ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ ទស្សនកិច្ច​មេដឹកនាំ​វៀតណាម​មក​កម្ពុជា​ជា​ការ​ពង្រឹង​ទំនាក់ទំនង


A man walks toward a coronavirus warning sign outside a medical center in Manchester, Britain.
A man walks toward a coronavirus warning sign outside a medical center in Manchester, Britain.

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​វៀតណាម​នឹង​មក​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ​នៅ​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ តប​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន។​ ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា​ ទស្សនកិច្ច​មុន​ការ​បោះឆ្នោត​នៅ​កម្ពុជា​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម​ ជា​ការ​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឲ្យ​ខ្លាំង​ជាង​មុន​បន្ថែម​ទៀត។

លោក​ ង្វៀន សួនហ៊្វុក​ (Nguyen Xuan Phuc)​ នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃ​២៤​ ដល់​ថ្ងៃ​ទី​២៦​ ខែ​មេសា​ខាង​មុខ​ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ និង​សម្ពោធ​ស្ពាន​មួយ​ដែល​តភ្ជាប់​ប្រទេស​កម្ពុជា និង​វៀតណាម។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ដោយ​ក្រសួង​ការ​បរទេស​កម្ពុជា។

ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​របស់​លោក​ ង្វៀន សួនហ៊្វុក ​នេះ​ កើត​មាន​ឡើង​តែ​ជាង​មួយ​ខែ​មុន​ការ​បោះឆ្នោត​ឃុំសង្កាត់​នៅ​ប្រទេស​កម្ពុជា។ ​ដំណើរ​ទស្សនកិច្ច​នេះ​ ក៏​មាន​បំណង «ប្រារព្ធ​ ឆ្នាំ​មិត្តភាព​ ២០១៧​ និង​ខួប​អនុស្សាវរីយ៍​លើក​ទី​៥០​ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​វៀតណាម»។

ក្រុម​អ្នកវិភាគ​ថ្លែង​ថា​ ដំណើរ​ទស្សនកិច្ច​នេះ​ នឹង​មិន​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ខាងមុខ​នោះ​ទេ​ តែ​ជា​ការ​រឹត​ចំណង​មិត្តភាព​របស់​ប្រទេស​កម្ពុជា​និង​វៀតណាម​ ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​ ស្រប​ពេល​ប្រទេស​កម្ពុជា​ ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​ថា​ បាន​រំកិល​ខ្លួន​កាន់​តែ​ខ្លាំង​ទៅ​រក​ប្រទេស​ចិន។

ក្នុង​លិខិត​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ចុះ​ថ្ងៃ​ទី​២០​ ខែ​មេសា​ បាន​ឲ្យដឹង​ថា​ លោក ង្វៀន សួនហ៊្វុក នឹង​ចូល​គាល់​ព្រះមហាក្សត្រ​ខ្មែរ​ ព្រះបាទ​សម្តេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ និង​ជួប​សម្តែង​ការ​គួរ​សម​ជាមួយ​លោក​ សាយ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​ នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ លោក​ ង្វៀន​ សួន​ហ៊្វុក ក៏​នឹង​ចូល​ថ្វាយ​បង្គំ​សម្តេច​ព្រះសង្ឃរាជ​ ទេព ​វង្ស ​ផង​ដែរ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ត​ភ្ជាប់​ជ្រៃ​ធំ​ ខេត្ត​កណ្តាល​ និង​ឡុងប៊ិញ ខេត្ត​អានយ៉ាង​ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​ ២៤​ ខែ​មេសា​ ឆ្នាំ​ ២០១៧​នេះ។​ ទស្សនកិច្ច​ដដែល​នេះនឹង​រួម​ចំណែក​ដល់​ «ការ​លើក​កម្ពស់​និង​ពង្រឹង​បន្ថែម​ទៀត​នូវ​ចំណង​មិត្តភាព​ជា​ប្រពៃណី​ដ៏​ល្អ​ប្រសើរ​ ភាព​ជា​អ្នក​ជិត​ខាង​ល្អ និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​ និង​វៀតណាម»។

រូបឯកសារ៖ ការ​រៀប​ចំ​ចង​ទង់​ជាតិ​កម្ពុជា​ និង​ទង់ជាតិ​វៀតណាម​នៅ​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​ ដើម្បីស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​ ត្រាន់​ ដាយ​ក្វាង​ ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ​នៅក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ ការ​រៀប​ចំ​ចង​ទង់​ជាតិ​កម្ពុជា​ និង​ទង់ជាតិ​វៀតណាម​នៅ​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​ ដើម្បីស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​ ត្រាន់​ ដាយ​ក្វាង​ ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ​នៅក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ២០១៦។

