ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់​មតិ​បង្ហាញ​ជន​ជាតិ​​អាមេរិកាំង​​ធុញទ្រាន់​នឹង​​សង្គ្រាម​អាហ្វហ្កានីស្ថាន​


កងទ័ពអាមេរិកនៅពេលវាយប្រហារជាមួយក្រុមឧទ្ទាមក្នុងខេត្តហេលម៉ានដ៍ (Helmand) ភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថានកាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១០។
កងទ័ពអាមេរិកនៅពេលវាយប្រហារជាមួយក្រុមឧទ្ទាមក្នុងខេត្តហេលម៉ានដ៍ (Helmand) ភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថានកាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១០។

នៅ​ចុង​ឆ្នាំ​នេះ​ ការ​ចាប់​ផ្តើម​ដក​កង​កម្លាំង​សហរដ្ឋ​អាមេរិក នៅ​ប្រទេស​អាហ្វ​ហ្កានី​ស្ថាន​ ធ្វើឡើង​បន្ទាប់​ពី​មាន​ការ​ធ្លាក់​ចុះ​ជា​ប្រចាំ​ចំពោះ​ការ​គាំទ្រជា​សាធារណៈ​របស់​ជន​ជាតិ​អាមេរិកាំងទៅ​លើ​សង្គ្រាម​មួយ​ ដែល​បាន​បន្ត​អស់​រយៈ​ពេល​ជិត​១០​ឆ្នាំមក​ហើយ។​ ការ​ស្ទង់មតិ​សាធារណៈ​បង្ហាញ​ថា​ សង្គ្រាមនៅ​អាហ្វហ្កានីស្ថាន​ មាន​តួនាទី​នៅ​ក្នុង​នៅ​ក្នុងការ​ពិភាក្សា​គ្នា​ក្នុង​ស្រុក។

នៅ​ពេល​ដែល​លោក​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០០៨​ បេក្ខជន​ បារ៉ាក់​ អូបាម៉ា​ បាន​សន្យា​ថា​នឹង​ដក​កង​កម្លាំង​សហរដ្ឋ​អាមេរិក​ពីសង្គ្រាម​មួយ​ដែល​លោក​បាន​ប្រឆាំង​នៅ​ប្រទេស​អ៊ីរ៉ាក់​ ព្រម​ទាំង​ពង្រឹង​កិច្ច​ប្រឹង​ប្រែង​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ពួក​តាលីបាន​ និង​ក្រុម​អាល់កៃដា​នៅ​អាហ្វហ្កានីស្ថាន។

នៅ​ចុង​ឆ្នាំ​២០០៩​ លោក​ប្រធានាធិបតី​បាន​ប្រកាស​ថា ​លោក​នឹង​បញ្ជូន​កង​ទ័ព​បន្ថែម​ចំនួន​៣​ម៉ឺន​នាក់​ ទៅ​អាហ្វហ្កានីស្ថាន​ ដែល​ជា​វិធាន​ការ​មួយ​មិនសូវ​មាន​ប្រជាប្រិយភាព​ទេ​ សម្រាប់​សមាជិក​ខ្លះ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ផ្ទាល់​របស់​លោក។

កាល​ពី​ពីរ​ឆ្នាំ​កន្លង​ទៅ​ ការ​គាំទ្រ​ក្នុង​ប្រទេសទៅ​លើ​សង្គ្រាម​នៅ​អាហ្វហ្កានីស្ថានបាន​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង។​ ការ​ស្ទង់​មតិ​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​រក​ឃើញ​ថា​ ៦៤​ភាគ​រយ​នៃ​អ្នក​ដែលត្រូវ​បាន​ធ្វើ​ការ​ស្ទាប​ស្ទង់​មតិជឿ​ថា​ សង្គ្រាម​នៅ​អាហ្វហ្កានីស្ថានលែង​មាន​តម្លៃ​ក្នុង​ការ​ប្រយុទ្ធទៀត​ហើយ។​ នៅ​ចុង​ឆ្នាំ​២០០៩​ តួ​លេខ​នេះមាន​តែ​៤៤​ភាគ​រយ​ប៉ុណ្ណោះ។

