វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកស្ថិតនៅលំដាប់ខ្ពស់ជាងគេក្នុងឋានៈជាប្រទេសដែលមានតម្លាភាពក្នុងការចាត់ចែងធនធានរបស់ខ្លួន ប៉ុន្តែក្រុមសកម្មជនកំពុងតែធ្វើការឃ្លាំមើលយ៉ាងដិតដល់អំពីរបៀបដែលរដ្ឋាភិបាល និងក្រុមហ៊ុនអាមេរិកាំងចាត់ចែងធនធានដែលខ្លួនទទួលបានពីប្រទេសផ្សេងៗ ជាពិសេសពីប្រទេសក្នុងទ្វីបអាហ្រ្វិក។
សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់ទី ១១ នៅក្នុងតារាងឃ្លាំមើលចំណូលទីមួយ ដែលចេញផ្សាយនៅសប្តាហ៍នេះ ដោយវិទ្យាស្ថានឃ្លាំមើលប្រាក់ចំណូល (Revenue Watch Institute) និងអង្គការតម្លាភាពអន្តរជាតិ (Transparency International)។
ការសិក្សាបានដាក់ពិន្ទុការបើកចំហររបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងប្រេង ឧស្ម័ន និងធនធានរ៉ែរបស់ពួកគេ។ ក្រុមត្រួតពិនិត្យធនធាននិយាយថា វាគឺជាសញ្ញាចង្អុលបង្ហាញដ៏មានសារសំខាន់មួយ សម្រាប់ប្រទេសមហាអំណាចសេដ្ឋកិច្ចដូចជាសហរដ្ឋអាមេរិក។ គេនិយាយថា សហរដ្ឋអាមេរិកបានចាត់វិធានដ៏សំខាន់ក្នុងការធ្វើឲ្យប្រសើរឡើង ចំពោះការនាំចូល និងផលិតកម្មបរទេស។
បទបញ្ញត្តិស្តីពីការការពារអ្នកប្រើប្រាស់ និងកំណែរទម្រង់ Dodd-Frank Wall Street ដែលត្រូវបានចុះហត្ថលេខាឲ្យក្លាយទៅជាច្បាប់នៅក្នុងឆ្នាំនេះ រួមបញ្ចូលទាំងបទបញ្ញត្តិស្តីពីការចេញផ្សាយឧស្សាហកម្មនិស្សារណកម្ម។ បទបញ្ញត្តិនេះតម្រូវឲ្យក្រុមហ៊ុនប្រេង ឧស្ម័ន និងរ៉ែ ដែលមានចុះបញ្ជីជាមួយគណៈកម្មការផ្លាស់ប្តូរ និងសន្តិសុខ (US Securities and Exchange Commission) បង្ហាញការចំណាយដែលខ្លួនផ្តល់ឲ្យរដ្ឋាភិបាលបរទេស។
លោកអាវីនដ៍ ហ្កាណេសាន (Arvind Ganesan) គឺជានាយកនៃកម្មវិធីពាណិជ្ជកម្ម និងសិទ្ធិមនុស្ស នៅឯអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានទីតាំងនៅសហរដ្ឋអាមេរិក។ លោកមានប្រសាសន៍ថា៖
«នេះអាចជាជំហានទៅមុខដ៏សំខាន់មួយ ពីព្រោះវាធ្វើឲ្យក្រុមហ៊ុនដូចជា Exxon ឬ Chevron ឬក្រុមហ៊ុនអាមេរិក ដែលចុះបញ្ជីជាសាធារណៈ ឥឡូវនេះត្រូវតែបង្ហាញម្តងមួយប្រទេសៗ ថាតើពួកគេបានចំណាយប្រាក់ចំនួនប៉ុន្មានទៅឲ្យរដ្ឋាភិបាលនៃប្រទេសទាំងនោះ នៅពេលដែលក្រុមហ៊ុនទាំងនេះធ្វើអាជីវកម្មនៅទីនោះ»។
