ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ពី​បទ​«ញុះញង់​ឲ្យ​មាន​ការ​រើសអើង»​ ក្រោយ​បង្ហោះ​​វីដេអូ​ជេរ​ប្រមាថ​ជាតិសាសន៍ខ្មែរ​តាម​ហ្វេសប៊ុក


អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ​​យិន ហេង​ ឬ​​«ចំប៉ីខ្មៅ» ដែលត្រូវបានចាប់ខ្លួន បន្ទាប់​ពី​បុគ្គល​​នេះ​បាន​បង្ហោះ​វីដេអូ​មួយ​​ដែល​បាន​ធ្វើ​ការ​ជេរប្រមាថ​​ជាតិសាសន៍​ខ្មែរ។ (រូបថត៖ ហ្វេសប៊ុកចំប៉ីខ្មៅ)
អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ​​យិន ហេង​ ឬ​​«ចំប៉ីខ្មៅ» ដែលត្រូវបានចាប់ខ្លួន បន្ទាប់​ពី​បុគ្គល​​នេះ​បាន​បង្ហោះ​វីដេអូ​មួយ​​ដែល​បាន​ធ្វើ​ការ​ជេរប្រមាថ​​ជាតិសាសន៍​ខ្មែរ។ (រូបថត៖ ហ្វេសប៊ុកចំប៉ីខ្មៅ)

សាលា​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​យុវជន​ម្នាក់​ ​ក្រោយ​ពី​យុវជន​រូប​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ ​និង​​បញ្ជូន​ទៅ​តុលាការ​ បន្ទាប់​ពី​បាន​បង្ហោះ​វីដេអូ​ដោយ​មាន​ប្រើ​ពាក្យ​ពេចន៍​ជេរ​ប្រមាថ​ជាតិ​សាសន៍ខ្មែរ។

សាលា​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ពុធ​នេះ​បាន​សម្រេច​ចោទ​ប្រកាន់​និង​បើក​ការ​ស៊ើប​អង្កេត​តាម​ផ្លូវ​ច្បាប់លើ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ ឈ្មោះ​យិន ហេង​ ឬ«ចំប៉ីខ្មៅ»​ បន្ទាប់​ពី​បុគ្គលនេះ​បាន​បង្ហោះ​វីដេអូ​មួយដែល​បាន​ធ្វើ​ការ​ជេរប្រមាថជាតិសាសន៍​ខ្មែរ។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

លោក​យិន ហេង​ ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ ជា​ភេទ​ទី​បី​ ​និង​មាន​ឈ្មោះ​ក្រៅ​ថា​«ចំប៉ីខ្មៅ»​បាន​បង្ហោះ​វីដេអូ​មួយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដោយ​បាន​ប្រើ​ពាក្យ​ពេចន៍​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ​ និង​ប្រទេស​ជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ​បន្ទាប់​ពី​បុគ្គល​នេះ​បាន​អះអាង​ថា មនុស្ស​បី​នាក់​ខោក​ក្បាល​ខ្លួន។​

​វីដេអូ​របស់​បុគ្គល​ឈ្មោះយិន ហេង​ ត្រូវ​បាន​ចែកចាយ​បន្ត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ខឹង​សម្បារ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម។​ ​នៅ​ថ្ងៃ​បន្ទាប់​លោក​យិន ​ហេង ​បាន​បង្ហោះ​វីដេអូ​សុំ​ទោស​ជា​សាធារណៈ។​ យ៉ាង​ណា​ក៏ដោយ​ ​នៅ​យប់​ថ្ងៃ​ដដែល​ ​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​បាន​ចាប់​ខ្លួន​លោក​យិន ហេង​ ឬ​ចំប៉ីខ្មៅ ​ដើម្បី​ធ្វើ​ការ​សាកសួរ​នឹង​កសាងសុំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

លោកលី សុផាណា​ អ្នក​នាំពាក្យសាលារាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ល្ងាច​ថ្ងៃ​ពុធ​នេះ​ថា​ ​តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់បុគ្គល​ឈ្មោះ យិន ហេង​ ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើងតាម​មាត្រា​៤៩៤ ​និង​មាត្រា​៤៩៦នៃ​ក្រម​ព្រហ្មទណ្ឌ​ ​ហើយ​បញ្ជូន​ទៅ​ចៅក្រម​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី។​

លោកលី សុផាណា​ បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​តេឡេក្រាម​យ៉ាង​ដូច្នេះ៖​

«តំណាង​អយ្យការ​បាន​សម្រេច​បើក​ការ​ស៊ើប​សួរ​ដោយ​ចោទ​ប្រកាន់​លើ​ឈ្មោះ​ យិន ហេង ហៅ​ចំប៉ី​ខ្មៅ ​តាមមាត្រា​ ៤៩៤ ​និង​មាត្រា​ ៤៩៦ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ពី​បទ​ញុះញង់​ឲ្យមាន​ការ​រើសអើង​ ហើយ​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី»។

