ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គោលដៅ​ដក​ចេញ​ទាហាន​អាមេរីកាំង​ចេញ​ពី​ប្រទេស​អាហ្គានិស្ថាន​និង​យោង​ទៅ​តាម​ស្ថានការណ៍​សន្ដិសុខ​


មេបញ្ជាការ​របស់​កង​កម្លាំង ​សរអ ​និង ​អូតង់​ ប្រចាំ​ប្រទេស​អាហ្គានិស្ថាន ឧត្ដមសេនីយ ​David Petraeus ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ លោក​មើល​ឃើញ​ថា​មាន​ការ​លូតលាស់​នៅ​ក្នុង​សង្រ្គាម​ តែ​លោក​ព្រមាន​ថា​ ការ​ប្រយុទ្ឋ​តទល់​ក្រុម​តាលីបាន​ មាន​សភាព​«ឡើង​ចុះ»។

នៅ​ក្នុង​សេចក្ដី​សម្ភាសន៍​មួយ​ជា​មួយ​កម្មវិធី​របស់​ទូរទស្សន៍ ​NBC ​“Meet the Press” ​ឧត្ដមសេនីយ​ Petraeus ​មាន​ប្រសាសន៍​ថា​ គោល​ដៅ​របស់​សរអ ​និង​អូតង់​ នៅ​ក្នុង​ប្រទេស អាហ្គានិស្ថាន​ គឺ​ធ្វើ​ឱ្យ​បរាជ័យ​ដល់​ក្រុម​ តាលីបាន​ ហើយ​និង​រារាំង​ប្រទេស​ខ្ទិចខ្ទាំ​ដោយ​សង្រ្គាម​នោះ​ មិន​ឲ្យ​ក្លាយ​ទៅ​ជា​ជំរក​សុខសាន្ដ​របស់​ក្រុមនិយមជ្រុល​គ្មាន​ព្រំដែន។

លោក​បាន​ថ្លែង​សង្កត់​ថា ​គោលដៅ​របស់​ប្រធានាធិបតី​ បារ៉ាក​ អូបាមា ​នៃ​ការ​ចាប់​ផ្ដើម​ដក​ទាហាន​អាមេរីកាំង​ចេញ​ពី​ប្រទេស​ អាហ្គានិស្ថាន ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​ គឺយោង​ទៅ​តាម​ស្ថានការណ៍​សន្ដិសុខ​សម្រេច​បាន​នៅ​ក្នុង​ប្រទេស​នេះ។

«លោក​ប្រធានាធិបតី ​បាន​មាន​ប្រសាសន៍​យ៉ាង​ជាក់​ច្បាស់។ ​លោក​អនុប្រធានាធិបតី​ បៃដិន​ ក៏​បាន​និយាយ​ជាក់​ច្បាស់​ដែរ ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​នេះ​ជា​កាល​បរិច្ឆេត​ត្រឹមត្រូវ​ហើយ ​នៃការ​ចាប់​ផ្ដើម​ដំណើរ​ការ។ ​ទង្វើ​នេះ​ត្រូវ​ធ្វើ​ដោយ​មាន​ល័ក្ខខ័ណ្ឌ។ ​បើ​ស្ថានការណ៍​ហុច​ឲ្យ ​យើង​នឹង​ផ្ដូរ​មុខនាទី​ទៅ​ឲ្យ​សមភាគី​អាហ្គានិស្ថាន​របស់​យើង​ និង​ កង​កម្លាំង​ការពារ​សន្ដិសុខ ​និង​ស្ថាប័ន​រដ្ឋាភិបាល​ផ្សេងៗ​របស់​អាហ្គានស្ថាន​ ហើយ​អាច​«ដក​កងកម្លាំង​របស់យើង​ប្រកប​ទៅ​ដោយ​ការ​ទទួល​ខុស​ត្រូវ»។

