ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​​រៃអង្គាស​មូលនិធិ​ឲ្យ​ស្ត្រី​កម្ពុជា​បញ្ចេញ​ស្នាដៃ​ដឹកនាំ​​​រឿង​ទទួល​ការ​គាំទ្រ​លើស​ការ​គ្រោងទុក


កញ្ញា​ សាន​ ដានិច​ អ្នកដឹកនាំខ្សែភាព​យន្ត​ខ្លី​រឿង​ «អ៊ុង​» ពិភាក្សា​ជាមួយ​តួអង្គ​ និងតេស្តសាកល្បង​ត្រៀម​សម្តែង​រឿងថ្មី, នៅរាជធានី​ភ្នំពេញ​, នៅថ្ងៃទី២ ខែ​មករា​ ឆ្នាំ​ ២១០៨។ (ខាន់​ សុគុំមនោ​/VOA)
កញ្ញា​ សាន​ ដានិច​ អ្នកដឹកនាំខ្សែភាព​យន្ត​ខ្លី​រឿង​ «អ៊ុង​» ពិភាក្សា​ជាមួយ​តួអង្គ​ និងតេស្តសាកល្បង​ត្រៀម​សម្តែង​រឿងថ្មី, នៅរាជធានី​ភ្នំពេញ​, នៅថ្ងៃទី២ ខែ​មករា​ ឆ្នាំ​ ២១០៨។ (ខាន់​ សុគុំមនោ​/VOA)

យុទ្ធនាការ​ «សំឡេង​នៃ​អនាគត»​ ឬ​ ​«Echoes from Tomorrow»​ ដើម្បី​ផលិត​ខ្សែ​ភាពយន្ត​ខ្លី​និង​ភាពយន្ត​ឯកសារ​៣​រឿង ទទួល​បាន​ការ​គាំទ្រ​ដល់ ​២៤.០០០​ ​ដុល្លារ គឺ​ច្រើន​ជាង​​ការ​រំពឹង​ទុក​ត្រឹម​តែ​ ​១៥.០០០​ ដុល្លារ​ ​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​សប្តាហ៍​ដំបូង​នៃ​ដើម​ឆ្នាំ​ ២០១៨​ ​នេះ ​សាន ដាណិច ​ដឹកនាំក្រុម​ការងារ​ថត​ខ្សែ​ភាពយន្ត​មួយ​ក្រុម​ ​ដើម្បី​ថត​រឿង​ខ្លី​ ​ដោយបាន​រៀបចំ​ប្លង់​ថត​នៅ​តាម​ដង​ព្រែក​ខេត្ត​កំពត។ នេះ​គឺ​ជា​ការ​ចាប់​ផ្តើម​ឆ្នាំ​ថ្មី​ ដ៏​រំភើប​ចំពោះ​ សាន ​ដាណិច​ វ័យ​ ២៧ឆ្នាំ​ ​ដែល​ទើប​នឹងក្លាយ​ជា​អ្នក​ដឹកនាំ​កុន​លើក​ដំបូង​ក្នុង​ជីវិត​របស់កញ្ញា ​ក្រោយ​កញ្ញា​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​បាន​ ​៣ឆ្នាំ​ ​ដែល​អំឡុង​ពេល​នោះ​ កញ្ញា​បាន​ចម្អន់​ខ្លួន​ឯង​ និង​ក្រុម​ការងារ​ផលិត​កុន​ដទៃ​ទៀត​ដែល​មិន​មែន​ជា​អ្នក​ដឹកនាំ​ និង​ផលិតករថា​ «កម្មករ​កុន»។​

កញ្ញា​ថ្លែង​ប្រាប់ VOA ថា៖

«ពេល​ធ្វើ​ការ​ក្នុង​វិស័យ​ភាពយន្ត​ហ្នឹង​ ខ្ញុំ​ព្យាយាម​សាក​គ្រប់​ផ្នែក។​ ​ចាប់ផ្តើម​ពីដំបូង​ ​ដូច​យើង​យក​បាយ​ទឹក​ឲ្យ​ក្រុម​ការងារ​ ​និង​ឲ្យ​តួ​អញ្ចឹង​ ព្រោះខ្ញុំ​ចង់​ដឹង​ថា​ ទម្រាំ​ខ្ញុំ​ធ្វើ​កុន​មួយ​ ​យើង​ត្រូវ​ដឹង​អ្វីខ្លះ​ អ្នក​ណា​ខ្លះ​ និង​ជំនាញ​អ្វី​ខ្លះ»។​

