ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សេដ្ឋវិទូ​អាហ្វ្រិក​ជំរុញ​ឱ្យ​កាត់​ផ្តាច់ទំនាក់​ទំនង​​រូបិយប័ណ្ណ​​សម័យ​អាណានិគម​ជាមួយ​អឺរ៉ុប


 មតិ​មួយ​គឺចង់​​​​បំបែករូបិយប័ណ្ណ​ ហ្វ្រង់ស៊ីអេហ្វអេ (CFA franc) ដែល​រូបិយប័ណ្ណ​នេះ​​ត្រូវ​បាន​ប្រើប្រាស់នៅក្នុង​ប្រទេស​ចំនួន​១៤​របស់​​ទ្វីប​អាហ្វ្រិក ចេញ​ពី​រូបិយប័ណ្ណ​អឺរ៉ូ។
មតិ​មួយ​គឺចង់​​​​បំបែករូបិយប័ណ្ណ​ ហ្វ្រង់ស៊ីអេហ្វអេ (CFA franc) ដែល​រូបិយប័ណ្ណ​នេះ​​ត្រូវ​បាន​ប្រើប្រាស់នៅក្នុង​ប្រទេស​ចំនួន​១៤​របស់​​ទ្វីប​អាហ្វ្រិក ចេញ​ពី​រូបិយប័ណ្ណ​អឺរ៉ូ។

ខណៈពេល​ដែល​សេដ្ឋកិច្ចអឺរ៉ុប​មានភាព​ទន់​ខ្សោយ ​បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយបារម្ភនៅជុំ​វិញ​ពិភពលោក ​សេដ្ឋវិទូ​នៅទ្វីបអាហ្វ្រិក​កំពុងតែ​ជំរុញ​ឱ្យកាត់ផ្តាច់ទំនាក់​ទំនង​ដែល​ចង​ភ្ជាប់​ទ្វីប​នេះ​ជាមួយ​អតីត​ប្រទេស​មហាអំណាចអាណានិគម។ មតិ​មួយ​គឺចង់បំបែករូបិយប័ណ្ណ​ ហ្វ្រង់ស៊ីអេហ្វអេ (CFA franc) ដែល​រូបិយប័ណ្ណ​នេះត្រូវ​បាន​ប្រើប្រាស់នៅក្នុង​ប្រទេស​ចំនួន​១៤​របស់ទ្វីប​អាហ្វ្រិក ចេញ​ពី​រូបិយប័ណ្ណ​អឺរ៉ូ។

វាគ្មិនម្នាក់​នៅ​ឯ​វេទិកា​ស្តីពី​ភាពលូតលាស់​នៅទូទាំងទ្វីប​អាហ្វ្រិក​ (Revival of Pan-Africanism Forum) គឺ​សេដ្ឋវិទូ សាឡូម៉ុន សាមេន (Salomon Samen) ដែល​ផ្តល់​ប្រឹក្សា​ដល់​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន ស្តី​ពី​គោល​នយោបាយ​សេដ្ឋកិច្ច។

លោក សាមេន បាន​ពណ៌នា​រូបិយប័ណ្ណហ្វ្រង់ស៊ីអេហ្វអេ ក្រោយ​សង្គ្រាម​លោក​លើក​ទី​ពីរ​ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​នៅទ្វីបអាហ្វ្រិក​ខាងលិច​និង​កណ្តាល ថា​ជា​ទងសុក​ដែល​ត្រូវ​តែ​កាត់​ផ្តាច់​ចេញ។ លោក មានប្រ​សាសន៍ថា ការ​ចាប់​ផ្តើម​ដ៏​ល្អ​ ​អាច​ជួយបន្ធូរ​បន្ថយ​ទំនាក់ទំនង​ឥតប្រែប្រួលរវាង​រូបិយប័ណ្ណ​អឺរ៉ូ​និង​ ហ្វ្រង់ស៊ីអេហ្វអេ។

«អត្រា​ប្តូរ​ប្រាក់​ថេររវាង​រូបិយប័ណ្ណ​ស៊ីអេហ្វអេ និង​អឺរ៉ូ លែង​មាន​ភាពសម​ហេតុ​ផល​ត​ទៅ​ទៀតហើយ​ ពីព្រោះ​វិស័យ​ពាណិជ្ជកម្ម​រវាង​អាហ្វ្រិក​និង​អឺរ៉ុប​បាន​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំងកាល​ពីប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ដោយតួនាទី​កាន់តែធំធេង​ជាងមុន​ ត្រូវ​បាន​ជំនួស​ដោយ​បណ្តា​ប្រទេស​អាស៊ី​និង​ចិន(China) ហើយពាណិជ្ជកម្ម​ជា​ច្រើន​ត្រូវ​បានធ្វើ​ឡើង​ជាមួយ​សហរដ្ឋអាមេរិក​ផង​ដែរ។ ដូច្នេះ​ វា​មិន​អាច​ទទួល​យក​បាន​ទេ ដែល​មាន​ត្រឹមតែ​អត្រា​ប្តូរ​ប្រាក់​ថេរដ៏​សាមញ្ញ​មួយ រវាង​ប្រាក់ហ្រ្វង់​ស៊ីអេហ្វអេ​ និង​ប្រាក់​អឺរ៉ូ។ អត្រា​នេះ​ត្រូវតែ​ត្រួតពិនិត្យ​ឡើង​វិញ។»

