អង្គការការពារសិទ្ធិមនុស្សរិះគន់ចំណាត់ការតុលាការកម្ពុជាដែលបានកោះហៅមន្ត្រីសិទ្ធិមនុស្សលេចធ្លោម្នាក់ ដោយចាត់ទុកថា ចំណាត់ការនាំឲ្យមានការបារម្ភ និងជាការព្យាយាមបំបិទសំឡេងក្រុមអ្នកតស៊ូមតិការពារសិទ្ធិមនុស្ស។ មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាហុកនេះត្រូវតុលាការកោះឲ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃស្អែកពីបទចោទមួយចំនួនបន្ថែមលើបទបរិហារកេរ្តិ៍។
ចៅក្រមស៊ើបអង្កេតតុលាការក្រុងភ្នំពេញបានកោះហៅលោកនី ចរិយា ប្រធានក្រុមអ្នកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាហុកដើម្បីបំភ្លឺនៅថ្ងៃស្អែកពីបទចោទប្រកាន់ដែលគេសង្ស័យថា អាចពាក់ព័ន្ធនឹងការបញ្ចេញមតិ ហើយនេះជាការចោទប្រកាន់បន្ថែមពីលើបទបរិហារកេរ្តិ៍ដែលប្តឹងតបតនឹងបណ្តឹងរបស់អង្គការសិទ្ធិមនុស្សចោទមន្ត្រីតុលាការអំពីបញ្ហាជម្លោះដីធ្លី។ តែចំណាត់ការរបស់តុលាការនេះត្រូវក្រុមមន្ត្រីសិទ្ធិមនុស្សជាតិ និងអន្តរជាតិខ្លះចាត់ទុកថា អាចជាការបំបិទសំឡេងក្រុមសង្គមស៊ីវិល។
លោកនី ចរិយាបានប្តឹងមន្ត្រីតុលាការមួយចំនួន រួមមានព្រះរាជអាជ្ញា និងចៅក្រម តុលាការខេត្តសៀមរាបទៅកាន់ស្ថាប័នចំនួន៤ រួមទាំងក្រសួងយុត្តិធម៌ ឧត្តមក្រុម ប្រឹក្សានៃអង្គចៅក្រម ពីបទចាប់ខ្លួនពលរដ្ឋរឿងដីធ្លី និងចោទប្រកាន់ពួកគាត់ខុស ទាក់ទងនឹងរឿងជម្លោះដីធ្លីនៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប កាលពីឆ្នាំ២០១៤។
ការបញ្ចេញមតិថ្មីៗរបស់លោកនី ចរិយាក្នុងសន្និសីទសារព័ត៌មានអំពីចំណាត់ការរបស់តុលាការរឿងដីធ្លីនោះគឺជាមូលហេតុដែលចៅក្រមស៊ើបអង្កេតកោះលោកទៅបំភ្លឺនៅថ្ងៃពុធទី២១ ខែតុលាស្អែក តែនី ចរិយាលោកនិយាយថា លោកនឹងមិនចូលទៅបំភ្លឺទេ ដោយសារមិនមានដីកាកោះហៅបញ្ជូនមកដល់លោកផ្ទាល់។
លោក Phil Robertson អនុប្រធានអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី បានថ្លែងថា ចំណាត់ការរបស់តុលាការនេះជារឿងគំរាមកំហែងក្រុមអ្នកការពារសិទ្ធិមនុស្ស និងជាការព្យាយាមបំបិទមាត់ក្រុមអ្នកហ៊ាននិយាយអំពីការរំលោភបំពានរបស់រដ្ឋាភិបាល។
«យើងមានការបារម្ភថា ការកោះហៅនេះជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដោយ រដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងក្រុមអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សប្រឆាំងនឹងអ្នកដែល មានអាជីពយូរលង់ ហើយធ្វើការផ្នែកសិទ្ធិមនុស្ស និងអ្នកដែលគ្មានកំហុស»។
លោកអំ សំអាត ប្រធានបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូ បានអះអាងថា កិច្ចការរបស់លោកនី ចរិយាគឺជួយការពារសិទ្ធិពលរដ្ឋ និងជំរុញឲ្យមានយុត្តិធម៌ សម្រាប់ពលរដ្ឋ និងឲ្យមានប្រព័ន្ធយុត្តិធម៌មួយដែលប្រជាពលរដ្ឋមានទំនុកចិត្ត។
«ហើយបើសិនជាសកម្មជនការពារសិទ្ធិមនុស្សខំបំពេញការងាររបស់ខ្លួនដើម្បីឲ្យដល់ គោលដៅនេះ ហើយត្រូវបានទទួលការប្តឹងផ្តល់ ហើយនឹងចោទប្រកាន់ពីប្រព័ន្ធ តុលាការ អាហ្នឹងវាទៅជារឿងមួយដែលធ្វើការគំរាមកំហែងបំភិតបំភ័យទៅដល់ការ ងារ ឬក៏សកម្មភាពនៃអ្នកការពារសិទ្ធិមនុស្ស»។
លោកថ្លែងថា លោកនី ចរិយាមានសិទ្ធិមិនចូលបំភ្លឺ បើការកោះហៅធ្វើមិនត្រឹមត្រូវ តាមនីតិវិធីច្បាប់។
លោកនី ចរិយាបានអះអាងថា លោកនឹងមិនទៅបំភ្លឺនៅតុលាការនៅថ្ងៃស្អែកទី២១ខែតុលានេះទេ ដោយលោកចាត់ទុកថា ការបញ្ជូនដីការរបស់តុលាការធ្វើមិនត្រូវតាមច្បាប់។ លោកនិយាយថា តុលាការត្រូវបញ្ជូនដីការមកដល់ដៃរបស់លោកជាថ្មីទៀត មិនត្រូវបញ្ជូនទៅអ្នកផ្សេង ក្រៅពីខ្លួនលោក ហើយឲ្យលោកចូលទៅបំភ្លឺនោះទេ។
នៅពេលសួរថា តើលោកអាចបារម្ភនឹងការចាប់ខ្លួនទេ បើសិនជាមិនទៅបំភ្លឺតាមការកោះហៅរបស់តុលាការនោះ លោកចរិយាបានអះអាងថា៖
«បើយើងអ្នកការពារសិទ្ធិមនុស្ស យើងរវល់តែខ្វល់ខ្វាយពីរឿងភ័យខ្លាចការចាប់ខ្លួន ឬមិនចាប់ខ្លួនហ្នឹង យើងមិនអាចធ្វើកិច្ចការជាអ្នកការពារសិទ្ធិមនុស្សបានទេនៅក្នុង បរិបទប្រទេសមួយដែលមិនទាន់មានការគោរពសិទ្ធិមនុស្សអញ្ចឹងនោះ»។
សកម្មជនសិទ្ធិមនុស្សអះអាងថា ក្រុមសកម្មជនសង្គមស៊ីវិល និងសិទ្ធិមនុស្សកំពុងប្រឈមមុខនឹងការរឹតត្បិតសេរីភាព និងការគំរាមខាងស្មារតី និងតាមផ្លូវតុលាការ ហើយពួកគេមានក្តីបារម្ភកាន់តែខ្លាំងឡើង ដោយសារច្បាប់អង្គការអាចនឹងកាន់តែមានការរឹតត្បិតសេរីភាពពួកគេ ក្នុងការបំពេញការងារជូនពលរដ្ឋ ជាពិសេស នៅមុនការបោះឆ្នោតនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ខាងមុខនេះ៕