ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅ​ជីវៈប្រវត្តិ​ផ្ទាល់ខ្លួន​របស់​លោក​ម៉ាក ថ្វេន លក់ដាច់បំផុត


លោកម៉ាក​ ថ្វេន (Mark Twain) នៅ​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ទីក្រុង​ញ៉ូយ៉ក​ ឆ្នាំ​១៨៧៤​ ទី​ដែល​គ្រួសារ​របស់​ស្នាក់នៅ​ពេល​រដូវក្តៅ​ និង​សសេរ។
លោកម៉ាក​ ថ្វេន (Mark Twain) នៅ​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ទីក្រុង​ញ៉ូយ៉ក​ ឆ្នាំ​១៨៧៤​ ទី​ដែល​គ្រួសារ​របស់​ស្នាក់នៅ​ពេល​រដូវក្តៅ​ និង​សសេរ។

វ៉ាស៊ីនតោន៖ ជីវៈប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​លោកម៉ាក​ ថ្វេន (Mark Twain) គឺ​ជា​សៀវ​ភៅ​ទី​មួយ​នៃ​សៀវ​ភៅ​ចំនួន​បី​ភាគ​ ដែល​ជា​កិច្ចការ​ចុង​ក្រោយ​បង្អស់​របស់​អ្នក​និពន្ធ​សាម៉ូអែល ក្លេមែនស៍ (Samuel Clemens) ដែល​ជា​ឈ្មោះ​ដើម​របស់​លោក​ ម៉ាក ថ្វេន។ នេះ​គឺ​ជា​លើក​ទី​មួយ​ ដែល​ការ​ងារ​ចុង​ក្រោយ​របស់​លោក ម៉ាក ថ្វេន ដែល​បាន​សរសេរ​សៀវ​ភៅ ដែល​មាន​ចំណង​ជើង​ថា Huckleberry Finn , Tom Sawyer និង The Prince and the Pauper ត្រូវ​បាន​បោះ​ពុម្ព​ទាំង​ស្រុង។

លោក រ៉ូបឺត ហឺសត៍​ (Robert Hirst) គឺ​ជា​អ្នក​ថែ​រក្សា​ឯក​សារ​និពន្ធ​ទាំង​ឡាយ​របស់​លោក​ ម៉ាក ថ្វេន នៅ​ឯ​សាកល​វិទ្យាល័យ​កាលី​ហ្វរ​ញ៉ា ប៊គ្លី (The University of California Berkley) ជា​ទី​ដែល​ប្រវត្តិ​របស់​លោក​ ម៉ាក ថ្វេន ត្រូវ​បាន​រក្សា​ទុក​តាំង​ពី​ឆ្នាំ​១៩៤៩។ លោក​ថ្លែងថា៖

«ហើយ​វា​ពិត​ជា​មិន​ទាន់​បានបោះ​ពុម្ព។ គាត់​បាន​និយាយ​យ៉ាង​ជាក់​លាក់ថា​ គាត់​មិន​ចង់​បោះ​ពុម្ពវាទាំង​ស្រុង​ទេ ​រហូត​ដល់​មួយ​រយ​ឆ្នាំ​បន្ទាប់​ពីគាត់​ស្លាប់»។

លោក ហឺសត៍ និយាយ​ថា អ្នក​និពន្ធ​ចង់​ឲ្យ​សេរីភាព​ក្លាយ​ជា​សច្ចៈភាព​ និង​ភាពស្មោះត្រង់​ស្រប​នឹង​គំនិត​របស់​លោក។ លោក​បន្ត​ថា៖

«ម៉ាក ថ្វេន មាន​ចិត្ត​ទន់។ គាត់​ចូល​ចិត្ត​និយាយ​ភាសា​កាចៗ ហើយ​គាត់ប្រសប់និយាយភាសា​កាចៗ ប៉ុន្តែ​គាត់​ពិត​ជា​មិន​ចង់​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​មាន​អារម្មណ៍​ឈឺ​ចាប់​នោះ​ទេ។ ហើយគាត់​ខ្លួន​ឯង​មិន​ចង់ឲ្យ​អ្នក​ផង​គេច​ពី​គាត់​ដោយសារ​តែ​គំនិត​ដ៏​វិសាមញ្ញ​របស់​គាត់​នោះ​ទេ»។