លោក​ មាស នី អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​ ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ទស្សនកិច្ច​របស់​ លោក​ ង្វៀន សួនហ៊្វុក​ នឹង​មិន​ផ្តោត​ជា​សំខាន់​លើ​ដំណើរការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នោះ​ទេ​ តែ​ជា​ការ​បន្ត​ពង្រឹង​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ទោះបី​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​ បាន​ងាក​ទៅ​រក​ចិន​កាន់​តែ​ខ្លាំង។

លោក​បន្ត​ថា​ ​ទំនាក់ទំនង​កម្ពុជា-វៀតណាម ក៏​នៅ​តែ​ត្រូវ​គេ​មើល​ឃើញ​ថា​ បន្ត​មាន​ភាព​រឹងមាំ​ក្នុង​រយៈពេល​ ៥០​ឆ្នាំ​មក​នេះ​ ដោយ​សារ​តែ​មេដឹកនាំ​កម្ពុជា​ជា​រឿយៗ​ធ្វើ​ដំណើរ​ទៅ​វៀតណាម​ក្នុង​ពេល​ប្រទេស​កំពុង​ជួប​វិបតិ្ត​នយោបាយ​ធ្ងន់ធ្ងរ។

«យើង​ឃើញ​មើល​រវាង​ទំនាក់ទំនង​កម្ពុជា​វៀតណាម​នេះ​ នៅ​ក្នុង​រយៈពេល​៥០​ឆ្នាំ​ ពិសេស​នៅ​ពេល​ដែល​កម្ពុជា​មាន​វិបត្តិ​នយោបាយ​ធំៗ​ម្តងៗ​ យើង​តែងតែ​សង្កេត​ឃើញ​អ្នក​ដឹកនាំ​ខ្មែរ​ នៅ​ពេល​ដែល​ស្ថានភាព​យ៉ាប់យឺន​ធ្ងន់ធ្ងរ​ហ្នឹង​គឺ​ តែង​តែ​មាន​ការ​អញ្ជើញ​អ្នកដឹកនាំ​ខ្មែរ​ទៅ​ទី​ក្រុង​ហាណូយ​ ទៅ​ទស្សនកិច្ច​អី​អញ្ចឹង​ទៅ​ ហើយ​ពេល​ត្រឡប់​មកវិញ​ គឺ​យើង​តែ​ង​សង្កេត​ឃើញ​មាន​រឿង​ប្លែកៗ​ កើត​ឡើង​ យើង​អត់​ដឹង​ថា​តើ​ ការណ៍​ដែល​ទៅ​ម្តងៗ​ជជែក​រឿង​អី​ខ្លះ​ យើង​អត់​ដឹង​ដែរ​បាទ។ ប៉ុន្តែ​គ្រាន់​ថា​ នេះ​ជា​ការ​សង្កេត​របស់​យើង​ណ៎ា»។

លោក​ មាស នី​ បាន​ឲ្យដឹង​ទៀត​ថា​ អាជ្ញាធរ​កម្ពុជា​ក៏​បាន​ចាប់​ផ្តើម​បង្កើន​ល្បឿន​សាងសង់​បន្ថែម​ និង​កែ​លម្អ​ស្តូប​អនុស្សាវរីយ៍​មិត្ត​ភាព​កម្ពុជា-វៀតណាម​នៅ​តាម​ខេត្ត​រាជធានី​ ឡើង​វិញ​ដែល​នេះ​ជា​សញ្ញាណ​បញ្ជាក់​ថា​ ទំនាក់​ទំនង​កម្ពុជា​-វៀតណាម​ នៅ​កៀក​គ្នា​នៅ​ឡើយ។

ពាក់ព័ន្ធ​ឥទ្ធិពល​វៀតណាម​មក​លើ​រដ្ឋាភិបាល​កម្ពុជា លោក​ មាស នី​ ពន្យល់​ថា​ ការ​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ គឺ​ជា​ការ​កាត់​បន្ថយ​សំពាធ​របស់​រដ្ឋាភិបាល​វៀតណាម​មក​លើ​កម្ពុជា។ លោក​ថា​ សំពាធ​នេះ​អាច​ នឹង​វិល​មក​វិញ​ ប្រសិន​បើ​កម្ពុជា​ មិន​ដើរ​តាម​ខ្លឹមសារ​របស់​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។