លោក​ Petraeus ថ្លែង​ថា​លោក​នឹង​ផ្ដល់​អនុវសាសន៍​យោធា​ ល្អ​បំផុត​ជូន​ដល់​ប្រធានាធិបតី ​ហើយ​ លោក​មិន​រារែក​នឹង​និយាយ​ប្រាប់​ប្រធានាធិបតី​ ថា​តើ​ខែ​កក្កដា​ជា​ទិសដៅ​សមរម្យ​ឬ​ទេ​ ដើម្បី​ចាប់​ផ្ដើម​ដក​ទ័ព​អាមេរិកាំង​ចេញ​ពី​ប្រទេស​អាហ្គានិស្ថាន​នោះ។

លោក​ Petraeus ​ទ​ទួលកិត្តិយស ​ដោយ​សារ​បាន​អនុវត្ដ​ប្រកប​ដោយ​ជោគ​ជ័យ​នូវ​យុទ្ឋសាស្រ្ដ​យោធា​ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ​លោកទទួល​យក​ការ​ខុសត្រូវ​ចំពោះ​កិច្ច​ប្រតិបត្ដិ​ការ​អាមេរិកាំង និង អូតង់​ ​នៅក្នុង​ប្រទេស​អាហ្គានិស្ថាន​ កាល​ពី​ខែ​មុន។

លោក​ថ្លែង​ទៀត​ថា​ ការ​ដក​កងទ័ព​អាមេរិកាំង​និង​អូតង់ មិន​មែន​មាន​ន័យ​ថា​ការ​បញ្ចប់​ការ​ប្ដេជ្ងាចិត្ដរបស់​សរអ ​នៅ​ក្នុង​ប្រទេស​អាហ្គានីស្ថាន​នោះ​ទេ។

«ដំបូង ​ខ្ញុំ​ព្រមាន​ដល់​នរណា​មូយ​ក្នុង​តំបន់​ កុំ​ឱ្យ​ធ្វើ​ការ​សន្និដ្ឋានភ្លាមៗ​នោះ។​ ខ្ញុំ​យល់​ថា​ យើង​មាន​ការប្ដេជ្ងា​ចិត្ដ​ដ៏​យូរអង្វែង​ នៅ​ទី​នេះ។​ លក្ខណៈ​អាច​មាន​ការ​ផ្លាស់ប្ដូរ ទៅ​តាម​ពេលវេលា​ ដែល​សមភាគី​ អាហ្គានិស្ថាន ​របស់​យើង​អាច​សម្រេច​បាន​ច្រើន​ជាង​មុន​ ហើយ​យើង​អាច​បន្ថយ​កិច្ចការ​របស់​យើង​ នៅ​ក្នុងវិស័យ​ខ្លះ»។

ឧត្ដមសេនីយ​ Petraeus ​បាន​ចូល​មក​កាន់​មុខ​នាទី​ជាអគ្គ​មេ​បញ្ជាការ​របស់​កិច្ច​ប្រតិបត្ដិការ​យោធា​ក្នុង​ប្រទេស អហ្គានិស្ថាន​ ខណៈ​ដែលក្រុម​អ្នក​វិភាគ​កត់​សំគាល់​ថា​ ការ​គាំ​ទ្រ​ដល់​សង្រ្គាម​អាយុ​៩ ​ឆ្នាំ​នោះ​ បាន​សាប​រលាប​ រួច​ចំនួន​មនុស្ស​ស្លាប់​មានកាន់​តែ​ច្រើន។

ចាប់​តាំង​ពីបាន​ចូល​កាន់​ដំណែង​ថ្មី​នេះ​មក​ ឧត្ដមសេនីយ​ Petraeus​ បាន​សង្កត់​ទៅ​លើ​សេចក្ដី​ត្រូវ​ការ​របស់​កង​កម្លាំងដើម្បី ​«ការពារ​សន្ដិសុខ​នឹង​បំរើ​ប្រជាពលរដ្ឋ»​ ហើយ ​«រស់​នៅ​ជា​មួយ​ប្រជាពលរដ្ឋ»។