ដូចជា​ទស្សនៈ​របស់​លោក​អំពី​ទាហាន​អាមេរិក​ដែល​ច្បាំងនៅ​ហ្វីលីពិន​ក្នុង​សង្រ្គាម​រវាង​អាមេរិក និង​អេស្ប៉ាញ ក្នុង​ឆ្នាំ​១៨៩៨ ដែល​ត្រូវ​បាន​រាយ​ការណ៍ថា បាន​សម្លាប់​បុរស​ ស្ត្រី​ និង​ក្មេងៗ​ជន​ជាតិ​ដើម​ប្រមាណ​៦០០​នាក់ ជា​ពិសេស​អ្នក​ដែល​គ្មាន​លទ្ធភាព​ការពារ​ខ្លួន ដែល​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មាត់​ភ្នំ​ភ្លើង​អសកម្ម​មួយ។ នេះ​ជា​កម្រង​ដក​ស្រង់​មួយ​ពី​សៀវភៅ​របស់​លោក​ ថ្វេន៖

«ឧត្តមសេនីយ៍ វូដ (General Woods) មាន​វត្តមាន ​ហើយ​កំពុង​សម្លឹង​មើល។ បញ្ជា​របស់​គាត់​គឺ​សម្លាប់ ​ឬ​ចាប់​ខ្លួន​មនុស្ស​សាហាវៗ​ទាំង​នោះ។ ជាក់​ស្តែង កង​យោ​ធារបស់​យើង​បាន​ពិចារណា​ឃើញ​ថា បទ​បញ្ជា​អនុញ្ញាត​ឲ្យពួក​គេសម្លាប់​ ឬ​ចាប់​ខ្លួន អាស្រ័យ​ទៅ​លើ​ចំណូល​ចិត្ត​ ហើយ​ចំណូល​ចិត្តរបស់​ពួក​គេ​នៅ​ដូច​ដើម មិន​ប្តូរ​អស់​រយៈ​ពេល៨​ឆ្នាំ​មក​ហើយ នៅ​ក្នុង​ជួរកងទ័ព​របស់​យើង​នៅ​ទី​នោះ ដែលនោះ​គឺ​ជាចំណូល​ចិត្ត​នៃ​ឃាតករ​កាន់​សាសនាគ្រឹស្ត»។

លោក​ហឺសត៍​ថ្លែង​ថា៖

«នៅ​ពេល​លោក​ចាប់​ផ្តើម​រិះគន់​អាកប្ប​កិរិយា​ចក្រ​ពត្តិ​របស់​យើងនៅ​ហ្វី​លីពិន វា​បាន​បង្ហាញ​យើង​នូវការពិត។ យើង​បាន​មើល​ឃើញ​អាកប្ប​កិរិយា​ចក្រពត្តិ​មួយ​ចំនួន​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​យើង ដែល​មាន​លក្ខណៈ​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ។ មាន​រឿង​រ៉ាវ​គ្រប់​បែប​យ៉ាង​នៅ​ទី​នេះ ដែល​យើងចាប់​អារម្មណ៍ក្នុង​នាម​ជា​ប្រទេស​ជឿន​លឿន​មួយ។ លោក​គឺ​ជា​មនុស្ស​ម្នាក់​ដែល​សម្លឹង​មើល​ទៅ​មុខ។ លោក​មិនសម្លឹង​ថយ​ក្រោយ​ទេ»។

ហឺសត៍ ​និយាយ​ថា សូម្បី​តែទម្រង់​នៃ​ប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​ម៉ាក ថ្វេន ក៏​ប្រកប​ដោយ​ភាព​ឆ្នៃ​ប្រឌិត​ដែរ ដែល​ជា​ការ​តាំងចិត្ត​មួយ​ឈុត ដែល​គាត់​ចាប់​ផ្តើមសរសេរអំពី​រឿង​រ៉ាវ​ទាំង​ឡាយ​ណា​ដែល​គាត់​ចូល​ចិត្ត នៅ​ក្នុង​ឆ្នាំ​១៩០៦ នៅ​ពេល​គាត់​មាន​អាយុ​៧០​ឆ្នាំ។ លោក ហឺសត៍​បន្តថា៖

«គាត់​គឺ​ជា​មនុស្ស​មិន​រង​ការ​គាបសង្កត់​អ្វី​ទេ​ ដែល​គាត់​ពិត​ជា​អាច​និយាយ​អំពី​អ្វី​ ដែល​គាត់ចង់​និយាយ ហើយ​នៅ​ពេល​គាត់​បាត់​បង់​ចំណាប់​អារម្មណ៍​រហូត​ដល់កម្រិត​ទាប​បំផុត គាត់​នឹង​ប្តូរ​ទៅ​អ្វី​មួយ​ផ្សេង​ទៀត»។

