សហភាពអាហ្វ្រិក (African Union) បានតែងតាំងប្រមុខរដ្ឋប្រាំរូប ដើម្បីឲ្យធ្វើការឆ្ពោះទៅរកការដោះស្រាយវិបត្តិនយោបាយរបស់ប្រទេសកូតឌីវ័រ (Cote d’Ivoire)។សហភាពអាហ្វ្រិករំពឹងថា ក្រុមប្រឹក្សានេះនឹងបញ្ចប់កិច្ចការរបស់ខ្លួនក្នុងរយៈពេលមួយខែ។
មេដឹកនាំនៃប្រទេស ប៊ួរគីណា ហ្វាស់សូ (Burkina Faso) ឆាត (Chad) មោរីតានី (Mauritania) អាហ្វ្រិកខាងត្បូង និង តង់ហ្សានី (Tanzania) នឹងធ្វើការជាមួយប្រធានសហភាពអាហ្វ្រិកបច្ចុប្បន្ន និងមេដឹកនាំសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិចហៅ ECOWAS។
ក្រុមប្រឹក្សារំពឹងថា នឹងធ្វើសេចក្តីសម្រេចចិត្តមួយដែលតម្រូវឲ្យគេធ្វើតាម ដើម្បីដោះស្រាយវិបត្តិនយោបាយរវាងប្រធានាធិបតីក្នុងតំណែង លោក ឡូរ៉ង់ត៍ បាក់បូ (Laurent Gbagbo) និង អ្នកឈ្នះការបោះឆ្នោតខែ វិច្ឆិកា ដែលអង្គការសហប្រជាជាតិទទួលស្គាល់ លោកអតីតនាយករដ្ឋមន្រ្តី អាឡាសាន វ៉ាតារ៉ា (Alassane Ouattara)។
លោក មោហាម៊ែដ អ៊ូលដ៍ អាប់ឌែល អាហ្ស៊ិស (Mohamed Ould Abdel Aziz) ប្រធានាធិបតីប្រទេសមោរីតានី ជាប្រធានក្រុមប្រឹក្សាសន្តិសុខ និងសន្តិភាពរបស់សហភាពអាហ្វ្រិក។
លោកប្រធានាធិបតី អាហ្ស៊ិស ថ្លែងថា មធ្យោបាយតែមួយដើម្បីស្រែងរកដំណោះស្រាយអាហ្វ្រិកសម្រាប់បញ្ហាអាហ្វ្រិក គឺតាមរយៈគតិបណ្ឌិត វប្បធម៌ និងតម្លៃអាហ្វ្រិក។ លោកថ្លែងថា ក្រុមប្រឹក្សាសហភាពអាហ្វ្រិកនឹងដោះស្រាយវិបត្តិនេះតាមមធ្យោបាយមួយដែលអាចរក្សាលទ្ធិប្រជាធិបតេយ្យ និងសន្តិភាពបាន។ លោកប្រធានាធិតីថ្លែងថា កិច្ចការរបស់ក្រុមនេះនឹងធ្វើហើយ ក្នុងពេលតិចជាងមួយខែ ហើយសេចក្តីសម្រេចរបស់ក្រុមនេះនឹងតម្រូវឲ្យជនជាតិកូតឌីវ័រទាំងអស់ធ្វើតាម។
ថ្ងៃកំណត់ និងសេចក្តីសន្និដ្ឋានជាមុន របស់ក្រុមប្រឹក្សាថា សេចក្តីសម្រេចរបស់ខ្លួននឹងមានគេធ្វើតាមនៅក្នុងប្រទេសកូតឌីវ័រ ប្រហែលជាមានការលំបាកនឹងយកទៅអនុវត្ត បើយើងពិនិត្យមើលទៅបរាជ័យនៃការសម្របសម្រួលកាលពីមុនៗ និងការបែកបាក់គ្នារវាងមេដឹកនាំអាហ្វ្រិកខ្លួនឯង អំពីមធ្យោបាយដ៏ល្អបំផុតសម្រាប់ដោះស្រាយបញ្ហានេះ។