លោក​ ដេនីស​ គូជិននីក​ (Dennis​ Kucinich)​ សមាជិក​រដ្ឋសភា​នៃ​រដ្ឋ​អូហៃយ៉ូ​ (Ohio)​ របស់​គណបក្ស​ប្រជាធិបតេយ្យ​ គឺ​ជា​អ្នក​ជំទាស់​ជា​យូរ​មក​ហើយ​ទល់​និង​សង្គ្រាម​នៅ​អ៊ីរ៉ាក់​ និងអាហ្វហ្កានីស្ថាន និង​ទល់​និងការ​ជាប់​ពាក់​ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​បេសកកម្ម​របស់អង្គការ​ណាតូ​(អូតង់)​នៅ​ប្រទេស​លីប៊ី។

«បញ្ហា​កំពុង​មាន​ស្មុគ​ស្មាញ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ ខណៈ​ដែលយើង​កំពុង​ស្វែង​រក​សត្វ​នាគ​មួយ​ដើម្បី​សម្លាប់​នៅ​ក្នុង​ពិភពលោកទៅ​វិញ»។

កាល​ពីប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ភាព​ធុញ​ទ្រាន់​ទៅ​លើ​សង្គ្រាម​នៅ​អាហ្វហ្កានីស្ថានក៏​បាន​លេច​ឡើង​ក្នុង​ការ​ពិភាក្សា​ក្នុង​ចំណោម​អ្នក​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតីរបស់គណបក្ស​សាធារណ​រដ្ឋ​ក្នុង​ឆ្នាំ​២០១២​ ដោយ​រាប់​បញ្ចូល​ទាំង​គូ​ប្រកួតម្នាក់​ គឺលោក​មីត​ រ៉ុមនី​ (Mitt​ Romney)​ ដែលជា​អតីតអភិបាល​រដ្ឋ​ម៉ាសាជូសេត​ (Massachusetts)​ ផង​ដែរ។

«ប៉ុន្តែ​ខ្ញុំ​ក៏​គិត​ដែ​រ​ថា​យើង​បាន​រៀន​មេ​រៀន​រួច​ហើយ​ថា​ កងទ័ព​របស់​យើង​មិន​គួរចេញ​ទៅ​ព្យាយាម​ធ្វើ​សង្គ្រាមដើម្បី​ឯករាជ្យភាព​របស់​ប្រទេស​មួយ​ផ្សេង​ទៀត​នោះ​ទេ។​ មាន​តែ​ជន​ជាតិ​អាហ្វហ្កានីស្ថាន​តែ​មួយ​គត់​ ដែល​អាច​ទទួល​បាន​ឯករាជ្យ​ភាព​សម្រាប់​ប្រទេសអាហ្វហ្កានីស្ថាន​ ពី​ពួក​តាលីបាន»។

សូម្បី​តែ​អ្នក​សាធារណរដ្ឋ​ចុង​ក្រោយ​បង្អស់ដែល​ចូល​រួម​ការ​ប្រកួត​ប្រជែង​ គឺ​លោក​ ហ្សន​ ហ៊ុនស្ម័ន​ (Jon​ Huntsman)​ អតីត​អភិបាល​រដ្ឋ​យូតា​ (Utah)​ ក៏​មាន​ប្រសាសន៍​ថា​ សហរដ្ឋ​អាមេរិកគួរ​មាន​សេចក្តី​ស្វាហាប់ច្រើន​ថែម​ទៀត​ក្នុង​ការ​ដក​កងទ័ព​ចេញ​ពី​អា​ហ្វហ្កានីស្ថាន។​ លោក​ ហ៊ុនស្ម័ន​ បាន​និយាយ​នៅ​ក្នុង​កម្មវិធីទូរទស្សន៍​ NBC​ Today។

«អ្វី​ដែល​យើង​ត្រូវ​ការ​នា​ពេល​ឥឡូវ​នេះ​ គឺ​កម្រិត​ដ៏​ធំមួយសម្រាប់​ការ​កសាង​ប្រទេសជាតិ​ នៅ​ក្នុង​ប្រទេស​របស់​យើង។​ ស្នូល​ផ្ទៃ​ក្នុងរបស់​យើងមាន​ភាព​ខ្សោយ។​ យើង​ត្រូវ​តែ​ផ្តោត​ទៅ​លើ​ការ​រៀប​ចំ​ផ្ទះ​សម្បែង​របស់​យើងឲ្យ​មាន​សណ្តាប់​ធ្នាប់​នៅ​ទី​នេះ»។

