ក្រុមសកម្មជនស៊ីរី និយាយថា ការវាយប្រហាររបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានវាយប្រហារត្រូវចំរោងចក្រចម្រាញ់ប្រេងកាតមួយកន្លែងក្នុងតំបន់ភាគខាងជើងនៃប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យដោយបានសម្លាប់មនុស្ស៣០នាក់។
អង្គការសិទ្ធិមនុស្សស៊ីរី Observatory មានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស ដែលបានប្រើប្រាស់បណ្តាញប្រភពព័ត៌មាននៅពាសពេញប្រទេសស៊ីរី ដើម្បីតាមដានអំពើហិង្សានៅទីនោះបាននិយាយថា ក្រុមរដ្ឋអ៊ីស្លាមបានប្រតិបត្តិរោងចក្រចម្រាញ់ប្រេងកាតនោះ ហើយថាចំនួនមនុស្សស្លាប់រួមទាំងក្រុមសកម្មជនប្រយុទ្ធនិងកម្មករ។
យន្តហោះចំបាំងរបស់កងទ័ពចម្រុះបានគាំទ្រយោធាអ៊ីរ៉ាក់នៅក្នុងការរុលទៅមុខរបស់ខ្លួនដើម្បីដណ្តើមទឹកដីពីក្រុមសកម្មជនប្រយុទ្ធរដ្ឋអ៊ីស្លាម ដោយធ្វើការវាយប្រហារតាមអាកាសជាង២៣០០លើកក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី ចាប់តាំងពីខែសីហា នេះបើយោងតាមទិន្ន័យពីក្រសួងការពារប្រទេសសហរដ្ឋអាមេរិក។
ប្រហារទាំងនោះ រួមមានការរុញច្រាននាពេលថ្មីៗនេះដើម្បីឆ្លើយតបដល់សំណើររបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ដើម្បីជួយការពារវត្ថុបុរាណ ដែលបានក្លាយជាទិសដៅបំផ្លិចបំផ្លាញដោយក្រុមសកម្មជនប្រយុទ្ធក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមួន (Ban Ki-moon) បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃអាទិត្យថា លោកមានការខឹងសម្បារយ៉ាងខ្លាំងពីការបំផ្លាញនៅទីកន្លែងវប្បធម៌នេះ រួមមានទីកន្លែងបេតិភណ្ឌពិភពលោករបស់អង្គការ UNESCO នៅទីក្រុង Hatra ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យជួយបញ្ឈប់ការវាយប្រហារបែបនេះ ហើយនិងការជួញដូរវត្ថុវប្បធម៌ខុសច្បាប់៕