ប្រធានាធិបតីប្រទេស នីហ្សេរីយ៉ា លោក ហ្គុដឡិក ហ្សណាទិន (Goodluck Jonathan) ជាសមាជិកក្រុមប្រឹក្សា ក្នុងឋានៈជាប្រធាន ECOWAS។ លោកគំរាមចង់ប្រើសកម្មភាពយោធាដើម្បីដកលោក បាក់បូ ពីព្រោះ ECOWAS ឲ្យដឹងថា លោក វ៉ាតារ៉ា ជាប្រធានាធិបតីជាប់ឆ្នោតត្រឹមត្រូវរបស់ប្រទេស។
ប្រធានាធិតីប្រទេសអាហ្វ្រិកខាងត្បូង លោក ចេកុប ហ្ស៊ូម៉ា (Jacob Zuma) ជាសមាជិកក្រុមប្រឹក្សាដែរ។ លោកថ្លែងថា អ្នកសម្របសម្រួលសហភាពអាហ្វ្រិកត្រូវយកសេចក្តីព្រួយបារម្ភរបស់លោក បាក់បូ អំពីយុត្តិធម៌នៃការបោះឆ្នោតទៅពិចារណាដែរ។ ជ័យជនះរបស់លោក បាក់បូ នៅក្នុងការជាប់ឆ្នោតជាថ្មី គឺពឹងផ្អែកទៅលើក្រុមប្រឹក្សារដ្ឋធម្មនុញ្ញដែលបានលប់ចោលសន្លឹកឆ្នោតជិត ១០ភាគរយ នៃឆ្នោតទាំងអស់ដែលក្រុមប្រឹក្សាចាត់ទុកជាឆ្នោតក្លែងក្លាយ។ ប្រធានគណកម្មការសហភាពអាហ្វ្រិក លោក ហ្សង់ ពិង (Jean Ping) ថ្លែងថា សហភាពសម្រេចតែងតាំងក្រុមប្រឹក្សា ដោយមកពីមេដឹកនាំមានការមិនចុះសម្រុងគ្នាអំពីការប្រើកម្លាំងទ័ព។ លោកបន្តថា៖
«លោកអ្នកដឹងពីស្ថានការណ៍នៅកូតឌីវ័រទេ បើលោកអ្នកប្រើកម្លាំងទ័ពពេលនេះ គឺនឹងមានភាពវឹកវរ និងការសម្លាប់គ្នា។ ដូច្នេះ យើងនឹងប្រើមធ្យោបាយគ្រប់យ៉ាងដើម្បីឲ្យបានសម្រេចលទ្ធផលដូចគ្នា គឺរក្សាលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំជឿជាក់ថា យើងនឹងបានសម្រេចជោគជ័យលើសពីការប្រើកម្លាំងទ័ព»។
អគ្គលេខាធិការអសប លោក បាន់ គី-មូន ថ្លែងថា លោកជំទាស់ខ្លាំងនឹងកិច្ចប្រឹងប្រែងណាមួយដើម្បីពិនិត្យមើលលទ្ធផលនៃការបោះឆ្នោតឡើងវិញ ពីព្រោះលទ្ធផលទាំងនេះបានទទួលសេចក្តីបញ្ជាក់ពីគណកម្មការរៀបចំការបោះឆ្នោតរួចទៅហើយ ហើយបានទទួលសុពលភាពពីអង្គការសហប្រជាជាតិ ដែលជាផ្នែកមួយនៃផែនការសន្តិភាពសម្រាប់កូតឌីវ័រ។ នៅឯសន្និសីទកំពូលរបស់សហភាពអាហ្វ្រិក នៅក្នុងប្រទេស អេត្យូពី (Ethiopia) លោក បាន់ គី-មូន បានអំពាវនាវជាថ្មីទៀតឲ្យលោក បាក់បូ លះបង់អំណាច។ លោកថ្លែងថា៖
«ភាពទាល់ច្រកបច្ចុប្បន្ននេះមិនអាចទទួលយកបានទេ បើនៅមានកាន់តែយូរទៅ នឹងមានគ្រោះថ្នាក់កាន់តែខ្លាំងឡើង។ ខ្ញុំស្វាគមន៍សេចក្តីសម្រេចរបស់សហភាពអាហ្វ្រិកដើម្បីដោះស្រាយបញ្ហានេះ ក្នុងរយៈពេលមួយខែតាមរយៈកិច្ចការរបស់ក្រុមប្រឹក្សាជាន់ខ្ពស់មួយ។ អង្គការសហប្រជាជាតិត្រៀមខ្លួនជាស្រេចដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សានេះ»។
