យ៉ាងហោចណាស់ឯកអគ្គរដ្ឋទូតនៅវ៉ាស៊ីនតោនមួយរូបជឿជាក់ថា ការលាលែងដោយបង្ខំរបស់ប្រមុខការទូតអង់គ្លេសនៅក្នុងរដ្ឋធានីស.រ.អា.នឹងជំរុញឱ្យអ្នកតំណាងប្រទេសដទៃទៀតផ្លាស់ប្តូររបៀបធ្វើទំនាក់ទំនងជាមួយរដ្ឋាភិបាលអាមេរិក។
លោក Kim Darroch បានប្រកាសលោកលាលែងពីតំណែង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា រដ្ឋបាលរបស់លោកនឹងលែងធ្វើការជាមួយលោកដោយសារតែលោក Darroch បានធ្វើអត្ថាធិប្បាយអំពីលោក Trump ក្នុងរបាយការណ៍សម្ងាត់ទៅរដ្ឋាភិបាលទីក្រុងឡុងដ៍ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយកាសែតអង់គ្លេស។
លោក Ronald Sanders ជាឯកអគ្គរដ្ឋទូតរបស់ប្រទេស Antigua និង Barbuda ដែលជាប្រទេសតូចនៅតំបន់ Caribbean ប្រចាំទីក្រុងឡុងដ៍ពីរអាណត្តិហើយបច្ចុប្បន្នតំណាងឱ្យប្រទេសរបស់លោកនៅរដ្ឋធានីវ៉ាស៊ីនតោន។ លោកជឿជាក់ថា បញ្ហានេះនឹងបង្ខំអ្នកការទូតកែប្រែរបៀបធ្វើការរបស់ពួកគេក្នុងការទាក់ទង រួមទាំងការព្យាយាមឲ្យមានការសន្ទនាទល់មុខ ការវិលត្រឡប់ទៅប្រទេសវិញនិងដាក់លេខកូដ ឬ encrypt លេខទូរស័ព្ទនៅស្ថានទូត។
លោក Sanders យល់ឃើញថា វាគួរឱ្យព្រួយបារម្ភព្រោះថា អ្វីដែលត្រូវបានសន្មត់ថា ទំនាក់ទំនងការទូតដ៏សម្ងាត់បែរជាត្រូវបានផ្សព្វផ្សាយជាសាធារណៈសម្រាប់ផលប្រយោជន៍បុគ្គលឬក្រុមណាមួយ ជាសក្តានុពល។លោកបានប្រាប់វីអូអេថា «ពិធីសារទំនាក់ទំនងការទូតរាប់សតវត្សរ៍»ត្រូវបានរំលោភបំពានដោយការប្រព្រឹត្ដបែបនេះ»៕