ដោយសារ​សៀវ​ភៅ​នេះ​មិនត្រូវ​បាន​សរសេរ​តាម​លំដាប់​លំដោយ​នៃ​កាល​ប្បវត្តិ អ្នក​អាន​អាច​ចាប់​ផ្តើម​មើលចំណុច​ណា​មួយក៏​បាន​ ហើយ​សិក្សា​បន្ថែម​អំពី​មនុស្ស​ដែល​ជា​អ្នក​ផ្តល់​ការ​ជំរុញ​ទឹក​ចិត្ត​ដល់​តួ​អង្គល្បី​ល្បាញ​របស់​គាត់ ឬ​ជ្រើស​រើស​រឿងមួយ​អំពីការ​កើត​ជំងឺ​កញ្រ្ចិល​កាល​នៅ​វ័យ​ក្មេង ឬ​ការ​ជួប​ជា​មួយ​លោក​ប្រធានា​ធិប​តី ហ្គ្រូវ័រ គ្លីវលែនដ៍ (Grover Cleveland) ឬ​ ហិឡិន ខិល័រ (Helen Keller)។ ជា​ទូ​ទៅ​ លោក ថ្វេន បាន​បង្ហាញ​ពី​ភាព​កំប្លុក​កំ​ប្លែង​របស់​គាត់។ នេះ​ជា​កម្រង​ដក​ស្រង់​មួយ​ពី​សៀវភៅ​របស់​លោក​ ថ្វេន៖

«សំឡេង​ដំបូងរបស់ខ្ញុំ​គឺ​មិន​ពិត​ទេ ដោយ​ខ្ញុំ​ធ្វើ​ដូចជា​មាន​ម្ជុល​មួយ​ចាក់​ខ្ញុំ តែ​តាមពិត មិន​មាន​ទេ។ ខ្ញុំ​ចូល​ចិត្ត​របៀប​នេះ​ចាប់​តាំង​ពី​ពេល​នោះ​មក ជួន​កាល​ធ្វើ​បែប​នេះ​ដើម្បី​កំសាន្ត តែ​ធម្ម​តា​សម្រាប់​រក​ចំណូល»។

លោក ហឺសត៍ ថ្លែង​ថា៖

«ខ្ញុំ​គិត​ថា សំខាន់​គឺ​ភាពកំប្លែង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើងត្រឡប់​មក​អាន​វិញ។ វា​ជា​សៀវភៅ​ធ្វើ​ឲ្យ​អ្នក​រីករាយ​នឹងអាន ពីព្រោះ​អ្នក​មិន​អាច​ស្មាន​បាន​ថា ​នៅ​ពេល​ណា​គាត់​នឹង​និយាយ​អំពី​អ្វី​មួយ​ ដែល​គួរ​ឲ្យ​អស់​សំណើច​នោះ»។

លោក ម៉ាក ថ្វេន បាន​បន្ត​ការ​សរសេរ​របស់​គាត់​អស់​រយៈ​ពេល​បី​ឆ្នាំ​កន្លះ។ លោក ហឺសត៍​ និយាយ​ថា គាត់​បាន​បញ្ចប់​ការ​សរសេរ​របស់​គាត់​ នៅ​ពេលកូន​ស្រី​របស់​គាត់​ឈ្មោះ ជីន (Jean) ស្លាប់​នៅ​ក្នុង​ឆ្នាំ​១៩០៩។ លោក ហឺសត៍ ថ្លែង​ថា៖

«នា​ង​មាន​ជំងឺ​ឆ្កួត​ជ្រូក។ នាង​ទើប​តែ​ត្រឡប់​មកពី​ស្ថាប័ន​មួយ​ដែល​នាង​បាន​ស្នាក់​នៅ ហើយ​នាង​បាន​រៀប​ចំ​បុណ្យ​ណូអែលឲ្យ​គាត់។ នាង​បាន​រៀប​ចំ​អ្វីៗចប់សព្វគ្រប់​សម្រាប់​គាត់។ នាង​ស្លាប់​នៅ​ក្នុង​អាង​ងូត​ទឹក មួយ​ថ្ងៃ​មុន​ថ្ងៃ​បុណ្យ​ណូអែល។ គាត់​បាន​សរសេរ​អំពី​នាង​នៅ​ថ្ងៃ​នោះ ហើយ​គាត់​សរសេរ​ថា នេះ​គឺជា​ផ្នែក​ចុង​ក្រោយ​នៃ​ជីវៈប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​គាត់»។

