រដ្ឋធានីញូដេលី៖ ក្រុមអ្នកជំនាញការខាងកសិដ្ឋានសុខភាពនិងចំណីអាហារជាង៩០០នាក់មកពីប្រទេសជាង៦០បានប្រមូលផ្តុំគ្នាកាលពីដំណាច់សបា្តហ៍មុននេះនៅក្នុងរដ្ឋធានី New Delhi នៃប្រទេសឥណ្ឌាដើម្បីពិភាក្សាគ្នាអំពីថាតើកសិកម្មអាចជួយបែបណាដើម្បីបំពេញសេចក្តីត្រូវការរបស់មនុស្សក្រីក្រក្នុងពិភពលោក។
មនុស្សជិត១ពាន់លាននាក់ឬ១ភាគ៦នៃចំនួនមនុស្សក្នុងពិភពលោកស្រេកឃ្លានរៀងរាល់ថ្ងៃ។ ចំនួនមនុស្សគ្មានអាហារមានជីវជាតិបរិភោគគ្រប់គ្រាន់មានច្រើនជាងនេះទៅទៀត។ ម្ហូបអាហារទ្បើងថ្លៃច្រើននៅក្នុងប្រទេសជាច្រើន។ ហើយនៅក្នុងផ្នែកជាច្រើននៃពិភពលោកការប្រែប្រួលធាតុអាកាសមានផលប៉ះពាល់លើផលិតភាពកសិកម្ម។
ទាំងនេះជាបញ្ហាសំខាន់ៗដែលបានត្រូវគូសបញ្ជាក់ដោយពួកអ្នកជំនាញការនៅក្នុងក្រុង New Delhi នៅក្នុងសន្និសីទមួយអំពី«ការបង្កើនកម្លាំងកសិកម្មដើម្បីធ្វើឱ្យការផ្តល់ម្ហូបអាហារមានជីវជាតិនិងសុខភាពមានភាពល្អប្រសើរជាងមុន» ចាត់ចែងដោយវិទ្យាស្ថានអន្តរជាតិផ្នែកស្រាវជ្រាវអំពីគោលនយោបាយម្ហូបអាហារ។
លោកដេវីដ ណាបារ៉ូ (David Nabarro) ដែលជាអ្នកតំណាងពិសេសរបស់អ.ស.ប.អំពីសន្តិសុខស្បៀងនិយាយថាកំណើនតម្លៃម្ហូបអាហារយ៉ាងច្រើនកាលពីឆ្នាំ២០០៨បានផ្តោតការយកចិត្តទុកដាក់ទៅលើអ្វីដែលលោកហៅថា«ការមានខ្ចោះខាងទម្រង់នៅក្នុងប្រព័ន្ធកសិកម្មពិភពលោក»។
«ការផលិតនិងការចែកចាយម្ហូបអាហារមិនបានឆ្លុះបញ្ចាំងពិតប្រាកដអំពីអ្វីដែលមនុស្សត្រូវការដើម្បីបរិភោគទេ ហើយមាននិន្នាការឆ្លុះបញ្ចាំងច្រើនអំពីអ្វីដែលក្រុមកសិករនិងអង្គការទិញនិងលក់ម្ហូបអាហារធំៗចង់បានប្រាក់កាសទៅវិញ»។
សន្និសីទនេះអំពាវនាវដល់ពួកអ្នករៀបចំគោលនយោបាយឱ្យបញ្ចូលការផ្តល់ម្ហូបអាហារមានជីវជាតិក្នុងការធ្វើស្រែចម្ការ។ លោក Nabarro ថ្លែងថាកំណើនផលិតភាពក្នុងកសិដ្ឋានតែមួយគត់នឹងមិនដោះស្រាយបញ្ហាខ្វះខាតជីវជាតិក្នុងម្ហូបអាហារបានទេពីព្រោះពួកកសិករចង់ដាំដំណាំច្រើនជាងមុនដូចជាស្រូវសាទ្បីនិងស្រូវជាដើមជាជាងដាំដើមឈើយកផ្លែ បន្លែឬផលិតទឹកដោះគោ។
«យើងមានភស្តុតាងជាច្រើនបង្ហាញថាអ្នកចូលរួមធំមួយដល់កម្រិតខ្ពស់នៃការមានម្ហូបអាហារបរិភោគមិនគ្រប់គ្រាន់ដែលមាននៅក្នុងសង្គមអាស៊ី អាហ្វ្រ៊ិកនិងអាមេរិកទ្បាទីនបណ្តាលមកពីការបរិភោគមិនគ្រប់គ្រាន់នូវអាហារដែលធ្វើឱ្យធំធាត់ដោយមនុស្សគ្រប់ឋានៈទាំងអស់ មិនមែនតែជនក្រីក្រទេ។ហើយហេតុផលមួយក្នុងបណ្តាហេតុផលនានាគឺថាកសិកម្មបានផ្តោតការយកចិត្តទុកដាក់លើការផលិតស្បៀងអាហារជាមូលដ្ឋានដែលងាយស្រួលអភិវឌ្ឍនិងងាយទុកដាក់ ហើយមិនមែនទៅលើផលិតផលដែលមានសារធាតុច្រើនធ្វើឱ្យឆាប់ធំធាត់ដែលមានការពិបាកច្រើនក្នុងការរក្សាទុកហើយដែលឆាប់ខូចផងដែរ»។