​សាន ដាណិច​ ​គឺ​ជា​អ្នក​ដឹកនាំ​រឿង​ជា​ស្រី្ត​មួយ​រូប​ ​ក្នុង​ចំណោម​៣​រូប​ ដែល​នាំ​ខ្សែ​ភាពយន្ត​ចំនួន​៣​ ​ក្នុង​ឆ្នាំ​២០១៨​នេះ នៅ​ក្នុង​គម្រោង​រួម​គ្នា​មួយ​ហៅ​ថា​ ​«សំឡេង​នៃ​អនាគត»​ ​ឬ​ ​«Echoes from Tomorrow»។ គម្រោង​ដែល​ទទួល​ការ​ឧប្ថម្ភ​ពី​ការ​រៃ​អង្គាស​នេះ​បាន​ជួយ​ជំរុញ ​និង​បើក​ឱកាស​ ​ឱ្យ​អ្នក​ដឹកនាំ​រឿង​ជា​ស្ត្រី​បាន​ចូលរួម​បញ្ចេញ​ស្នាដៃ​ដឹកនាំ​រឿង​របស់​ពួក។​

ក្នុង​នោះកញ្ញា​ សាន ដាណិច​ ​នឹង​ដឹកនាំ​ភាពយន្ត​ខ្លី​ដែល​មាន​ចំណង​ជើង​ថា​ «អ៊ុង»​ ​ដែល​និយាយ​អំពី​ការ​ស្វែង​យល់​អំពី​ខ្លួន​ឯង ​តាម​រយៈ​ការ​ប្រើ​មនោសញ្ចេតនា​ទៅ​នឹង​ធម្មជាតិ​ ភាព​ស្ងប់ស្ងាត់​ ​និង​សន្ទនា​ក្នុង​ចំណោម​មិត្តភក្តិ​ស្និទ្ធស្នាល។​

កញ្ញា​ សាន​ ដានិច​ អ្នកដឹកនាំខ្សែភាព​យន្ត​ខ្លី​រឿង​ «អ៊ុង​» ពិភាក្សា​ជាមួយ​តួអង្គ​ និងតេស្តសាកល្បង​ត្រៀម​សម្តែង​រឿងថ្មី, នៅរាជធានី​ភ្នំពេញ​, នៅថ្ងៃទី២ ខែ​មករា​ ឆ្នាំ​ ២១០៨។ (ខាន់​ សុគុំមនោ​/VOA)
កញ្ញា​ សាន​ ដានិច​ អ្នកដឹកនាំខ្សែភាព​យន្ត​ខ្លី​រឿង​ «អ៊ុង​» ពិភាក្សា​ជាមួយ​តួអង្គ​ និងតេស្តសាកល្បង​ត្រៀម​សម្តែង​រឿងថ្មី, នៅរាជធានី​ភ្នំពេញ​, នៅថ្ងៃទី២ ខែ​មករា​ ឆ្នាំ​ ២១០៨។ (ខាន់​ សុគុំមនោ​/VOA)

​អ្នក​ដឹកនាំ​ម្នាក់​ទៀត​ គឺអ្នក​ស្រី​ មាស​ ស្រីលីន នឹង​ដឹកនាំ​ភាពយន្ត​ខ្លី​ដែល​មាន​ចំណង​ជើង​ថា​ «សួន»​ ​ដែល​បង្ហាញ​ពី​ការ​ចាកចេញ​មួយ​រយៈ​ពី​ការណ៍​ពិត​នៃ​ជីវិត​មួយ​ដែល​ពោរពេញ​ដោយ​សម្ពាធ​ និង​បញ្ហា​ដែល​ពិបាកៗ​ប្រឈម​ក្នុង​ជីវិត​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ។