«យើង​ហាក់​ដូច​ជា​បាន​ឮ​សូរ​រដ្ឋាភិបាល​បាន​ ពេល​ខ្លះ​ហាក់​ដូច​ជា​និយាយ​ថា​ ទទួល​ស្គាល់​សន្និសីទ​ហ្នឹង​ ហើយ​តែពេល​ខ្លះ​ទៀត ហាក់​ដូច​ជា​និយាយ​ថា​ សន្និសីទ​ទីក្រុង​ប៉ារីស​ហ្នឹង​ វា​លែង​មាន​ឥទ្ធិពល​ អី​ទៀត​ហើយ​មក​ដល់​សព្វ​ថ្ងៃ​បាទ។ អញ្ចឹង​បើ​សិន​ណា​ជា យើង​គិត​ថា​ យើង​បាន​ដើរ​ចេញ​ហើយ​ រួច​ទៅ​ហើយ​ ពី​ស្អី​ដែល​ជា​គន្លង​បន្ទាត់​សន្និសីទ​ទីក្រុង​ប៉ារីស​នោះ​ អាហ្នឹង​ យើង​មានការ​ព្រួយ​បារម្ភ​ទៅ​លើ​អធិបតេយ្យភាព​របស់​យើង​ទៅ​ថ្ងៃ​មុខ​ដែរ​បាទ»។

ប្រទេស​វៀតណាម​ដែល​មាន​ខ្សែ​បន្ទាត់​ព្រំដែន​រួមគ្នា​ជាមួយ​កម្ពុជា​ជាង​១.២០០​គីឡូម៉ែត្រ​នោះ ​ទទួល​រង​ការ​រិះគន់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ថា​ ជា​អ្នក​ប៉ុនប៉ង​លេប​ត្របាក់​ទឹកដី​ខ្មែរ​តាម​រយៈ​ការ​រំលោភបំពាន​ព្រំដែន និង​បញ្ជូន​និគមជន​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​ប្រទេស​វៀតណាម​បាន​បដិសេធ​ការ​រិះគន់​នេះ។

លោក ​ឈាង​ វណ្ណារិទ្ធ​ អ្នក​សិក្សា​ស្រាវជ្រាវ​ នៅ​វិទ្យាស្ថាន​ ISEAS - Yusof Ishak នៅ​ប្រទេស​សិង្ហបុរី​ ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​នាំ​មុខគេ​ក្នុង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ ទំនោរ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ប្រាប់​ VOA ​តាម​រយៈ​សារ​អេឡិចត្រូនិក​ ឬ អ៊ីមែល ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​មក​កម្ពុជា​ មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ដ៏​សំខាន់​នេះ​ មិន​បាន​ផ្តោត​លើ​បញ្ហា​បោះឆ្នោត​នោះ​ឡើយ តែ​ជា​ព្រឹត្តិការណ៍​សំខាន់​នៃ​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ។

លោក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ទស្សនកិច្ច​នេះ​បាន​ផ្ញើ​សញ្ញា​យ៉ាង​ច្បាស់​ថា​ ប្រទេស​កម្ពុជា​មាន​សារៈសំខាន់​សម្រាប់​វៀតណាម​ ហើយ​វៀតណាម​ ក៏​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា​ដូចគ្នា​អញ្ចឹង​ដែរ។​ ប្រទេស​ទាំង​ពីរ​ នឹង​បន្ត​រក្សា​ទំនុក​ចិត្ត​គ្នា​ខាង​យុទ្ធសាស្ត្រ និង​នយោបាយ​ ឈាន​ទៅ​បង្កើន​ទំនាក់ទំនង​វប្បធម៌​និង​សេដ្ឋកិច្ច»។

លោក ​ឈាង វណ្ណារិទ្ធ​ បាន​បញ្ជាក់​ទៀត​ថា​ ថ្វី​ត្បិត​តែ​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​ ងាក​ទៅ​រក​ប្រទេស​ចិន​ ហើយ​កម្ពុជា​ក៏​មាន​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​ក្តី​ ក៏​ទំនាក់ទំនង​កម្ពុជា​ និង​វៀតណាម​នៅ​តែ​មាន​ភាព​ស្អិតរមួត​ខ្លាំង​ ហើយ​ជា​ទំនាក់ទំនង​ស្មើ​ភាព​គ្នា​ទៀត​ផង។

លោក​បាន​បញ្ជាក់ប្រាប់​ VOA ក្នុង​ន័យ​ដើម​ថា៖

«វា​ជា​ទំនាក់ទំនង​ស្មើ​ភាព​គ្នា។ ប្រទេស​កម្ពុជា​មិន​មែន​ជា​អាយ៉ង​របស់​វៀតណាម​ ឬ​ចិន។​ កម្ពុជា​គាំទ្រ​កម្ពុជា​ខ្លួន​ឯង។ វា​គឺ​ជា​កំហុស​យុទ្ធសាស្ត្រ​មួយ​ បើ​មាន​ការ​សន្មត​ថា​ កម្ពុជា​ជា​អាយ៉ង​វៀតណាម។ នយោបាយ​ក្នុង​ស្រុក​ និង​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​បាន​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស។ មិន​មាន​មិត្ត​ជា​អមតៈ ឬ​ក៏​សត្រូវ​ជា​អមតៈ​ ប៉ុន្តែ​នឹង​មាន​តែ​ផលប្រយោជន៍​ដែល​ស្ថិតនៅ​ជា​រៀង​រហូត»។

