ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ធ្វើ​យុទ្ធនា​ការ​​ទាម​ទារ​​ឱ្យ​​ អូស្រ្តាលី​​​​​ថ្កោល​ទោស​​ការ​​រំលោភ​​បំពាន​នៅ​ភូមា


មេដឹកនាំយោធាភូមា ថាន ស្វេ (Than Shwe) (file photo)
មេដឹកនាំយោធាភូមា ថាន ស្វេ (Than Shwe) (file photo)

ក្រុម​អ្នក​តស៊ូ​មតិដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​អូស្រ្តាលី ​កំពុង​អំពាវ​នាវ​ដល់​រដ្ឋាភិ​បាលឲ្យ​ថ្កោល​ទោសជា​សាធារណៈ​ ចំពោះ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ក្នុង​ខែ​វិច្ឆិកានៅ​ប្រទេស​ភូមា។​ ក្រុម​សកម្មជននិយាយ​ថា អា​ជ្ញាធរ​ទី​ក្រុង​កង់​បេ​រ៉ា (Canberra) ត្រូវ​តែ​ធ្វើ​កិច្ចការ​ច្រើន​ថែម​ទៀត សំដៅ​ដាក់​សម្ពាធទៅ​លើមេ​ដឹក​នាំ​យោធារបស់​ភូមា ដើម្បីឲ្យ​ប្រកាន់​យក​នូវ​ការ​ផ្លាស់​ប្តូរ​តាមបែប​លទ្ធិ​ប្រជា​ធិបតេយ្យ។

កាល​ពី​៣ឆ្នាំ​មុន​ មេ​ដឹក​នាំ​យោធា​ភូមា​បាន​ធ្វើ​ការ​បង្ក្រាប​យ៉ាង​ឃោរ​ឃៅទៅ​លើក្រុមបាតុករ​ ដែល​ទាម​ទារ​ឲ្យ​មាន​កំណែ​ទម្រង់​ដោយ​សន្តិ​វិធី​តាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ។ បាតុកម្ម​នៅ​តាម​ដង​ផ្លូវ ​ដែល​ដឹក​នាំ​ដោយ​ព្រះ​សង្ឃ បាន​ទាក់​ទាញ​មនុស្សរាប់​សែន​នាក់​ មុន​ពេលដែលក្រុម​បាតុករ​ទាំង​នោះត្រូវ​បាន​បង្ក្រាប​ដោយ​យោធា​ភូមា។

ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​អូស្ត្រាលី ​បាន​ថ្លែង​ថា ​រដ្ឋាភិបាលទី​ក្រុងកង់​បេ​រ៉ា ​ត្រូវ​តែថ្កោលទោស​ឱ្យ​បាន​ ខ្លាំង​ក្លាថែម​ទៀត​ចំពោះការបន្ត​ការ​យា​រ​យី​ និង​ការ​ដាក់ពន្ធនា​គារ​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​ភូមា ​មុន​ពេល​ការ​បោះ​ឆ្នោតថ្នាក់ជាតិ​ នា​ខែ​ក្រោយ​នេះ។

ក្រុម​សកម្ម​ជនបាន​ទទូច​សុំ​ថា ​ក្រុម​រដ្ឋ​មន្រ្តី​ទាំង​ឡាយត្រូវ​តែ​គូស​បញ្ជាក់​ថា ​ការ​បោះ​ឆ្នោត​នៅភូមានឹង​មិនត្រូវ​បាន​ចាត់​ទុក​ថាមាន​ភាព​ស្រប​ច្បាប់​ឡើយ ​ដរាប​ណា​អ្នក​ទោសនយោបាយទាំង​អស់ ដោយ​រាប់​បញ្ចូល​ទាំងមេ​ដឹក​នាំលទ្ធិ​ប្រជា​ធិប​តេយ្យ ​លោក​ស្រីអង់ ​សានស៊ូជី (Aung San Suu Kyi) មិន​ទាន់​ត្រូវ​បាន​ដោះ​លែង។ ​រដ្ឋ​ធម្មនុញ្ញត្រូវ​តែ​ត្រួត​ពិនិត្យ​មើល​ឡើង​វិញ ​ហើយការ​រឹត​ត្បិត​ទៅលើយុទ្ធនា​ការ​នេះត្រូវ​បាន​ដក​ចេញ។

អូស្ត្រាលីបាន​ទទូ​ចសុំ​ជា​ច្រើនលើក​ច្រើន​សារ ឲ្យ​អា​ជ្ញាធរ​ភូមាចា​ប់​ផ្តើម​ធ្វើ​កំណែ​ទម្រង់នយោបាយ​ពិត​ប្រាកដ​ និង​ការ​ផ្សះ​ផ្សា​ជាតិ។ ចាប់​តាំង​ពី​ខែ​តុលា ​ឆ្នាំ​២០០៧ ​ទី​ក្រុង​កង់​បេ​រ៉ាបាន​ដាក់ទណ្ឌ​កម្មមួយ​ចំនួនតាម​មុខ​សញ្ញា ប្រឆាំង​ទៅ​នឹងស​មាជិករដ្ឋាភិបាល​ភូមា​ បន្ទាប់ពី​មាន​ការ​ឆ្លើយ​តប​ដ៏​ហិង្សាទៅ​លើ​ការ​តវ៉ាដោយសន្តិ​វិធី។