ចំណែក​កញ្ញា​ ទិត្យ កន្និថា​ នឹង​ដឹកនាំ​ភាពយន្ត​ឯកសារ​ ដែល​មាន​ចំណង​ជើង​ថា​ ​«ប្រសព្វ»​ ​ក្នុង​គោលបំណង​ស្រាវជ្រាវ និង​ជំរុញ​កិច្ច​សន្ទនា​រវាង​អ្នក​ជំនាន់​ថ្មី​ និង​អ្នក​ជំនាន់​មុនដែល​បានចូល​រួម​កសាង​និង​អភិវឌ្ឍ​សិល្បៈ​ខ្មែរ។​

ចំណុច​រួម​នៃ​ខ្សែ​ភាពយន្ត​របស់​អ្នក​ដឹក​នាំ​កុន​ស្ត្រី​ទាំង​៣​នាក់​នេះ​ គឺ​ការ​ស្វែង​រក​អត្តសញ្ញាណ​ និង​ទំនាក់ទំនង។​

​កញ្ញា​ ​ដាណិច​ ​បាន​ឲ្យ​ដឹង​ថា៖​

«ភាពយន្ត​ផ្តល់​សេរីភាព​មួយ​ឲ្យ​ខ្ញុំ​ក្នុង​ការ​បញ្ចេញ​យោបល់​ និង​ទស្សន​ខ្លួន​ឯង​ ជា​កន្លែង​មួយ​ដែល​ផ្តល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​យោបល់​ និង​បញ្ចេញ​មតិ​ខ្លួនឯង»។

​គម្រោង​ «សំឡេង​នៃ​អនាគត»​ ឬ «Echoes from Tomorrow» បាន​ផ្តល់​ឱកាស​ដល់​ស្ត្រី​ទាំង​បី​ដឹកនាំ​កុន​ជា​លើក​ដំបូង​បំផុត​ក្នុង​ជីវិត​របស់​ពួកគេ។​

​ក្នុង​រយៈ​ពេល​តែ​២​សប្តាហ៍​ គម្រោង​ «សំឡេង​នៃ​អនាគត»​ ឬ «Echoes from Tomorrow» នេះ​ ប្រមូល​មូលនិធិ​បាន​ ២៤.០០០​ ដុល្លារ​ ពី​អ្នក​ស្រឡាញ់​វិស័យ​ភាពយន្តជុំវិញ​សាកលលោក​ តាម​រយៈ​ការ​ធ្វើ​យុទ្ធនាការ​តាម​ប្រព័ន្ធ​អ៊ិនធឺណេតមួយ​ ​លើស​ពី​គោលដៅដែល​ដំបូង​ឡើយ​កំណត់​ត្រឹម​ ១.៥០០០ ដុល្លារ។

ការ​គាំទ្រ​ជា​ថវិកា​ច្រើន​យ៉ាង​ដូច្នេះ​ ត្រូវ​បាន​ក្រុម​អ្នកដឹក​នាំ​រឿង​ទាំង​នេះ​យល់​ថា​ ដោយសារ​តែ​ការទទួលស្គាល់​អំពី​សារៈសំខាន់​នៃ​ការ​ផលិតកុន​ដោយ​ក្រុម​អ្នកដឹកនាំ​ខ្សែ​ភាពយន្ត​ជា​ស្ត្រី​នៅ​កម្ពុជា​ ​ហើយ​មហាជន​ចង់​ក្លាយ​ជា​ចំណែក​មួយ​ដែល​ជំរុញ​កំណើន​នៃ​ការ​ផលិតកុន​ចេញ​ពី​រឿង​របស់​កម្ពុជា។