លោក​ក៏​បាន​កត់​សំគាល់​អំពីសារៈ​សំខាន់​ក្នុង​ការ​ប្រយុទ្ឋ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ការ​បំពាន​អំណាច​ ដែល​លោក​ហៅ​ថា​ជា​បញ្ហា​ដែលបញ្ឆេះ​ឱ្យ​មាន​ការ​បះបោរ។

លោក ​Petraeus ​បាន​គាំ​ទ្រ​ផែន​ការ​ចម្រូង​ចម្រាស​របស់​រដ្ឋាភិបាល ​អាហ្គា​និស្ថាន ​ដើម្បី​បញ្ចូល​ជន​សកម្មប្រយុទ្ឋ​តាលិបាន់​ថ្នាក់ទាបមក​ក្នុង​សង្គម។​ លោក​ថ្លែងប្រាប់​ទូរទស្សន៍​ NBC​ ថា​មាន​លទ្ឋភាព​នៃការ​ផ្សះផ្សារ​ជាតិ​ជា​មួយ​ក្រុម​តាលីបាន់ខ្លះ។

«នេះ​មិន​មែន​មាន​ន័យ​ថា ​មេទ័ព​តាលីបាន់ Mullah Omar ​នឹង​ដើរ​លេង​នៅ​លើ​ផ្លូវ​ធំ ​ក្នុង​ក្រុងកាប៊ូល​ នៅ​ពេល​ឆាប់ៗ​ ហើយ​លើក​ដៃ​ស្បថ​ថា​នឹង​គោរព​រដ្ឋធម្មនុញ្ញ​អាហ្គានិស្ថាន​នោះ​ទេ។​ តែខ្ញុំ​គិត​ថា​ មាន​លទ្ឋភាព​ដែល​អាច​កើត​មាន​បាន ​ ដោយ​មាន​ជន​សកម្មប្រយុទ្ឋ​តាលីបាន់​ថ្នាក់​ទាប​និង​មធ្យម ​អាច​ធ្វើ​សមាហរណកម្មដោយ ​ចូល​មក​ក្នុង​សង្គម​វិញ ​ហើយ​ប្រហែល​ជា​មាន​ការ​បាក់បែក​គ្នា​ក្នុង​ជួរ​សមាជិក​តាលីបាន់ថ្នាក់​ខ្ពស់​ ដែល​អាច​ឲ្យ​អត្ដន័យ​ថា​ជា​ការ​ផ្សះផ្សារ​គ្នា​ឡើង​វិញ»។

លោក ​Petraeus ​ និងមន្ដ្រិ​យោធា​អាមេរិកាំង​ដទៃ ​បាន​ព្រមាន​អំពី​ការ​កើន​ចំនួន​មនុស្ស​ស្លាប់ ​ខណះ​ដែល​កង​កម្លាំង​អាមេរិកាំង​បន្ថែម​នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រយុទ្ឋក្នុង​សមរភូមិ។

កាល​ពីឆ្នំា​មុន​ ប្រធានាធិបតិ​ អូបាមា​ អនុញាត​ឲ្យ​ដំឡើង​ចំនួន​ទាហាន​អាមេរិកាំង​ ក្នុង​ប្រទេស​អាហ្គានិស្ថាន​ ដល់​ទៅ ​១​សែននា​ក់ ដែលនឹង​ដំឡើង​ចំនួន​កង​ទ័ព​សម្ពន្ឋមិត្ដ​ទាំងអស់ ​នៅ​ក្រោម​បញ្ជាការ​របស់​ឧត្ដមសេនីយ៍ Petraeus​ ទៅ​ ១ ​សែន​ ៥​ ម៉ីន​នាក់។

គេ​រំពឹង​ថា ​លោក​ឧត្ដមសេនីយ៍នឹង​រាយការណ៍​វាស់វែង​ប៉ាន់ស្មាន​ការ​លូត​លាស់​នៅ​ក្នុង​សង្គ្រាម​ ជូន​រដ្ឋសភា​នៅ​ក្នុង​ខែ​ធ្នូ។

ប្រែសម្រួល​ដោយ​ អ៊ូ​ ធួក

XS
SM
MD
LG