ខណៈដែលប្រទេសកាន់តែច្រើនឡើងចូលរួមក្នុងក្លឹបប្រទេសផលិតប្រេងរបស់ទ្វីបអាហ្រ្វិក ក្រុមអ្នកស្រាវជ្រាវមានមូលដ្ឋាននៅសហរដ្ឋអាមេរិកកំពុងព្យាយាមជួយពួកគេឲ្យគេចផុតពីអ្វីដែលក្រុមអ្នកស្រាវជ្រាវហៅថាជាបណ្តាសាប្រេង។ ការនិយាយបែបនេះសំដៅទៅរកប្រទេសដែលទទួលរងដោយសារអំពើហិង្សា ភាពក្រីក្រ អំណាចផ្តាច់ការ ការបំពុលបរិស្ថាន និងអំពើពុករលួយដែលចេះតែកើនឡើង ស្របជាមួយនឹងភោគទ្រព្យប្រេងរបស់ខ្លួន។
អត្ថបទកាលពីពេលថ្មីៗនេះសរសេរដោយមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍន៍សាកលលោក (Center for Global Development) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ត្រូវបានដាក់ចំណងជើងថា «ប្រេងសម្រាប់ប្រទេសអ៊ុយហ្គេនដា ឬប្រជាពលរដ្ឋអ៊ុយហ្គេនដា?» សម្រាប់ចំណងជើងរងការដាក់ថា «តើការផ្ទេរសាច់ប្រាក់អាចទប់ស្កាត់បណ្តាសារពីធនធានបានដែរឬទេ?» គំនិតនេះដែលគេបានស្នើឡើងនោះគឺ សម្រាប់ឲ្យរដ្ឋាភិបាល អ៊ុយហ្គេនដា (Uganda) បែងចែកប្រាក់ចំណូលដែលបានមកពីប្រេងនាពេលអនាគត តាមរយៈការផ្ទេរប្រាក់ផ្ទាល់ៗទៅឲ្យប្រជាពលរដ្ឋអ៊ុយហ្គេនដា ដែលបន្ទាប់មកទឹកប្រាក់នោះត្រូវដកហូតពន្ធ។
ក្រុមអ្នកសរសេររបាយការណ៍នេះថ្លែងថា ពួកគេជឿថា ប្រការនេះនឹងធ្វើឲ្យការចំណាយរបស់រដ្ឋាភិបាលកាន់តែមានការទទួលខុសត្រូវជាងមុន និងមិនសូវទទួលរងនូវអំពើពុករលួយ និងមិនធ្វើឲ្យអភិបាលកិច្ចកាន់តែធ្លាក់ចុះនោះឡើយ។ ពួកគេក៏ស្នើឲ្យបញ្ជូនប្រាក់ចំណូលបានមកពីប្រេងទៅឲ្យមូលនិធិអប់រំរបស់យុវជន អ៊ុយហ្គេនដា ផងដែរ។
អ្នកសរសេររបាយការណ៍ម្នាក់គឺលោក អាឡិន ហ្គេល្ប (Alan Gelb) ជាអតីតមន្ត្រីធនាគារពិភពលោក។
«ខ្ញុំគិតថា ជាបឋម អត្ថបទនេះមានសក្តានុពលក្នុងការបង្កឲ្យមានការពិភាក្សានៅក្នុងប្រទេស អ៊ុយហ្គេនដា ស្តីពីបញ្ហានៃការទទួលខុសត្រូវ។ តើប្រទេស អ៊ុយហ្គេនដា ឬពលរដ្ឋ អ៊ុយហ្គេនដា គួរធ្វើយ៉ាងដូចម្តេច តើពួកគេគួររំពឹងអ្វីខ្លះពីរដ្ឋាភិបាល នៅពេលដែលរដ្ឋាភិបាលចាប់ផ្តើមប្រើប្រាស់ប្រាក់នេះ។ ទោះជាយ៉ាងណាក៏ដោយ នៅតាមបណ្តាប្រទេសភាគច្រើន ប្រាក់ចំណូលបានមកពីប្រេង គឺជាទ្រព្យសម្បតិ្តរបស់ប្រទេស ឬពលរដ្ឋរបស់ប្រទេសនោះ ហើយរដ្ឋាភិបាលកំពុងប្រើប្រាស់ទ្រព្យសម្បត្តិនេះជំនួសឲ្យពលរដ្ឋរបស់ខ្លួន»។
