កម្មករម្នាក់បានស្លាប់ និងមនុស្ស ៤នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យឆេះរោងចក្រកាត់ដេរមួយកន្លែង ក្នុងខេត្តកណ្តាល នាថ្ងៃព្រហស្បតិ៍ ដែលកើតចេញពីការផ្ទុះបំពង់ឧស្ម័ននៅកន្លែងស្តុកសារធាតុគីមី។ នេះបើតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
រោងចក្រកាត់ដេរសម្លៀកបំពាក់នោះ មានឈ្មោះថា យីដា មេនូហ្វេកធីរើ ខូ អិលធីឌី (Yi Da Manufacturer Co Ltd) ដែលមានទីតាំងក្នុងភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
យោងតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ៦និង៤០នាទីព្រឹក ហើយការឆេះដំបូងបណ្ដាលមកពីផ្ទុះឧបករណ៍ផ្ទុកសារធាតុគីមីនៅក្នុងរោងចក្រ។ កម្មការិនីម្នាក់ដែលជាអ្នកមើលការខុសត្រូវនៅទីនោះបានស្លាប់ ដោយសារតែមិនអាចរត់ចេញទាន់។
អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ថា៖ «ភ្លាមៗនោះ ក្រុមកម្មករបានរត់គេចចេញពីកន្លែងកើតហេតុអស់ នៅសល់តែស្ត្រីរងគ្រោះដែលជាអ្នកមើលការខុសត្រូវទីតាំងស្តុកគីមីនោះ មិនអាចរត់ចេញបាន ក៏ត្រូវថប់ខ្យល់ស្លាប់តែម្តងទៅ»។
លោក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ ប្រាប់វីអូអេថា អគ្គិភ័យនេះទំនងកើតឡើងដោយសារការផ្ទុះឧបករណ៍ផ្ទុកសារធាតុគីមីនៅក្នុងរោងចក្រនោះ។
លោកថ្លែងថា៖ «គឺថាវាអាចផ្ទុះចេញពីអាកន្លែងស្តុកសារធាតុគីមី តែយើងអត់ទាន់ដឹងអីទេតែយើងគ្រាន់តែថាចាំមើលរបាយការណ៍លម្អិតសិន នេះតាមការស៊ើបបឋមទេ»។
បើតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គិភ័យក្នុងរោងចក្រនេះត្រូវបានពន្លត់រួចរាល់ ដោយប្រើរថយន្ដពន្លត់អគិ្គភ័យសរុប ១៥គ្រឿង។
សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ នាថ្ងៃព្រហស្បតិ៍នេះ ដោយលើកឡើងថា រោងចក្រដែលឆេះនេះត្រូវបានគេស្គាល់ថាជារោងចក្រមានស្តង់ដារសុខភាព និងសុវត្ថិភាពការងារខ្ពស់ ហើយរោងចក្រក៏បានបំពាក់នូវឧបករណ៍ចាំបាច់ និងបានរៀបចំចក្រទ្វារអាសន្នបានគ្រប់គ្រាន់។
សមាគមបញ្ជាក់ថា អគ្គិភ័យនេះបានសម្លាប់កម្មការិនីម្នាក់ ឈ្មោះ សុច ឆវី ដែលមានតួនាទីជាប្រធានផ្នែក។ សមាគមក៏បានក្រើនរំឭកដល់រោងចក្រដែលជាសមាជិកឲ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់បន្ថែមទៀតលើសុវត្ថិភាពឧស្សាហកម្ម៕
វេទិកាបញ្ចេញមតិ