លោក អ៊ាន ហ្ការី (Ian Gary) ប្រធានផ្នែកគោលនយោបាយជាន់ខ្ពស់ទទួលបន្ទុកឧស្សាហកម្មនិស្សារណកម្មនៃអង្គការអក់ស្វាម អាមេរិក (Oxfam America) និយាយថា នៅក្នុងប្រទេសមួយចំនួនដូចជាប្រទេស អង់ហ្គោឡា ដែលជាប្រទេសផលិតប្រេងដ៏ធំមួយនៅទ្វិបអាហ្រ្វិក រាល់ផលិតផល និងគម្រោងនាពេលបច្ចុប្បន្ន ដែលកំពុងតែដំណើរការ ត្រូវស្ថិតនៅក្រោមច្បាប់ថ្មីរបស់សហរដ្ឋអាមេរិក។
ប្រទេសអង់ហ្គោឡា មិនមែនជាសមាជិក នៃអង្គការផ្តួចផ្តើមតម្លាភាពសម្រាប់ឧស្សាហកម្មនិស្សារណកម្ម (EITI) ដែលស្វះស្វែងបង្កើនតម្លាភាពចំណាយក្នុងប្រទេសដែលសម្បូរធនធាន ដោយឈរលើមូលដ្ឋានស្ម័គ្រចិត្តទេ។
លោកហ្ការី និយាយថា ច្បាប់ថ្មីរបស់អាមេរិកនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងនេះ។ លោកថ្លែងដូច្នេះថា៖
«អ្វីដែលខ្ញុំគិតថា សំខាន់គឺថា យើងមើលឃើញការរីកចម្រើនលើការផ្តួចផ្តើមដោយស្ម័គ្រចិត្ត ដែលថា ការអនុវត្តរបស់ប្រទេសទាំងឡាយត្រូវបានវាយតម្លៃដោយគណៈកម្មការ EITI។ ប៉ុន្តែ យើងក៏បានមើលឃើញប្រភេទផ្សេងៗទៀតនៃបទបញ្ញត្តិ ដូចជាច្បាប់អាមេរិក ដែលឆ្លើយតបទៅនឹងទីផ្សារផ្សេងៗ។ ដូច្នេះ យើងមានការគ្របដណ្តប់ទូលំទូលាយ ហើយព័ត៌មានកាន់តែច្រើនត្រូវបានដាក់នៅកន្លែងដែលសាធារណជនអាចទទួលបាន»។
នៅដើមឆ្នាំនេះ ផ្សារភាគហ៊ុនហុងកុង បានចេញច្បាប់ថ្មី ដែលតម្រូវឲ្យក្រុមហ៊ុនរុករករ៉ែ ធ្វើការបោះពុម្ពផ្សាយការចំណាយ។ ក្រុមប្រឹក្សាភិបាលបទដ្ឋានគណនេយ្យអន្តរជាតិ (The International Accounting Standards Board) ដែលមានឥទ្ធិពលទៅលើច្បាប់គណនេយ្យនៅក្នុងប្រទេសចំនួនជាង១០០ កំពុងពិចារណាការចេញផ្សាយការចំណាយ ដោយការអនុវត្តបទដ្ឋានក្រុមហ៊ុនធនធាន។
លោក អ៊ាន ហ្ការី នៃអង្គការអក់ស្វាមអាមេរិក និយាយថា មានការរីកចំរើនយ៉ាងខ្លាំងចំពោះតម្លាភាពនៃការប្រើប្រាស់ធនធាន ជាពិសេសគឺការធ្វើឲ្យសាជីវកម្មចម្បងៗបើកបញ្ជីរបស់ពួកគេជាសាធារណៈ។ លោកបន្តថា៖
«យើងមើលឃើញធាតុផ្សំតូចៗផ្តុំគ្នា ដូច្នេះ ខ្ញុំសង្ឃឹមថា ពីរបីឆ្នាំទៅមុខទៀត ក្រុមហ៊ុនដែលមិនបានចេញផ្សាយព័ត៌មានរបស់ខ្លួន នឹងនៅមានតែមួយចំនួនតូចប៉ុណ្ណោះ»។
ប៉ុន្តែ ច្បាប់ថ្មីអាមេរិកនឹងមិនមានប្រសិទ្ធិភាពភ្លាមៗទេ។ គណៈកម្មការផ្លាស់ប្តូរ និងសន្តិសុខ មានពេលរហូតដល់ពាក់កណ្តាលឆ្នាំក្រោយ ក្នុងការសរសេរបទបញ្ញត្តិទាំងឡាយ ដែលចាំបាច់ក្នុងការអនុវត្តច្បាប់ Dodd-Frank នេះ។ បន្ទាប់មក ក្រុមហ៊ុននឹងមានរយៈពេលមួយឆ្នាំសារពើពន្ធ ក្នុងការឆ្លើយតបទៅនឹងច្បាប់ថ្មីនេះ៕
ប្រែសម្រួលដោយ ឌី ខាំបូលី