លោក ឱម យ៉ិនទៀង ថ្លែងយ៉ាងដូច្នេះក្នុងពិធីផ្ទេរតំណែងប្រធានគណៈមេធាវីអាណត្តិទី១០ ទៅអាណត្តិទី១១ និងចែកវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។
ថ្លែងទៅកាន់មេធាវី និងនិស្សិតមេធាវីជាច្រើនរយនាក់ លោក ឱម យ៉ិន ទៀង លើកឡើងថា មេធាវីនៅកម្ពុជាមានចំនួន១ភាគរយ ដែលមានបញ្ហាពាក់ព័ន្ធនឹងអំពើពុករលួយ និងមិនស្មោះត្រង់នឹងកូនក្តី ដែលធ្វើឲ្យខាតប្រយោជន៍របស់កូនក្តី។ លោកបន្ថែមថា ការប្រព្រឹត្ត និងចូលរួមប្រព្រឹត្តអំពើពុករលួយ ជាទង្វើដែលធ្វើឲ្យប៉ះពាល់សង្គម និងប៉ះពាល់ដល់កិត្តិនាមនីតិរដ្ឋរបស់កម្ពុជា ដូច្នេះលោកអំពាវនាវឲ្យមេធាវីទាំងអស់មិនត្រូវប្រព្រឹត្តអំពើពុករលួយខុសច្បាប់ និងវិជ្ជាជីវៈរបស់ខ្លួននោះទេ។
លោកបញ្ជាក់ថា៖
«យើងខ្ញុំបានស្នើសុំអម្បាញ់មិញហើយ ជាផ្លូវការសុំធ្វើយ៉ាងម៉េចយើងអនុវត្តឲ្យដូច៩៩ភាគរយទៀត ដែលគេបំពេញវិជ្ជាជីវៈគេដោយស្មោះត្រង់ជាមួយកូនក្តីរបស់ខ្លួន។ យើងក៏ទទួលស្គាល់ថា មានការលំបាកសត្យានុម័តមួយចំនួនដែរដែលបង្ខំ អញ្ចឹងយើងនឹងដោះស្រាយការលំបាករបស់មេធាវីជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដោយស្មោះត្រង់ចំពោះកូនក្តីរបស់ខ្លួន ដើម្បីធ្វើឲ្យឧបសគ្គដែលដាក់នៅលើផ្លូវមុខជំហានដើរមេធាវីនេះ កាន់តែមានការដោះស្រាយបានមួយជំហាន ទៅមួយជំហានដែរ»។
មេធាវីកំពុងប្រកបវិជ្ជាជីវៈ និងបានចុះបញ្ជីក្នុងគណៈមេធាវីកម្ពុជា មានចំនួនជាង១.២០០នាក់ ក្នុងនោះមេធាវីពេញសិទ្ធិមានចំនួន១.០៨០នាក់។
ថ្មីៗនេះមេធាវីមួយរូប ឈ្មោះ ពេជ រតនា ទើបតែត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទប៉ុនប៉ងសូកប៉ាន់ចៅក្រម បន្ទាប់ពីលោកបានយកលុយពីកូនក្តីចំនួន៥.០០០ដុល្លារ ទៅតម្កល់ឲ្យចៅក្រម ជាថ្នូរកុំឲ្យចៅក្រមស៊ើបសួររូបនោះឃាត់ខ្លួន និងឃុំខ្លួនកូនក្តីរបស់លោក។
លោក ប៊ុន ហុន អតីតប្រធានគណៈមេធាវីដែលកាន់តំណែងបាន២អាណត្តិ មានរយៈពេល៤ឆ្នាំ ប្រាប់អ្នកសារព័ត៌មានថា កន្លងមកមានមេធាវីតិចតួចដែលបានប្រព្រឹត្តខុសក្រមសីលធម៌ និងវិជ្ជាជីវៈ។ លោកបញ្ជាក់ថា មេធាវីម្នាក់ត្រូវបានលុបឈ្មោះចេញពីគណៈមេធាវី ដោយសារមេធាវីរូបនោះប្រព្រឹត្តខុសវិជ្ជាជីវៈ និងមេធាវីចំនួន២នាក់ទៀតត្រូវបានព្រមានដោយសារធ្វើខុសក្រមសីលធម៌មេធាវី។
លោកមានប្រសាសន៍ថា៖
«ដោយសារច្បាប់លក្ខន្តិកៈមេធាវីគេបានចែងថា មេធាវីណាដែលត្រូវបានចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ គឺត្រូវតែព្យួរមុខងារជាបណ្តោះអាសន្នទេ ហ្នឹងមានតែម្នាក់ទេ ចំពោះរឿងការដាក់ពិន័យមានលុបឈ្មោះតែម្នាក់ដែរ ព្រោះអាហ្នឹងដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹង។ ព្រមានដោយសារការខុសក្រមសីលធម៌របស់គាត់ ដូចជាពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម ឬក៏ពាក់ព័ន្ធនឹងការមិនបំពេញការងារតួនាទីរបស់គាត់ទាក់ទងនឹងការងារជាមួយកូនក្តី ដូច្នេះយើងព្រមានតិចតួចទេ វាមិនមែនជាកំហុសធ្ងន់ធ្ងរ ឲ្យគាត់កែប្រែខ្លួនឡើងវិញ»។