បើ​តាម​ក្រម​ព្រហ្មទណ្ឌ​ ​លោក​យិន ហេង ហៅ​ចំប៉ី​ខ្មៅ​ អាច​ប្រឈម​នឹង​ទោស​ទណ្ឌ​ជាប់​ពន្ធនាគារ​ពី​មួយ​ឆ្នាំទៅ​បី​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពីពីរលាន​រៀលទៅប្រាំ​មួយ​លាន​រៀល។

លោកអំ សំអាត​ ប្រធាន​ផ្នែកស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​គឺ​អង្គការ​លីកាដូ​ បាន​លើក​ឡើង​ថា ​ការ​បញ្ចេញ​ពាក្យ​ពេចន៍​អសុរស​តែងតែ​នាំ​ឲ្យ​មាន​ប្រតិកម្ម​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​នៅ​កម្ពុជា​ តួយ៉ាង​ដូចជាករណី​បុគ្គល​ ឈ្មោះ​យិន ហេង​ជា​ដើម។​

យ៉ាង​ណា​ក្តី​ ​លោកអំ សំអាត​ ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​ឡើង​វិញ​ដែរ​ ចំពោះ​រាល់​សកម្មភាព ​ឬ​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​បែប​ប្រមាថ​ ដែល​មាន​ពី​មុន​មក​ផង​ដែរ​ និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ស្មើ​ភាព​គ្នា។

លោក​បាន​និយាយ​ថា៖​

«ខ្ញុំ​ឃើញ​មាន​គណបក្ស​នយោបាយ​មួយ​ ដែល​គាត់​និយាយ​អំពី​បញ្ហា​ខ្មែរ​ បញ្ហា​អី​ រហូត​ដល់​ចង់​បង្កើត​កោះ​ បង្កើត​អី​ច្រើន​ដែរ។​ ផ្តាច់​សុំ​បង្កើត​ប្រទេស​មួយ​ បើ​អាច​អី។មើល​ទៅ​យើង​ធៀប​ជា​ពាក្យ​ពេចន៍​ទៅ​ ​វា​ស្រដៀងៗ​គ្នា​ដែរ។​ ប៉ុន្តែ​កាល​ណោះ​គេ​ចាត់​ទុក​ថា ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​គាត់​ទៅ​ណា។ ​អ៊ីចឹងបញ្ហា​ទាំង​អស់​នេះ​គឺយើង​គួរ​តែ​ពិនិត្យ​ឡើង​វិញ​ដែរ​ ទៅ​លើ​ពាក្យ​ពេចន៍​នៃ​ការ​ប្រើប្រាស់។​ អ៊ីចឹង​បាន​ថា​ សិទ្ធិ​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ ប៉ុន្តែ​គ្រាន់​ថាច្បាប់​យើង​មាន​ការ​កំណត់​លើ​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ផង​ដែរ​ គ្រាន់​ថា​យ៉ាង​ណា​ គួរ​តែ​មាន​ការ​អនុវត្ត​ឲ្យ​វា​មាន​ស្មើភាព​គ្នា​ បាទ»។​

ស្រប​ពេល​ដែល​ចំនូន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​នៅ​កម្ពុជា​កំពុង​តែ​បន្ត​កើន​ឡើង ​រាល់​ការ​បង្ហោះ​សារ​ ឬ​វីដេអូ​ ដែល​មាន​លក្ខណៈ​ចម្រូង​ចម្រាសតែង​តែ​នាំ​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង​ពី​មហាជន ​ពិសេស​ពាក់​ព័ន្ធ​នឹង​បញ្ហា​ប្រទេស​ជាតិ​ ឬ​ជាតិ​សាសន៍​ ដែល​នៅ​ក្នុង​ករណី​ខ្លះគេ​ក៏​ឃើញ​មាន​ការ​គំរាម​ប្រើ​អំពើ​ហិង្សាទៅ​លើ​បុគ្គល​ដែល​ប្រើប្រាស់​ពាក្យ​សម្តី​បែប​ប្រមាថ​នោះ​ផង​ដែរ។​

អង្គការ​យូនីសេហ្វ​ UNICEF​ កាល​ពីថ្ងៃ​អង្គារ​បាន​ព្រមាន​ និង​អំពាវនាវ​ឱ្យ​មាន​ការ​ទប់ស្កាត់​សកម្មភាព​រក​រឿង​ឈ្លោះ ​និង​បៀតបៀន​លើ​យុវជន​កម្ពុជា​ដែល​កំពុង​ប្រើប្រាស់​អ៊ីនធឺណេត​ ខណៈ​យុវជន​ខ្មែរ​ជាង​៨៥​ភាគរយកំពុង​ប្រើប្រាស់​បណ្តាញ​ដ៏​មាន​ឥទ្ធិពល​នេះ៕

XS
SM
MD
LG