ប្រធានសាខានយោបាយយុវជនរបស់លោក បាក់បូ និយាយថា អង្គការសហប្រជាជាតិ ប្រើឥទ្ធពលមិនត្រឹមត្រូវជាមួយមេដឹកនាំសហភាពអាហ្វ្រិកដើម្បីឲ្យច្រានចោលការរាប់សន្លឹកឆ្នោតឡើងវិញ។ នៅក្នុងសេចក្តីថ្លែងជាលាយលក្ខណ៍អក្សរមួយ លោក ឆាលស៍ ប្លឺ ហ្គូដ៍ (Charles Ble Goude) និយាយថា លោក បាន់ គី-មូន មានគោលបំណងតែមួយ គឺធ្វើឲ្យលោក វ៉ាតារ៉ា បានឡើងជាប្រធានាធិបតីនៃកូតឌីវ័រ។
រដ្ឋាភិបាល បាក់បូ និយាយថា អ្នកសម្របសម្រួលសហភាពអាហ្វ្រិក លោកនាយករដ្ឋមន្រ្តីរ៉ៃឡា អូឌិងហ្កា (Raila Odinga) នៃប្រទេស កេនយ៉ា (Kenya) លែងបានទទួលស្វាគមន៍ពីប្រទេសកូតឌីវ័រទៀតហើយ ពីព្រោះរដ្ឋាភិបាល បាក់បូ និយាយថា លោកក៏មានការលម្អៀងច្រើនទៅខាងលោក វ៉ាតារ៉ា ដែរ។ លោក អូឌិងហ្កា ថ្លែងថា ដំណោះស្រាយមួយតាមរយៈកិច្ចចរចាគ្នា មិនគួរបញ្ចូលកិច្ចព្រមព្រៀងចែកអំណាចគ្នាមួយទេ ពីព្រោះវានឹងធ្វើឲ្យខូចដល់សេចក្តីទុកចិត្តទៅលើលទ្ធិប្រជាធិបតេយ្យរបស់ប្រទេស កូតឌីវ័រ។ លោកអូឌិងហ្កា មានប្រសាសន៍ថា៖
«ទ្វីបអាហ្វ្រិកនឹងមិនអាចមានមូលដ្ឋាននយោបាយដ៏នឹងនរមួយបានទេ លុះត្រាតែយើងធ្វើឲ្យវប្បធម៌ប្រជាធិបតេយ្យនៃការសុខចិត្តលះបង់អំណាច ក្រោយពីបរាជ័យនៅក្នុងការបោះឆ្នោតមួយ ដែលមានការប្រកួតប្រជែងស្វិតស្វាញ ក្លាយជាទម្លាប់ក្នុងស្រុក។ បើសិនជាគេមិនរាប់សន្លឹកឆ្នោតរបស់អ្នកណាម្នាក់នៅក្នុងការជ្រើសរើសមេដឹកនាំនៃប្រទេសរបស់ខ្លួនទេ នោះការបោះឆ្នោតនឹងក្លាយជាឥតបានការ លទ្ធិប្រជាធិបតេយ្យនឹងបាត់បង់ពន្លឺ ហើយអនាគតនឹងពោរពេញទៅដោយភាពវឹកវរ និងអស្ថេរភាពពាសពេញប្រទេស»។
ប្រធានគណកម្មការ ECOWAS ថ្លែងថា ក្រុមប្រឹក្សាសហភាពអាហ្វ្រិក គឺមានគោលបំណងស្វែងរកមធ្យោបាយដោយសន្តវិធីមួយ ដើម្បីដកលោក បាក់បូ ចេញពីអំណាច ហើយមិនមានគោលបំណងដើម្បីដាក់លោកឲ្យទៅជាប្រធានាធិបតីស្របច្បាប់ទេ។ មេដឹកនាំ ECOWAS និយាយថា ចំណុចទីពីរគឺមិនមែនជាបញ្ហាដែលយើងចាំបាច់និយាយទេ៕
ប្រែសម្រួលដោយ កែរ យ៉ាន