លោក សួន វិសាល ប្រធានគណៈមេធាវីដែលទើបត្រូវបានផ្ទេរតំណែងថ្មីៗ លើកឡើងថា លោកនឹងពង្រឹងគណៈកម្មការត្រួតពិនិត្យឲ្យបានតឹងរ៉ឹងលើការប្រព្រឹត្តអំពើពុករលួយ ក្នុងក្របខណ្ឌវិជ្ជាជីវៈមេធាវី ពាក់ព័ន្ធនឹងការសូកប៉ាន់ក្នុងការប្រឡងចូលរៀនមេធាវី ព្រមទាំងការប្រព្រឹត្តអំពើពុកលួយរបស់មេធាវីជាដើម។
លោកបញ្ជាក់ថា៖
«បើសិនមេធាវីប្រព្រឹត្តអំពើពុករលួយ គឺថាមិនត្រឹមតែខុសច្បាប់ព្រហ្មទណ្ឌទេ គឺខុសក្រមសីលធម៌ផងដែរ អញ្ចឹងបើសិនមេធាវីប្រព្រឹត្តខុស យើងនឹងដាក់ពិន័យមេធាវីហ្នឹង ជួនកាលអាចពិន័យតឹងតែងបំផុត គឺអាចបញ្ឈប់ពីមេធាវី»។
លោក សួន វិសាល បន្ថែមថា ចំណេះដឹងរបស់មេធាវីនៅកម្ពុជាមានកម្រិតខ្ពស់ជាងមុន ប៉ុន្តែមេធាវីភាគច្រើននៅខ្សោយផ្នែកច្បាប់អន្តរជាតិ ដែលលោកថា គណៈមេធាវីនឹងកែប្រែប្រព័ន្ធអប់រំដើម្បីពង្រឹងសមត្ថភាពពួកគេឲ្យកាន់តែល្អប្រសើរ។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ប្រាប់ VOA ថា មេធាវីនៅកម្ពុជាមួយចំនួនពិតជាបានប្រព្រឹត្តអំពើពុករលួយ និងសូកប៉ាន់ក្នុងពេលកំពុងបំពេញវិជ្ជាជីវៈរបស់ពួកគេ។ ទោះជាយ៉ាងណាលោកមិនអាចបញ្ជាក់ពីតួលេខច្បាស់លាស់ក្នុងករណីនេះទេ។
លោកបញ្ជាក់ថា៖
«មានមេធាវីដែលគាត់ធ្វើការងារដើម្បីបានកម្រៃសេវាមេធាវី ដូច្នេះមេធាវីមានមេធាវីត្រឹមត្រូវ មានមេធាវីមានក្រមសីលធម៌ ហើយក៏មានមេធាវីដែលគាត់ធ្វើការងារដែលពឹងផ្អែកទៅលើលុយ។ ហើយមេធាវីខ្លះគាត់ចង់ធ្វើល្អ ប៉ុន្តែប្រព័ន្ធច្បាប់តម្រូវឲ្យគាត់ជាប់ពាក់ព័ន្ធការប្រើប្រាស់លុយក្រៅផ្លូវការមួយចំនួន ដូច្នេះវាមានលក្ខណៈស្មុគ្រស្មាញបន្តិចទាក់ទងនឹងបញ្ហាហ្នឹង»។
របាយការណ៍ស្រាវជ្រាវរបស់វិទ្យាស្ថានសិទ្ធិមនុស្សនៃគណៈមេធាវីអន្តរជាតិ (International Bar Association's Human Rights Institute) ប្រចាំទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ស្ដីពីយុត្តិធម៌ទល់នឹងអំពើពុករលួយ ការតស៊ូឆ្ពោះទៅរកឯករាជ្យភាពនៃអំណាចតុលាការក្នុងប្រទេសកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ បានរិះគន់លើស្ថាប័នគណៈមេធាវីកម្ពុជាថា មានអំពើពុករលួយ និងគ្មានភាពឯករាជ្យ ព្រមទាំងមានភាពពុករលួយពាក់ព័ន្ធនឹងការសូកប៉ាន់ក្នុងការប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី។
លោក ប៊ុន ហុន ដែលជាប្រធានគណៈមេធាវីក្នុងពេលនោះ ច្រានចោលការលើកឡើងរបស់របាយការណ៍នោះ ថាមិនបានឆ្លុះបញ្ចាំងការពិត និងបានបំពានទាំងស្រុងទៅលើសិទ្ធិរបស់គណៈមេធាវី៕