កន្លងមក ក្រុមមន្ត្រីរដ្ឋាភិបាល អ៊ុយហ្គេនដា ចង្អុលតាមទិសដៅមួយទៀត ដោយបានចំណាយប្រាក់ចំណូលបានមកពីប្រេងទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាវិស័យដែលលោក ហ្គែល្ប និយាយថា ជាពិសេសងាយទទួលរងដោយអំពើពុករលួយ ព្រមទាំងការចាក់គ្រឹះនិងការឧបត្ថមខាងនយោបាយ។
ទោះបីជាជម្រើសណាមួយក៏ដោយដែលត្រូវគេសម្រេចយកនៅទីបំផុត លោក ហ្គែល្ប កំពុងអំពាវនាវដល់ក្រុមអ្នកកាសែត សកម្មជនសង្គមស៊ីវិល និងក្រុមអ្នកតាក់តែងច្បាប់ អ៊ុយហ្គេនដា ឲ្យបង្កើនការយល់ដឹងរបស់ពួកគេទៅលើកិច្ចការជំនួញទាក់ទងនឹងប្រេង ដើម្បីឲ្យពួកគេអាចតាមដានសាច់ប្រាក់ទាំងនោះ និងដាក់សម្ពាធតាមរយៈការយល់ដឹង។
«ចូរ! ស្វែងរកចំណុចសំខាន់ៗដែលអ្នកគ្រប់គ្នាអាចចោទសួរ ទាមទារ និងរំពឹងទុកអំពីតម្លាភាព និងព័ត៌មានបើកចំហរ។ ចំណុចទីមួយគឺ វិក័យប័ត្របូករួមដែលបានមកពីវិស័យប្រេង។ ទីពីរ មនុស្សគ្រប់រូបនឹងចង់បានរូបភាពដ៏ច្បាស់លាស់មួយអំពីមធ្យោបាយដែលវិក័យប័ត្រទាំងនេះត្រូវយកទៅប្រើ ហើយបានលទ្ធផលអ្វីខ្លះ ថាតើកិច្ចសន្យាត្រូវបានផ្តល់ជូនយ៉ាងដូចម្តេច ព្រមទាំងកិច្ចការដទៃទៀត»។
ឥឡូវនេះ រដ្ឋាភិបាល អ៊ុយហ្គេនដា កំពុងនិយាយថា ប្រទេសនេះអាចមានអណ្តូងប្រេងទំហំដល់ទៅ ៦ពាន់លានធុង ដោយផលិតកម្មត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំក្រោយចេញពីអាងទឹកបឹង អាល់ប៊ឺត (Lake Albert Basin)។
កាលពីពេលថ្មីៗនេះ លោក អ៊ៀន ហ្គែរី (Ian Gary) អ្នកស្រាវជ្រាវម្នាក់ទៀតមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានធ្វើដំណើរទៅកាន់ប្រទេស អ៊ុយហ្គេនដា ដើម្បីចែករំលែកមេរៀនដែលបានរៀនពីប្រទេសផលិតប្រេងថ្មីមួយ គឺប្រទេស ហ្គាណា ដែលលោកបានកំពុងសិក្សាយ៉ាងដិតដល់ដើម្បីធ្វើជាផ្នែកមួយនៃការងាររបស់លោកជាមួយក្រុម អុកហ្វាមអាមេរិកា (Oxfam America)។