កញ្ញា​ ដាណិច និយាយ​បន្ត​ថា៖

«ទាំង​អស់​គ្នា​សុទ្ធ​តែ​ធ្លាប់​ធ្វើ​ការ​ តែ​យើង​មិន​ដែល​កាន់​ផ្នែក ​Creative [បញ្ចេញ​គំនិត] ផ្នែក​សរសេរ​អ្វី​ទេ​ ហើយ​ទាំង​អស់​គ្នា​អត់​ដែល​នៅ​លើ​ spotlight ទេ មាន​ន័យ​ថា​យើង​ធ្វើ​ការ​តែ​នៅ​ពី​ក្រោយ​ ចាំ​ជួយ​គេ​អញ្ចឹង។ អញ្ចឹង​ ដាវី​ យល់​ថា​ ហេតុ​អ្វី​មិន​ព្រម​បង្កើត​ឱកាស​មួយ​សម្រាប់​ពួក​ខ្ញុំ​៣​នាក់​សាក​ល្បង ថា​ក្លាយ​ជា​អ្នក​និពន្ធ​ និង​អ្នក​ដឹកនាំ​គឺ​បែប​ណា។ ពួក​ខ្ញុំ​មិន​ដែល​គិត​ថា​ចង់​ធ្វើ​ជា​អ្នក​ដឹកនាំ​ទេ។ សម្រាប់​ពួក​ខ្ញុំ​វា​ថ្មី។»​

គម្រោង«សំឡេង​នៃ​អនាគត»​ ​នេះ​ផ្តើមឡើង​ដោយ​ក្រុមផលិតកម្ម​ Anti-Archive។​ ​ភាគ​ច្រើន​នៃ​ខ្សែ​ភាពយន្ត​ដែល​ផលិត​ចេញ​ពី​ផលិតកម្ម​មួយ​នេះ​ ​ជា​ប្រភេទ​ខ្សែ​ភាពយន្ត​បង្ហាញ​សាច់រឿង​តាម​ការ​ប្រើ​ប្រាស់​សិល្បៈ [arthouse film] ដើម្បី​បង្ហាញ​គំនិត​អ្នក​និពន្ធ​ និង​ក្នុង​គោលបំណង​បង្ហាញ​គំនិត​ផ្ទាល់ខ្លួន​អ្នក​និពន្ធ​ជា​ជាង​ការ​បម្រើ​ដល់​ការ​បំពេញ​ចិត្ត​របស់​អ្នក​ទស្សនា​ដើម្បី​ចំណូល​ និងអាជីវកម្ម។​

ផលិតករ​ ជូ ដាវី ដឹក​នាំ​រឿងដែល​មាន​ចំណង​ជើង​ថា «កោះពេជ្រ»​ ដែល​ត្រូវបាន​ដាក់​បញ្ចាំង​នៅ​ក្នុង​ពិធី​មហោស្រព​ភាពយន្ត Cannes របស់​បារាំង​ជា​សហស្ថាបនិក​មួយ​រូប​នៃ​ផលិតកម្ម។​ ​លោកបាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​ដើម​ឡើយមិន​មាន​បំណង​ស៊ី​ជម្រៅ​ថា​ត្រូវ​តែ​លើក​កម្ពស់​ស្ត្រី​នោះទេ។​

«កាល​ពី​ពីរ​បី​ខែ​មុន​ ក្រុម​ការងារ​យើង​បាន​ប្រជុំ​គ្នា​ ហើយ​ស្រាប់​តែ​នឹក​ឃើញ​ថា ​មាន​មនុស្ស​បី​នាក់​ក្នុង​ក្រុម​ដែល​ធ្វើ​ការ​ស្ទើរ​គ្រប់​ផ្នែក និង​តួនាទី​ តែ​មិន​ដែល​បាន​ធ្វើ​អ្នក​ដឹកនាំ​ដូចគេ។ ហើយ​ចៃដន្យ​ ទាំងបី​អ្នក​សុទ្ធ​តែ​ជា​ស្ត្រី»។ ​

វិស័យ​ភាពយន្តនៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ចាប់​រីក​លូតលាស់​ឡើង​វិញ​ក្នុង​រយៈ​ពេល​ប្រមាណ​ ៤​ទៅ​៥​ឆ្នាំ​ចុង​ក្រោយ​ តាម​រយៈ​ការ​រីក​លូតលាស់​នៃ​រោង​ភាពយន្ត​ទំនើបៗ​ជា​បន្តបន្ទាប់។ ការ​រៀបចំ​ឲ្យ​មាន​មហោស្រព​ភាពយន្ត​ជា​រៀងរាល់​ឆ្នាំ​ ការ​ទាក់ទាញ​ឲ្យ​មាន​ផលិតកម្ម​បរទេស​មក​ថត​សាច់រឿង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ការ​បង្កើតកម្មវិធី​មើល​ភាពយន្ត​តាម​តម្រូវការ​លើ​ប្រព័ន្ធអ៊ិនធឺណេត​ (video on demand) និង​ការ​កើន​ឡើង​នៃ​ក្រុម​អ្នក​ផលិត​កុន​វ័យ​ក្មេង។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ លោក​ ដាវី​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​អាជីព​ជា​អ្នក​ដឹកនាំ​ខ្សែ​ភាពយន្ត​ ចំនួន​ស្ត្រី​នៅ​មាន​តិច​នៅ​ឡើយ​ ជា​ចំនួន​ដែល​លោក​អាច​រាប់អស់។​

