹនសល ដែល​គាត់​ជាអ្នក​ជួយ​ជ្រោមជ្រែង​យ៉ាង​សកម្ម​បំផុត​ជាមួយ​នឹង​តំណាងរាស្រ្ត​ដទៃ​ទៀត​ដែលមាន​លោក​ ថេត យ៉ូហូ លោក​ស្ទីវ ឆាបុត្រ ​ជាដើម ហើយ​មិន​តែ​ប៉ុណ្ណោះ​ទេ​សហគមន៍​ខ្មែរ​ក៏​ដូច​ជា​សាខា​គណបក្ស​សង្គ្រោះជាតិ​នៅគ្រប់​រដ្ឋ​ទាំងអស់​នៅសហរដ្ឋ​អាមេរិក​នឹង​ធ្វើ​កម្មវិធី​ផ្សេងៗ​ទៀត​ដើម្បី​ថ្លែង​អំណរគុណ​អ្នកតំណាងរាស្ត្រ​ដែល​បាន​ជួយ​ជ្រោមជ្រែង​ច្បាប់​នេះ​ផងដែរ‍»។​

អាជ្ញាធរកម្ពុជា​បាន​ហាមឃាត់​រាល់សកម្មភាព​ណា​ដែល​គាំទ្រ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​សូម្បី​តែ​ការជួបជុំ​គ្នា​ទទួល​ទាន​នំបញ្ចុក​ដែល​រៀបចំឡើង​ដោយ​អតីត​សកម្មជន​និង​មន្ត្រី​បក្ស​ក៏​ត្រូវបាន​តាម​ដាន​ហើយ​តុលាការ​កោះហៅទៅសាកសួរដែរ។

មន្ត្រី​នៃ​អតីតគណបក្ស​ប្រឆាំងនេះ​អាច​ធ្វើ​សកម្មភាព​បាន​តែនៅក្រៅប្រទេស​ប៉ុណ្ណោះ។ ​

អ្នកស្រី​ សុក ឡេង សកម្មជន​ស្ត្រី​នៅ​ទីក្រុង​ឡុងប៊ិច​បាន​ប្រាប់​វីអូអេ​ថា៖

«ខ្ញុំ​សង្ឃឹម​ថា​អាមេរិកាំង​និង​អង្គការ​សហប្រជាជាតិប្រើ​កិច្ច​ព្រមព្រៀង​២៣តុលា​ហើយ​លោក​ឡូវឹនសល ​នឹង​ជួយ​ជំរុញ​ហើយ​នឹង​អម​ដំណើរ​លោក​ប្រធាន​ស្តីទី​វិល​ត្រឡប់​ទៅវិញ​ហើយ​យើង​មាន​ថ្នាក់​ដឹកនាំ​អមដំណើរ។ សូមឱ្យ​លោក​ហ៊ុន សែន​ធ្វើ​តាម​ច្បាប់​ គោរព​ច្បាប់​និង​គោរព​សិទ្ធិ​មនុស្ស‍»។​

សេចក្តី​ស្នើច្បាប់​HR 526 កំពុងតែ​ស្ថិតនៅ គណៈកម្មាធិការ​ទំនាក់ទំនង​អន្តរជាតិ​នៃព្រឹទ្ធសភា​ដើម្បី​ពិនិត្យ​មុន​នឹង​ឆ្លងព្រឹទ្ធសភា។

លោកប៉េង ឡុង ​អគ្គលេខាធិការ​នៃ​គណបក្ស​សង្គ្រោះជាតិ​អាមេរិក​សាខា​ទីក្រុង​ឡុងប៊ិច​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ថ្វីបើ​បាន​ឆ្លងកាត់​មួយ​ដំណាក់កាលហើយ​ប៉ុន្តែ​យើង​នៅ តែ​ព្យាយាម​ធ្វើការ​បន្ត​ទៀត​គឺ​យើង​ត្រូវ​តែព្យាយាម​ឱ្យ​បងប្អូន​ជនរួមជាតិដែល​ចង់​បាន​លទ្ធិប្រជាធិបតេយ្យត្រូវ​តែ​ព្យាយាម​ទាំង​អស់​គ្នា​ទូរស័ព្ទ​ទាក់​ទង​ទៅ សមាជិក​ព្រឹទ្ធសភា​របស់​អស់​លោក​នៅ​រដ្ឋ​នីមួយៗ​ដើម្បី​ឱ្យ​ពួក​គាត់​យល់​នូវវិបត្តិខ្មែរ​យើង​ហើយ​ឱ្យ​ពួកគាត់​ជួយដោះស្រាយ‍»។​

លោក​អាឡាំង ឡូវឹនសល​ក៏​បាន​ប្រាប់​ដល់​អ្នកគាំទ្រ​ថា​បញ្ហា​របស់​កម្ពុជា​ត្រូវបាន​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ជាច្រើន​យល់​ដឹង​ហើយ​ក៏​នឹង​ផ្តល់ការគំាំទ្រ​ផងដែរ។ រីឯ​លោក​ថេត យូហូ​អ្នកស្នើ​ច្បាប់​នេះ​ធ្លាប់​បាន​សម្តែង​សុទិដ្ឋិនិយម​ថា​ព្រឹទ្ធសភា​នឹង​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​HR 526 ​នៅ​ដំណាច់​ឆ្នាំ​នេះ៕

XS
SM
MD
LG