ពួកអ្នកជំនាញការអំពាវនាវដល់ប្រទេសផ្សេងៗឱ្យពង្រីកកម្មវិធីដែលដាក់បន្ថែមវីតាមីននិងខនិជក្នុងគ្រាប់ធញ្ញជាតិដើម្បីដោះស្រាយការខ្វះខាតសារធាតុធ្វើឱ្យរាងកាយឆាប់ធំធាត់។ លោក Shenggen Fan ជាអគ្គនាយកវិទ្យាស្ថានអន្តរជាតិផ្នែកស្រាវជ្រាវអំពីគោលនយោបាយម្ហូបអាហារ។ លោកនិយាយថាគេគួរលើកទឹកចិត្តក្រុមកសិករឱ្យដាំដំណាំធញ្ញជាតិដែលមានកម្រិតខ្ពស់នៃ Micronutrients ដូចជាវីតាមីនអានិងសារធាតុដែកជាដើម។
«ការពង្រឹងបន្ថែមគុណភាពបែបជីវសាស្ត្រឬម្ហូបមានការពង្រឹងគុណភាពជាជម្រើសមួយក្នុងបណ្តាជម្រើសនានាក្នុងការកែលម្អសុខភាពមនុស្សនិងការផ្តល់ម្ហូបអាហារ។ របៀបដោះស្រាយមួយក្នុងបណ្តារបៀបដោះស្រាយបញ្ចូលរបៀបថ្មីគឺតាមរយៈការបង្កាត់ដែលលោកអ្នកអាចយកសារធាតុ micro-nutrients បញ្ចូលក្នុងដំណាំ។ដូច្នេះ លោកអ្នកមិនគ្រាន់តែដាំដំណាំម្ហូបអាហារថែមទៀត ដាំដំណាំថែមទៀតប៉ុណ្ណោះទេ ក៏ប៉ុន្តែលោកអ្នកដាំដំណាំដែលមានសារធាតុនាំឱ្យធំធាត់ថែមទៀត»។
ពួកអ្នកជំនាញការចង់ឱ្យគេផ្តល់គ្រឿងលើកទឹកចិត្តដល់ក្រុមកសិករដើម្បីដាំដំណាំម្ហូបអាហារដែលពិភពលោកត្រូវការ។ ដើម្បីធ្វើដូច្នេះគេត្រូវការការបណ្តាក់ទុនថែមទៀតដើម្បីជួយក្រុមកសិករតូចតាច៥០០លាននាក់នៅទូទាំងពិភពលោកដែលគ្មានប្រាក់កាសដើម្បីផលិតដំណាំមានគុណភាពខ្ពស់។
លោក M.S. Swaminathan ដែលជាអ្នកវិទ្យាសាស្ត្រកសិកម្មឥណ្ឌានិយាយថា ជាឧទាហរណ៍ក្រុមកសិករឥណ្ឌាដែលមានដីតូចចូលចិត្តដាំស្រូវសាទ្បីនិងស្រូវ ពីព្រោះរដ្ឋាភិបាលទិញដំណាំទាំងនេះនៅក្រោយពេលច្រូតកាត់ដែលធានារ៉ាប់រងប្រាក់ចំណូលដល់ពួកគេ។
«ចំពោះក្រុមកសិករទាំងនេះសន្តិសុខនៃប្រាក់ចំណូលមានសារៈសំខាន់ណាស់។ កសិករដែលមានដីតូចត្រូវការផលិតផលលើសដែលអាចលក់ដូរបានបើមិនដូច្នេះទេពួកគេគ្មានប្រាក់កាសទ្បើយ។ អ្វីដែលពួកគេធ្វើគឺពួកគេឃើញទីណាដែលពួកគេអាចធ្វើឱ្យប្រសើរបំផុតដល់ប្រាក់ចំណូលពីផ្ទៃដីដែលពួកគេមាន»។
ពួកអ្នកជំនាញការនិយាយថាការរក្សាទុកនិងការដឹកជញ្ជូនដំណាំឱ្យបានល្អប្រសើរជាងមុនក្រោយការច្រូតកាត់នឹងកែលម្អការផ្តល់ម្ហូបអាហារមានជីវជាតិនិងសុខភាព។ពួកអ្នកជំនាញការថ្លែងថាប្រទេសជាតិនានាត្រូវយល់ឃើញថាកសិកម្មមានលើសពីម៉ាស៊ីនផលិតម្ហូបអាហារទៅទៀតពីព្រោះវាមានទាក់ទិនជាមួយសុខុមាលភាពរបស់មនុស្សច្រើនបែបយ៉ាង៕
ប្រែសម្រួលដោយ ឈឹម សុមេធ