លោក ហ្គែរី បានគាំទ្រដល់ដំណើរការផ្តល់អាជ្ញាប័ណ្ណរុករកប្រេងដោយចំហរ។ ក្រុមហ៊ុនត្រូវបង់ប្រាក់សម្រាប់អាជ្ញាប័ណ្ណ មុនពេលក្រុមហ៊ុនទាំងនោះអាចត្រូវបានអនុញ្ញាតឲ្យចាប់ផ្តើមរុករកប្រេង។ «មានបញ្ហាជាច្រើន ដែលបានលេចឡើងនៅប្រទេស ហ្គាណា ស្តីពីបញ្ហាថាតើអ្នកនយោបាយអាចនៅពីក្រោយក្រុមហ៊ុនតូចៗ និងក្រុមហ៊ុនដែលមិនសូវមានគេស្គាល់ ដែលមានឈ្មោះនៅលើអាជ្ញាប័ណ្ណប្រេងទាំងនេះខ្លះឬទេ។
ការខកចិត្តមួយទៀតសម្រាប់លោក ហ្គែរី បានកើតឡើង នៅពេលដែលកាលពីពេលថ្មីៗនេះ ហ្គាណា បានបែងចែកប្រាក់ចំនួន ៣០០លានដុល្លារពីប្រាក់ចំណូលលើសផែនការដែលបានមកពីការផលិតប្រេងទៅក្នុងថវិកាបច្ចុប្បន្ន ជាជាងផ្តល់ប្រាក់ទាំងនោះទៅក្នុងគណនេយ្យសន្សំប្រាក់ និងមូលនិធិសិ្ថរភាព ដែលទើបបង្កើតថ្មី។ មូលនិធិនេះធ្វើឡើងសម្រាប់ផ្តល់ហិរញ្ញវត្ថុដល់គម្រោងអភិវឌ្ឍន៍ ព្រមទាំងការពារជនជាតិ ហ្គាណា មិនឲ្យទទួលរងនូវភាពអស្ថិរភាពនៃតម្លៃប្រេង។
«អ្វីដែលយើងកំពុងមើលឃើញនាពេលឥឡូវនេះគឺភាពគ្មានវិន័យបន្តិចពីសំណាក់រដ្ឋាភិបាល និងការងាកចេញពីផ្លូវច្បាប់ចាប់ពីដំបូង ដូច្នេះនោះជាការព្រួយបារម្ភពីខាងភាគីយើង ដែលចាប់ពីដើមឡើង រដ្ឋាភិបាលកំពុងងាកចេញពីលក្ខខណ្ឌផ្លូវច្បាប់។ ជាការពិតណាស់ដែលថា ថវិកាត្រូវបានរៀបចំហើយ មុនពេលដែលច្បាប់ស្តីពីការគ្រប់គ្រងប្រាក់ចំណូលត្រូវបានដាក់ឲ្យអនុវត្ត ប៉ុន្តែវាជាការព្រួយបារម្ភដែលនៅក្នុងសម័យអន្តរកាល រដ្ឋាភិបាលមិនគោរពតាមពាក្យពេចន៍ដែលមានចែងនៅក្នុងច្បាប់»។
ប្រទេស ហ្គាណា បានចាប់ផ្តើមនាំប្រេងចេញនៅក្នុងឆ្នាំនេះ ដែលមិនដល់បួនឆ្នាំផងក្រោយពីការរកឃើញអណ្តូងប្រេងដ៏ធំមួយនៅក្នុងសមុទ្រ។ លោក ហ្គែរី បានថ្លែងថា ក្របខ័ណ្ឌផ្លូវច្បាប់និងការត្រួតពិនិត្យ មិនមានលទ្ធភាពអាចតាមទាន់បញ្ហាថ្មីៗ ដែល ហ្គាណា ប្រឈមមុខនោះទេ ដោយរាប់បញ្ចូលទាំងការបង្កើតឲ្យមានការការពារបរិស្ថានដ៏ប្រសើរជាងមុនផង។
ដោយមានប្រទេសជិតខាងដូចជា គោឌីវ័រ (Ivory Coast) លីប៊ីរីយ៉ា (Liberia) និង ស៊ីរ៉ាឡេអូន (Sierra Leone) ត្រៀមបង្កើនការរុករកប្រេងនៅក្នុងដែនទឹករបស់ខ្លួនដែរ លោក ហ្គែរី មានប្រសាសន៍ថា គ្មានការខ្វះខាតមេរៀនដើម្បីយល់ដឹងអំពីការអនុវត្តដ៏ប្រសើរបំផុតក្នុងការជៀសវាងពីអ្វីដែលហៅថាជា បណ្តាសាប្រេងនោះឡើយ៕
ប្រែសម្រួលដោយ លី សុខឃាង