លោក​ ភីតធើ​ ប្រោន​ (Peter​ Brown)​ អ្នក​ស្ទង់​មតិ​មហាជន​នៃ​សា​កល​វិទ្យាល័យ​ឃ្វីននីភីយ៉ាក ​(Quinnipiac​ University)​ ថ្លែង​ថា​ ក្នុង​អំឡុង​ពេល​ជា​ច្រើន​ខែ​ ការ​ស្ទាប​ស្ទង់​មតិ​របស់​ជាតិបាន​បង្ហាញ​ឲ្យ​ឃើញ​ពី​កម្រិត​នៃ​ភាព​ធុញ​ទ្រាន់​ជា​មួយ​សង្គ្រាម​ដែល​កាន់​តែ​កើន​ឡើង ​ក្នុង​ចំណោម​សាធារណជន​អាមេរិកាំង។

«ខ្ញុំ​ពិត​ជា​មិនមាន​ការមន្ទិល​សង្ស័យ​អ្វី​ទាល់​តែ​សោះ​ថា​ នៅ​អាហ្វហ្កានីស្ថាន​ ការ​ជាប់​ពាក់​ព័ន្ធ​នៅ​អ៊ីរ៉ាក់​ ហើយ​ឥឡូវ​នេះ​ការ​ជាប់​ពាក់​ព័ន្ធ​នៅ​ប្រទេស​លី​ប៊ី​ បាន​ចោទ​ជា​សំណួរ​សម្រាប់​ជន​ជាតិ​អាមេរិកាំងជាច្រើន ​អំពី​គតិបណ្ឌិតរបស់​គោលនយោបាយ​ទាំង​អស់​នេះ»។

ជន​ជាតិ​អាមេរិកាំង​មិន​គ្រាន់​តែ​ធុញ​ទ្រាន់​ជាមួយ​នឹង​ជម្លោះ​នៅ​អាហ្វហ្កានីស្ថាន​ប៉ុណ្ណោះ​ទេ។​ លោក​ ស្ទេហ្វិន​ ហេស​ (Stephen​ Hess)​ អ្នក​ជំនាញ​នៅ​ឯ​វិទ្យាស្ថាន​ប្រ៊ុកឃីង​ (Brookings​ Institution)​ និយាយ​ថា​ ពួក​គេ​មើល​ឃើញ​ពី​អាទិភាព​សំខាន់​ជាង​នេះនៅ​ក្នុង​ប្រទេស​ ជា​ពិសេស​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ងើប​ឡើង​វិញ។

«នៅ​ពេល​នេះ​ សង្គ្រាម​នៅ​ប្រទេស​ទាំង​បី​នេះ​មិន​មែន​ជា​អ្វី​ដែល​ជន​ជាតិ​អាមេរិកាំងចាប់​អារម្មណ៍​ទេ​ នៅ​ពេល​ដែល​ពួក​គេមាន​បញ្ហា​យ៉ាង​ពោរ​ពាស​នៅ​ក្នុង​ប្រទេស»។

លោក​ប្រធានាធិបតី​ អូបាម៉ា​ ទទួល​បាន​ការ​គាំទ្រ​ខ្ពស់​ជា​បង្គួរ​នៅ​ក្នុង​ការ​ធ្វើ​ប្រជាមតិ​ បន្ទាប់​ពីការ​សម្លាប់​មេដឹកនាំ​អាល់កៃដា​ អូសាម៉ា​ ប៊ិនឡាដិន។​ ប៉ុន្តែ​ការ​ឡើង​ខ្ពស់នោះហាក់​ដូច​ជា​បាន​រលាយ​អស់​ទៅ​ហើយ​ ដោយ​សារ​តែ​ជន​ជាតិ​អាមេរិកាំងផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ឡើង​វិញ​ទៅលើសេដ្ឋកិច្ចក្នុងស្រុក​ដ៏​លំបាក​ និង​អត្រា​អត់​ការងារ​ធ្វើ​ដ៏​ខ្ពស់ចំនួន​៩.១​ភាគ​រយ៕

ប្រែ​សម្រួល​ដោយ​ លី​ សុខឃាង

XS
SM
MD
LG