លោកហ្សេទី ប្រេក​ (Zetty Brake) ​អ្នក​នាំ​ពាក្យ​របស់​ក្រុម​យុទ្ធនាការ​ភូមា​ប្រចាំ​នៅ​អូស្ត្រាលី មានប្រសាសន៍ថា ​អូស្ត្រាលីគួរ​តែ​ធ្វើ​កិច្ចការ​ច្រើន​ថែម​ទៀត​ ដើម្បី​លើក​ទឹក​ចិត្តឲ្យ​មាន​កំណែ​ទម្រង់តាម​បែបលទិ្ធប្រជា​ធិបតេយ្យ​ដ៏​ពិត​ប្រាកដ ​នៅ​ភូមា។

«អស់​រយៈ​ពេល​បី​ឆ្នាំ​ហើយ​និង​ជាអកុសល ​សភាព​ការណ៍​សិទ្ធិ​មនុស្សគ្មាន​ភាពល្អ​ប្រសើរ​ឡើងទេ ​ចាប់​តាំង​ពី​មាន​បដិវត្តន៍​ពណ៍​ស្លាទុំ​មក​ (Saffron Revolution)។ តួ​លេខអ្នក​ទោស​នយោ​បាយ​បាន​កើន​ឡើងទ្វេ​ដង​ គឺ​ជា​ឧទាហរណ៍​មួយបញ្ជាក់ថា​តើសភាព​ការណ៍​នេះកាន់​តែធ្ងន់​ធ្ងរ​ឡើងយ៉ាង​ដូច​ម្តេច​ខ្លះ ​ហើយការ​បោះ​ឆ្នោត​ក្នុង​ខែ​វិច្ឆិកា ​ដែល​ជា​ការ​បោះ​ឆ្នោត​លើក​ដំបូងក្នុងរយៈ​ពេល​២០​ឆ្នាំ ​នឹង​មិន​ផ្លាស់​ប្តូរ​អ្វីឡើយ។​ ដូច្នេះ​ អ្វីដែល​យើង​កំពុង​អំពាវ​នាវដល់​រដ្ឋាភិបាលអូស្ត្រាលីឲ្យ​ធ្វើ​នោះ​គឺត្រូវ​ប្រកាន់​គោល​ជំហររឹង​មាំ​ជាង​អ្វីដែល​រដ្ឋាភិបាល​នេះ​ធ្លាប់​ធ្វើ​កន្លង​មក​ទាក់​ទង​នឹង​ការបោះឆ្នោតនេះ​ ហើយត្រូវ​និយាយ​ថា​ ការ​បោះឆ្នោត​នេះនឹងមិន​អាច​ជឿទុក​ចិត្ត​បាន ​ឬស្របច្បាប់​ឡើយ​ ដរាប​ណាបទ​ដ្ឋានវាយ​តម្លៃ​មួយ​ចំនួន​ ដែលបាន​កំណត់​នៅក្នុងចលនាគាំទ្រ​លទ្ធិ​ប្រជា​ធិប​តេយ្យ​មិន​ត្រូវ​បាន​ឆ្លើយ​តបជា​មុន ​ហើយបទដ្ឋាន​វាយ​តម្លៃទាំង​នេះ​រាប់​បញ្ចូល​ទាំង​ការ​ដោះលែងអ្នក​ទោស​នយោបាយ​ទាំង​អស់»។

ក្រសួង​កិច្ចការ​បរទេស ​និង​ពាណិជ្ជ​កម្មរបស់​អូស្ត្រាលី​ បាន​ថ្លែង​ថា ​បើ​ទោះ​ជាមាន​«ការដាក់​លក្ខខណ្ឌ​កម្រិត​ធ្ងន់​ៗជាយូរមកហើយ»ក៏​ដោយ​ ខ្លួន​មិន​អាច​វិនិច្ឆ័យ​ជា​មុន​ចំពោះ​ដំណើរ​ការ ឬ​លទ្ធផលនៃ​ការបោះឆ្នោតនេះ​ទេ»។

អូស្ត្រាលីមាន​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​នឹងភូមា​ បើ​ទោះ​ជាទំនាក់​ទំនង​ទ្វេរ​ភា​គីមាន​ភាព​ល្អក់កករ ដោយ​សារ​តែការ​ព្រួយ​បារម្ភរបស់​ទី​ក្រុង​កង់​បេ​រ៉ា ចំពោះ​«ការ​គៀប​សង្កត់ទៅ​លើ​លទ្ធិ​ប្រជាធិប​តេយ្យ» ​និង​«ការ​មិន​គោរព»សិទ្ធិ​មនុស្ស​។

ប្រទេស​ញ៉ូវហ្សី​ឡែនស្ថិត​ក្នុង​ចំណោមប្រទេស​មួយ​ចំនួន ​ដែល​ផ្តល់​ការ​គាំទ្រ​របស់​ខ្លួនចំពោះគណៈ​កម្មការ​ស៊ើប​អង្កេត​ (Commission of Inquiry) ​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​នឹង​ត្រូវ បង្កើតឡើង​ ដើម្បី​ស៊ើប​អង្កេតទៅ​លើ​ការ​ចោទ​ប្រកាន់​ទាក់​ទឹន​នឹង​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំងនឹងមនុស្ស​ជាតិ​នៅភូមា។ ប្រទេស​បារាំង ​កាណាដា ​និង​ហូឡង់​ដ៍​ ក៏​បាន​សន្យាផ្តល់ការ​គាំ​ទ្រ​របស់​ខ្លួន​ដែរ​ ខណៈ​ដែលការ​ប្រឆាំងជា​អន្តរ​ជាតិទៅ​នឹង​មេដឹក​នាំ​យោធា​នៅ​ភូមា ​បាន​កើន​ឡើងនៅ​មុន​ពេលការ​បោះឆ្នោត​ក្នុង​ខែ​វិច្ឆិកា​នេះ៕

ប្រែ​សម្រួល​ដោយ​ លោក លី​ សុខឃាង

XS
SM
MD
LG