ការវាយប្រហារកាលពីថ្ងៃសៅរ៍លើក្រុង Raqqa នាប៉ែកខាងជើងនៃប្រទេសស៊ីរីបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៣៩នាក់ស្លាប់ និងបានធ្វើឱ្យមនុស្សច្រើននាក់ទៀតត្រូវរបួសនៅក្នុងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងលើក្រុងនេះដែលជារដ្ឋធានីនៃពួករដ្ឋឥស្លាម។
អង្គការ Syrian Observatory for Human Rights ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសបាននិយាយថា មនុស្ស៣៩នាក់បានស្លាប់ដោយមានកុមារ៥នាក់ និងស្ត្រី៧នាក់ផងដែរនៅពេលដែលការវាយប្រហារតាមអាកាសនោះបានត្រូវចំផ្នែកមួយចំនួនក្នុងក្រុងនោះដែលបានត្រូវកាន់កាប់ដោយពួកជ្រុលនិយមនេះចាប់តាំងពីឆ្នាំ២០១៣មក។
គេមិនបានដឹងច្បាស់លាស់ភ្លាមៗអំពីយន្តហោះនៃប្រទេសណាដែលបានធ្វើការវាយប្រហារនោះទេ ក៏ប៉ុន្តែភាពច្របូកច្របល់បែបនេះមានជាធម្មតា នៅក្រោយការឆ្មក់វាយប្រហារ។
សកម្មជនប្រឆាំងនឹងពួករដ្ឋឥស្លាមមានឈ្មោះថាអង្គការ «ក្រុង Raqqa កំពុងបានត្រូវសម្លាប់ដោយស្ងាត់ៗ» បាននិយាយថា កងយន្តហោះចម្បាំងរុស្ស៊ីបានធ្វើការវាយប្រហារនោះដោយបានថ្លែងបន្ថែមថាការវាយប្រហារនោះបានធ្វើឱ្យជនស៊ីវិល៤៣នាក់ស្លាប់និងបានធ្វើឱ្យរបួស៥០នាក់ថែមទៀត។
ក្រុមប្រឆាំងទីបីដែលឃ្លាំមើលស្ថានការណ៍នៅក្នុងប្រទេសស៊ីរីមានឈ្មោះថា"ពួកគណៈកម្មាធិការសម្របសម្រួលក្នុងមូលដ្ឋាន"បាននិយាយថាការឆ្មក់វាយប្រហារតាមអាកាសបានត្រូវធ្វើដោយកងយន្តហោះចម្បាំងរបស់រដ្ឋាភិបាលស៊ីរីហើយបាននិយាយបន្ថែមថាមានមនុស្សរាប់សិបនាក់បានត្រូវសម្លាប់ឬត្រូវរបួស។
ក្រុមទាំងបីនេះបាននិយាយថាការឆ្មក់វាយប្រហារតាមអាកាសទាំងនេះបានត្រូវចំផ្នែកជិតមន្ទីរពេទ្យជាតិមួយ, អតីតមូលដ្ឋានមួយនៃកងទ័ពជើងគោកនិងសង្កាត់ជិតខាងឯទៀតៗផងដែរ។
ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសក្នុងប្រទេសស៊ីរីចាប់តាំងពីថ្ងៃទី៣០ខែកញ្ញាមក ទោះណាជាក្នុងសប្តាហ៍នេះរុស្ស៊ីបានកាត់បន្ថយវត្តមានយោធារបស់ខ្លួននៅក្នុងប្រទេសស៊ីរីនៅក្រោយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជាឱ្យដកភាគខ្លះនៃកងយន្តហោះចម្បាំងនិងកងកម្លាំងរុស្ស៊ីចេញពីប្រទេសស៊ីរីនៅក្នុងការគាំទ្រដល់កិច្ចចរចាសន្តិភាពដោយប្រយោលនៅក្នុងក្រុង ហ្សឺណែវ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Putin បាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូរក្សាទុកកងកម្លាំងគ្រប់គ្រាន់ល្មមនៅក្នុងប្រទេសស៊ីរីដើម្បីបន្តការប្រយុទ្ធប្រឆាំងនឹងពួករដ្ឋឥស្លាម រណសិរ្ស Nusra និងអង្គការជ្រុលនិយមឯទៀតៗ។
ពួករដ្ឋឥស្លាមមិនរួមបញ្ចូលក្នុងកិច្ចឈប់បាញ់គ្នាដែលបានត្រូវរៀបចំឱ្យមានឡើងដោយប្រទេសរុស្ស៊ី និងស.រ.អា.ទេ ហើយដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ខែកុម្ភៈ ហើយបាននាំឱ្យមានការចុះថមថយអំពើហិង្សានៅក្នុងប្រទេសស៊ីរី៕