សេដ្ឋវិទូ​អាហ្វ្រិក​ម្នាក់​ទៀតឈ្មោះ​ លោក ណាស់ ផូគូ (Nash Kpokou) ដែល​ជាជន​ជាតិកូតឌីវ័រ (Ivory Coast) ចង់​ឱ្យ​ប្រទេស​ចាយ​ប្រាក់ ហ្រ្វង់ស៊ីអេហ្វអេ​ មាន​រូបិយប័ណ្ណខ្លួនឯង ដូច្នេះ​ហើយ​សេដ្ឋកិច្ច​អាហ្វ្រិក​អាច​បង្កើន​ភាព​ប្រកួត​ប្រជែង​របស់​ពួកគេ ហើយ​មិន​ទទួល​រង​ឥទ្ធិពល​ខ្លាំង​ពេក​ពីសំណាក់ជំហរ​មិន​ច្បាស់​លាស់​របស់​ប្រាក់​អឺរ៉ូ។

«ប្រសិន​បើ​យើង​មាន​រូបិយប័ណ្ណ​ផ្ទាល់​ខ្លួន វា​ពិត​ជា​នឹង​ជួយ​សេដ្ឋកិច្ច​របស់​យើង​ក្នុង​ការ​ដោះស្រាយជា​មួយ​ប្រទេស​ភាគ​ច្រើនបំផុត​ ហើយ​ពួកគេ​អាច​លក់​ទំនិញទៅ​កាន់​ពិភពលោក​ទាំងមូល។»

លោក ផូគូ ​បាន​ពណ៌នា​ប្រព័ន្ធ​នា​ពេល​បច្ចុប្បន្ន​នេះ​ ថា​ជា«ទេសចរណ៍​ធនាគារ»ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេស​បារាំង​និងអ្នក​ដឹកនាំ​ដែលគាំទ្រ​ដោយ​បារាំង ដែល​មិនមែនគាំទ្រ​ដោយ​ប្រជាពលរដ្ឋ​អាហ្វ្រិក​ទេ សូម្បី​តែ​នៅ​ពេល​ដែលប្រទេស​របស់​ពួកគេ​បង្ហាញ​អំពី​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ក៏​ដោយ។

«នៅ​ពេល​យើង​និយាយ​អំពីកំណើនសេដ្ឋកិច្ច វា​គួរតែ​រាប់​បញ្ចូលទាំងអស់តែម្តង។ ពួកគេ​ភ្លេច​ថា កំណើន​បែបនោះ​ ​គួរតែ​គិត​ពិចារណាលើការ​កាត់​បន្ថយ​ភាព​ក្រីក្រ​។ ដូច្នេះ​នៅ​ពេល​ដែលកំណើនសេដ្ឋកិច្ចមិន​ពិចារណា​ទៅលើប្រជាពលរដ្ឋ​ នោះ​មាន​ន័យ​ថា​គ្មាន​កំណើន​នោះឡើយ។»

លោក ផូគូ ក៏​កត់​សម្គាល់ដែរ​ថា ​ប្រព័ន្ធ​នា​ពេល​បច្ចុប្បន្ន​នេះ ទាមទារឱ្យ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ទាំងឡាយ រក្សា​ទុក​ប្រាក់​បម្រុង​បរទេស​ភាគ​ច្រើន​របស់​ពួកគេ​នៅ​ក្នុង​គណនេយ្យ ដែល​មាន​នៅ​ក្នុងរតនាគារ​បារាំង។ អ្នក​ចូលរួម​ផ្សេង​ទៀត​នៅ​ឯ​វេទិកា​នេះ បាន​និយាយ​ថា ជាជាងពឹង​ផ្អែក​លើ​ប្រព័ន្ធ​នេះ​ដើម្បី​ធានាឲ្យ​ប្រាកដចំពោះក្រុមវិនិយោគិន​ដែលមាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះការ​ធ្វើ​ជំនួញ​នៅ​ក្នុង​តំបន់​ដែល​ជំពាក់​បំណុលច្រើន​ បណ្តា​ប្រទេស​អាហ្វ្រិក​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ខាង​វិស័យ​ជំនួញ​របស់​ពួកគេ និង​បរិយាកាស​វិនិយោគ ព្រម​ទាំងបង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរ​ទ្វីបទៀត​ផង៕

ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា

XS
SM
MD
LG