នាយករដ្ឋមន្រ្តីប្រទេសអូស្រ្តាលី លោក តូនី អាបូត (Tony Abbott) បានពណ៌នាការចាប់ធ្វើជាចំណាប់ខ្មាំងនៅឯហាងកាហ្វេក្នុងទីក្រុងស៊ីដនីថាជា «ជម្ងឺរវើរវាយនៃបុគ្គលមានបញ្ហាសតិអារម្មណ៍» (sickness fantasy of a disturbed individual)។
នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្រ្តីអាបូត បានចូលរួមជាមួយប្រជាពលរដ្ឋអូស្រ្តាលីដើម្បីកាន់ទុក្ខជនរងគ្រោះពីការឡោមព័ទ្ធ ដែលបានបញ្ចប់ដោយប៉ូលីសបានធ្វើការវាយឆ្មក់ដើម្បីរំដោះចំណាប់ខ្មាំង។ ចំណាប់ខ្មាំង២នាក់ហើយនិងជនប្រដាប់អាវុធម្នាក់ បានត្រូវសម្លាប់នៅក្នុងការបាញ់ប្រហារគ្នា។
បន្ទាប់ពីដាក់ផ្កានៅឯកន្លែងរំឮកវិញ្ញាណក្ខន្ធ លោកនាយករដ្ឋមន្រ្តីអាបូត បានពណ៌នាជនសង្ស័យដែលមានដើមកំណើតអ៊ីរ៉ង់ថាជាបុរសមានការរវើរវាយ ហើយបាននិយាយថា ជននោះមានប្រវត្តិឧក្រិដ្ឋកម្ម ជម្ងឺសរសៃប្រសាទ ជាយូរយាណាស់មកហើយ ព្រមទាំងការពាក់ព័ន្ធក្នុងលទ្ធិជ្រុលនិយម។
ជនសង្ស័យត្រូវបានកំណត់អត្តសណ្ណាណថាមានឈ្មោះ Man Haron Monis អាយុ៥០ឆ្នាំ ដែលឈ្មោះនេះត្រូវបានស្គាល់ច្រើនមកហើយដោយក្រុមអាជ្ញាធរអូស្រ្តាលី ក៏ប៉ុន្តែលោក Abbott បាននិយាយថាបុរសនោះមិនមានឈ្មោះនៅក្នុងបញ្ជីឃ្លាំមើលភេរវជនទេ។
បព្វជិតអ៊ីស្លាមដែលតែងតាំងដោយខ្លួនឯង បានស្ថិតនៅក្រៅឃុំដោយសារការបង់ប្រាក់ធានា បន្ទាប់ពីរងការចោទប្រកាន់ពីការសម្លាប់អតីតប្រពន្ធរបស់ខ្លួន។ ជននេះក៏ត្រូវបានរកឃើញថាមានទោសពីការផ្ញើរលិខិតគម្រាមកំហែងទៅឲ្យឪពុកម្តាយរបស់ទាហានអូស្រ្តាលីដែលបានស្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ក្នុងអំឡុងពេលនៃការប្រឈមគ្នានោះ Monis បានបង្ខំក្រុមចំណាប់ខ្មាំងឲ្យលើកទង់ជាតិដោយមានសរសេរសេចក្តីថ្លែងពីជំនឿអ៊ីស្លាម។ ក្នុងសេចក្តីថ្លែងការណ៍ទៅកាន់បណ្តាញផ្សព្វផ្សាយព័ត៌មាន Monis បាននិយាយថា ខ្លួនគាំទ្រក្រុមរដ្ឋអ៊ីស្លាម៕