​ជាក់ស្តែង​ អ្នកដឹក​នាំ​រឿង​ជា​ស្ត្រី​នៅ​កម្ពុជា​ដែល​គេ​ធ្លាប់ស្គាល់​មាន​ដូច​ជា​ អ្នក​ស្រី អួង កង់ធួក​ ដែល​ដឹកនាំ​រឿង​ «មួយ​ម៉ឺន​អាល័យ» និង​ «ពេល​ដែល​ត្រូវយំ» កាល​ពី​មុន​របបខ្មែរ​ក្រហម​ និង​បច្ចុប្បន្ន​មាន​ដូចជា​ ​អ្នកស្រី​ ពាន់​ ភួង​បុប្ផា​ ដែល​ល្បី​ល្បាញ​តាម​រយៈ​រឿង​ភាគ​ជា​ច្រើន​ និង​ជា​ពិសេស​រឿង​ «ទឹកចិត្ត​ម្តាយ» អ្នក​ស្រី​ សុទ្ធោ​ គូលីកា ដឹក​នាំរឿង​ «ដុំហ្វីល​ចុង​ក្រោយ»​ អ្នកស្រី​ កល្យានី ម៉ម​ ​ដឹកនាំ​រឿង​ «ក្បង់​ទឹក​ទន្លេ» អ្នកស្រី​ Caylee So និង​កញ្ញា សុធា អ៊ីណេស ​ជាដើម។

លោក​ ដាវី ​បន្ត​ថា​ ជា​ទូទៅ​ស្ត្រី​ដែល​ធ្វើ​ការ​ក្នុង​វិស័យនេះជា​ច្រើន​ធ្វើ​ជា​ជំនួយការ​នៃ​ក្រុម​ការងារ។

«គ្រាន់​តែ​យើង​ប្រាប់​អំពី​គំនិត​របស់​ក្រុម​ថា​យើង​ចង់​ឲ្យ​គេ​ដឹកនាំ​រឿង​ ពួក​គេ​ម្នាក់ៗឆ្លើយ​ភ្លាមៗ​ថា ​ពួកគេ​ចង់​ដឹកនាំ ​ហើយ​ពួកគេ​មាន​រឿង​រួច​ស្រាប់។​ វា​ដូច​ជា​បង្ហាញ​ថា​ ការ​ពិត​ទៅ​ពួកគាត់​ចង់​ដឹកនាំ​រឿង​ដែរ តែ​ពួកគេ​មិន​ហ៊ាន​បញ្ចេញ​មហិច្ឆតា​ទេ។​ ​នេះ​ក៏​ដូច​ជា​ឲ្យ​យើង​មើល​ឃើញ​ស្ទើរ​គ្រប់​ទី​កន្លែង​ថា ស្រីៗ​តែងតែ​ជួយ​ការងារ​ដល់​ប្រុសៗ ហើយ​ពួកគេ​មិន​សូវ​ជា​ហ៊ាន​បង្ហាញ​មហិច្ឆតា​ពិត​របស់​ពួកគេ​ដើម្បី​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ឡើយ»។​ ​

អ្នកស្រី ​មាស ស្រីលីន​ វ័យ ២៩​ឆ្នាំ ជា​អ្នក​ដឹកនាំ​រឿង​មួយ​រូប​ទៀត យល់​ថា​ ក្រុម​ការងារ​អ្នកស្រី​បាន​បង្កើត​គំរូមួយ​ដែល​មាន​លក្ខណៈ​ពិសេស​ ត្រង់​ថា​ មាន​ការ​ជជែក​គ្នា​អំពី​ការ​ផ្លាស់​ប្តូរ​វេន​ តំណែង​ និងតួនាទី​គ្នា​ ដែល​នេះ​បង្កើត​ជា​វប្បធម៌​មួយ​ធ្វើ​ឲ្យ​ក្រុម​ការងារ​បញ្ចេញគាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក។​