រូបឯកសារ៖ មន្ត្រី​ប៉ូលិស​កម្ពុជា​ឈរ​យាម​ ខណៈ​ដែល​ពលរដ្ឋ​វៀតណាម​គ្រវី​ទង់ជាតិ​វៀតណាម​នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ព្រែក​មួយ​ ក្នុង​អំឡុង​ពេលទស្សនកិច្ចចុះ​ត្រួត​ពិនិត្យ​ព្រំដែនរបស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។
រូបឯកសារ៖ មន្ត្រី​ប៉ូលិស​កម្ពុជា​ឈរ​យាម​ ខណៈ​ដែល​ពលរដ្ឋ​វៀតណាម​គ្រវី​ទង់ជាតិ​វៀតណាម​នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ព្រែក​មួយ​ ក្នុង​អំឡុង​ពេលទស្សនកិច្ចចុះ​ត្រួត​ពិនិត្យ​ព្រំដែនរបស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។

លោក​ ឈាង វណ្ណារិទ្ធ​ បាន​បន្ត​ទៀត​ថា​ ក្នុង​ទំនាក់​ទំនង​កម្ពុជា-វៀតណាម​ រយៈ​ពេល​៥០ឆ្នាំ​មក​នេះ​ ប្រទេស​ទាំង​ពីរ​បាន​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង​ឡើង។ យ៉ាងណា​ក៏ដោយ​ លោក​ថា​ ទំនាក់ទំនង​វប្បធម៌​ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​មាន​ភាព​ខុសគ្នា​ឆ្ងាយ​ពី​ទំនាក់ទំនង​នយោបាយ។​ ចំពោះ​បញ្ហា​ព្រំដែន​និង​ជន​អន្តោប្រវេសន៍​ លោក​ថា​ វា​ជា​បញ្ហា​ពិបាក​ដោះស្រាយ​ ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ប្រទេស​ទាំងពីរ។

លោក​ ឈាង វណ្ណារិទ្ធ ​បាន​បន្ថែម​ទៀត​ថា​ បញ្ហា​ប្រឈម​នានា​ដែល​ប្រទេស​ទាំង​ពីរ​ត្រូវ​ដោះស្រាយ​នោះ​ គឺ​បង្កើន​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ និង​ការ​ធ្វើ​ឲ្យ​ស៊ីជម្រៅ​នៃ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ។ លោក​អះអាង​ថា​ ប្រទេស​ទាំង​ពីរ​បរាជ័យ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​គោលដៅ​ពាណិជ្ជកម្ម​ទំហំ​៥.០០០​លាន​ដុល្លារ​ ដែល​ត្រូវ​បាន​កំណត់​ថា​នឹង​ធ្វើ​ឲ្យ​បាន​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ។

ប្រទេស​វៀតណាម​បាន​ចូល​ឈ្លានពាន​កម្ពុជា​កាលពី​ឆ្នាំ១៩៧៩ ​ដើម្បី​បណ្តេញ​ក្រុម​ខ្មែរក្រហម​ ហើយ​លើក​បន្តុប​រដ្ឋាភិបាល​កម្ពុជា​មួយ​ចេញ​ពី​ក្រុម​ខ្មែរក្រហម​មួយ​ផ្នែក ដែល​វៀតណាម​គាំទ្រ។​ ទំនាក់ទំនង​ដ៏​ខ្លាំង​រវាង​ប្រទេស​ទាំង​ពីរ​ ក្រោយ​មក​ហាក់​ដូច​ជា​ចុះ​ខ្សោយ​បន្តិច​ម្តងៗ​នៅ​ពេល​កម្ពុជា​បាន​បង្កើន​ទំនាក់ទំនង​ដល់​កម្រិត​ខ្ពស់​ជាមួយ​នឹង​ចិន​ ទាំង​នយោបាយ​និង​សេដ្ឋកិច្ច។

ដំណឹង​នៃ​ការ​មក​បំពេញ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម​នៅ​កម្ពុជា​ កើត​មាន​ឡើង​តែ​ជាង​មួយ​សប្តាហ៍​ ក្រោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ​ជា​ពិសេស​យុវជន​អាន​សៀវភៅ​ស្ដី​ពី​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ក្នុង​ការ​ដឹកនាំ​ប្រទេស​ចិន​ដែល​ជា​ប្រទេស​កុម្មុយនិស្ត​រាប់​ទសវត្សរ៍ ដើម្បី​រៀន​សូត្រ​ពី​ចំណុច​សំខាន់ៗ​យក​ទៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​សង្គម​កម្ពុជា៕

XS
SM
MD
LG