លោក ម៉ាក ថ្វេន ស្លាប់​នៅ​ខែ​មេសាឆ្នាំ​បន្ទាប់។ គាត់​បាន​មើល​ឃើញ​ជីវប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​គាត់ថា​ ជា​វិធី​មួយ​ក្នុង​ការ​រក​ចំណូល​សម្រាប់​កូនស្រី​របស់​គាត់​បន្ទាប់​ពី​គាត់​ស្លាប់​ទៅ​ ដោយគាត់បារម្ភ​ថា ការ​ងារ​និពន្ធ​របស់​គាត់​អាច​នឹង​ផុត​អាយុ​កាល​នៃ​កម្ម​សិទ្ធិ​បញ្ញា​ក្នុង​ពេល​ដ៏​ឆាប់។ ទោះ​បី​ជា​គាត់​មាន​វិប្បដិសារី​ក្នុង​ការ​ពន្យា​ពេល​ការ​បោះ​ពុម្ពផ្សាយ​រហូត​ដល់​មួយ​សតវត្សរ៍ បន្ទាប់​ពី​គាត់​ស្លាប់ក្តី លោក ហឺសត៍ និយាយ​ថា អ្នក​និពន្ធ​រូប​នេះ​ពិត​ជា​បាន​បញ្ចេញ​ផ្នែក​ខ្លះ​នៃ​ជីវ​ប្រវត្តិ កាលពីគាត់​នៅ​រស់។ លោក ហឺសត៍ ថ្លែងថា៖

«គាត់​បាន​ដឹង​យ៉ាង​ច្បាស់​ ហើយ​អ្នក​បោះ​ពុម្ព​សៀវ​ភៅ​របស់​គាត់​ក៏​ដឹង​ដែរ។ នៅ​ពេល​នោះ​ ប្រសិន​បើ​អ្នក​និយាយ​ថា នេះ​គឺ​ជា​ផ្នែក​តូច​មួយ​នៃ​ជីវប្រវត្តិ។ ប៉ុន្តែ​អ្នក​មិន​អាច​អាន​សៀវ​ភៅ​ជីវៈប្រវត្តិ​ផ្ទាល់​ខ្លួន​នេះ រហូត​ដល់​លោក ម៉ាក ថ្វេន ស្លាប់។ អ្នក​ទាំង​ពីរ​បាន​ដឹង​ថា សៀវភៅ​ប្រវត្តិ​នេះ​នឹង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​មនុស្ស ហើយ​ខ្ញុំគិត​ថា នឹង​មិន​មាន​សំណួរ​អ្វី​ផ្សេង​ទៀតនោះ​ទេ»។

ភាគ​ទី​មួយ​នៃ​សៀវភៅ​ដែល​មាន​បី​ភាគ ឥឡូវ​នេះ​ត្រូវបានបោះ​ពុម្ព​លើក​ទី​៦។ លោក ហឺសត៍ និយាយ​ថា សៀវភៅ​ជីវៈប្រវត្តិ​ផ្ទាល់​ខ្លួន​នេះ​មិន​បង្ហាញ​អ្វី​ថ្មីអំពី​លោក ថ្វេន ទេ ប៉ុន្តែ​ វា​គឺ​ជាវិធីដ៏​ល្អ​មួយ​ក្នុងការ​សន្ទនា​ជាមួយ​អ្នក​និពន្ធ​ដែល​ជា​ទីស្រឡាញ់បំផុតរបស់​ប្រជាពលរដ្ឋ​អាមេរិក។ លោក ហឺសត៍ មាន​ប្រសាសន៍ថា៖

«ជា​ការ​ពិត​ណាស់ អ្នក​មិន​និយាយ​អ្វី​ទេ ប៉ុន្តែ ពួក​យើង​ភាគ​ច្រើន​រីក​រាយ​ដោយ​គ្រាន់​តែ​បាន​ស្តាប់»៕៚

ប្រែ​សម្រួល​ដោយ​ ឌី ខាំបូលី

XS
SM
MD
LG