«អញ្ចឹង​បាន​ថា​វា​ប្លែក ដោយសារ​តែ​ភាគ​ច្រើន​ ពួក​ខ្ញុំ​ស្រីៗ​ភាគ​ច្រើន​ខ្ញុំ​ support partner ​[ជា​ជំនួយការ​ឲ្យ​ដៃគូ​ខ្លួន] ឬ​ធ្វើ​ការsupport ​ដាវី​ ក្នុង​នាម​ជា​មិត្តភក្តិ។ ពី​មុន​យើង​សុទ្ធ​តែ​ជា​អ្នក​ support ពួក​គាត់​ តែ​ឥឡូវ​នេះ​ គាត់​អ្នក support ពួកយើង​វិញ​។ អញ្ចឹង​យើង​ មាន​អារម្មណ៍​ថា​ប្លែក​ដែរ​ ដែល​កាល​ពី​មុន​យើង​ធ្វើ​ការ​ដើម្បី​ជំរុញ​អាហ្នឹង [ការផលិតកុន] តែឥឡូវ​ពួកគាត់​ធ្វើ​ការ​ហ្នឹង [ជំនួយការ] ​ទាំង​អស់​ដើម្បី​ឲ្យ​យើង​វិញ»។​

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ លោកស្រី ភឿង សកុណា​ ដែល​ទទួល​បាន​ព័ត៌មាន​អំពី​យុទ្ធនាការ​នេះ​មូលនិធិ​សម្រាប់​ផលិត​កុន​នេះ​ដែរ​បានឲ្យដឹង​ថា លោកស្រី​រំពឹង​យុវជន​ជា​អ្នក​ដឹកនាំ​រឿង​ជំនាន់​ថ្មី​បង្ហាញ​សាច់​រឿង​អំពី​តថភាព​ពិត​ក្នុង​សង្គម​។

លោកស្រី​បញ្ជាក់​ប្រាប់ VOA ថា៖

«ខ្ញុំបាន​មើល​ profile របស់​គាត់​ទាំង​បី​នាក់​ហ្នឹង​ដែរ​ និង​អ្វី​ដែល​គាត់​រៀបចំ​ធ្វើ។ ខ្ញុំ​យល់​ថា​ វា​នឹង​មាន impact [ការ​ជះ​ឥទ្ធិពល] ជា​គំរូ។ ប្រសិន​បើ​រឿង​ណា​បង្ហាញ​តថភាព​សង្គម​ និង​អប់រំ​នោះ​វា​ទាក់ទាញ​ចំណង់ចំណូល​ចិត្ត​អ្នក​មើក​ និង​ផ្សព្វផ្សាយ​ការ​ចេះ​ដឹង​ច្រើន»។

​ខ្សែ​ភាពយន្ត​ទាំង​បី​ត្រូវ​បាន​រៀបចំ​ថត​បន្តបន្ទាប់​គ្នា​ និង​ត្រូវ​បានគេរំពឹង​ថា​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ។​ ក្រុម​ផលិតករ​នៅ​មិន​ទាន់​បញ្ជាក់​ទេ​ថា ​តើ​នឹង​ចាក់​បញ្ចាំង​ជា​កញ្ចប់​រួម​គ្នា​ នៅ​ទីតាំង​ណា​ ឬ​ពេល​ណា​នោះ​ទេ​ ​ក៏​ប៉ុន្តែ​គោលបំណង​ធំ​គឺ​ដើម្បី​បញ្ជូន​ខ្សែ​ភាពយន្ត​ទាំង​នោះ​ទៅ​ប្រកួត​នៅ​ឆាក​អន្តរជាតិ​ និង​មហោស្រព​ភាពយន្ត​ក្នុង​ស្រុក​ ​និង​ក្រៅស្រុក​ដោយ​មិន​ផ្តោត​លើ​អាជីវកម្ម​នោះ​ទេ៕

XS
SM
MD
LG