ថ្ងៃទី១១ ខែវិច្ឆិកា គឺជាទិវាអតីតយុទ្ធជនដែលតែងតែត្រូវបានប្រារព្ធធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិក។ នៅទីក្រុងឡុងប៊ិច នៃរដ្ឋកាលីហ្វញ៉ា ក្រុមអតីតយុទ្ធជនខ្មែរដែលធ្លាប់បានចូលរួមប្រយុទ្ធប្រកៀកស្មាគ្នាជាមួយនឹងទាហានអាមេរិកាំងក្នុងសម័យសង្គ្រាមនៅវៀតណាមក៏តែងតែមកជួបជុំគ្នាដើម្បីរំលឹកពីការប្រយុទ្ធនាសម័យនោះផងដែរ។
សម្រាប់ពិធីឆ្នាំនេះ ពួកគេមានការចូលរួមច្រើនជាងសព្វដងដោយសារមានវត្តមានអតីតមិត្តរួមអាវុធអាមេរិកាំង សមាគមអតីតយុទ្ធជននៅទីក្រុងហ្វ្រេសស្នូនៃរដ្ឋកាលីហ្វញ៉ា ឡាវមូង និងខ្មែរកម្ពុជាក្រោម។
លោករ៉ូបឹន ត្រេវីសូ (Ruben Treviso) នាយព្រឹន្ទបាលចូលនិវត្តន៍ និងជាអតីតនាយកនៃវេទិកាទាហានអាមេរិកាំង ដែលបានបម្រើការនៅប្រទេសវៀតណាមពីឆ្នាំ១៩៧១ដល់១៩៧២ក្នុងអំឡុងសង្គ្រាមវៀតណាមក៏មានវត្តមាននៅឯពិធីជួបជុំគ្នានាថ្ងៃនេះដែរ។
កាលពីនៅក្នុងសម័យសង្គ្រាមវៀតណាម លោកត្រេវីសូ បានធ្វើការហ្វឹកហ្វឺនក្រុមអ្នកប្រយុទ្ធជាតិម៉ុងតាញ៉ា និងប្រកៀកស្មានឹងពួកគេប្រយុទ្ធនឹងក្រុមទាហានកុម្មុយនីស្តវៀតកុង ប៉ុន្តែសម្រាប់បេសកកម្មលើកនេះគឺការប្រមូលអតីតអ្នកប្រយុទ្ធបានរួបរួមគ្នា។
លោកបានបញ្ជាក់ប្រាប់វីអូអេថា៖
«យើងព្យាយាមនាំពួកគេឱ្យបានចូលរួមជាមួយគ្នាគឺក្រុមផ្សេងៗ ដែលមានឡាវ កម្ពុជានិងមូង ដើម្បីកសាងសម្ព័ន្ធមិត្តមួយសម្រាប់ទាមទារកម្លាំងនយោបាយនៅក្នុងប្រទេសនេះ»។
កម្លាំងនយោបាយដែលលោកត្រេវីសូ ចង់បាន គឺលើសពីការគ្រាន់តែមកជួបជុំគ្នានិងការដើរដង្ហែរក្បួនប្រចាំឆ្នាំ ដែលពួកគេបានធ្វើជាប្រចាំ។
លោកបានបន្ថែមថា៖
«ខ្ញុំចង់ឱ្យសភាទទួលស្គាល់ពួកគេ ហើយបន្ទាប់មកសម្រាប់អ្នកណាដែលរងរបួសឬឈឺចាប់ ហើយត្រូវការជំនួយ គឺត្រូវទទួលបានជំនួយពីក្រសួងអតីតយុទ្ធជនរបស់សហរដ្ឋអាមេរិក»។
លោកត្រេវីសូ យល់ថា ក្នុងពេលដែលការទាមទារនៅបន្ត វាជាការណ៍សំខាន់ណាស់ដែលសមាគមអតីតយុទ្ធជនទាំងនេះត្រូវទទួលស្គាល់ក្រុមអតីតទាហានទាំងនោះជាមុនសិន និងចងក្រងជាសម្ព័ន្ធភាពមួយដែលមានកម្លាំងខ្លាំងក្លា។
លោកដេវីត សាយ អូន ជាអតីតទាហាននៃរបបសាធារណរដ្ឋខ្មែរតាំងពីឆ្នាំ១៩៧២ដល់១៩៧៥ ហើយបានមកដល់សហរដ្ឋអាមេរិកនៅឆ្នាំ១៩៨១។
បច្ចុប្បន្នលោករស់នៅក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា និងជាអនុប្រធានសមាគមយុទ្ធជនសេរីភាពខ្មែរដែលទើបបង្កើតថ្មី។ សមាគមយុទ្ធជនសេរីភាពខ្មែរនេះមានបេសកកម្ម ដើម្បីផ្តល់កិត្តិយសដល់អតីតយុទ្ធជនខ្មែរដែលបានបម្រើការងារក្នុងពេលសង្គ្រាមវៀតណាម និងក្រុមគ្រួសាររបស់ពួកគេ។
លោកបានបញ្ជាក់ប្រាប់វីអូអេថា៖
«ខ្ញុំសប្បាយចិត្តដែលដើរក្បួនមានចូលរួមជាមួយអាមេរិកាំង។ ខ្ញុំជាអតីតយុទ្ធជនខ្មែរសាធារណរដ្ឋ។ ខ្ញុំជាកងរថក្រោះនៅដោះកញ្ជរ»។
លោក រីឆាដ ហួរ ជាអតីតទាហានកងកាំភ្លើងធំ កងពលទី៣នៅដោះកញ្ជរដែរ។ លោកបានបញ្ជាក់ប្រាប់វីអូអេថា៖
«ពេលដែលខ្ញុំមកដល់ទីនេះក៏ជួបបងប្អូនមិត្តភក្តិ ដែលជាអតីតជាមួយគ្នាឆ្នាំ៧០ដល់៧៥ដែលធ្វើការរួមគ្នាក្នុងសម័យសាធារណរដ្ឋក៏បានចូលរួមធ្វើការរួមចំណែកជាមួយគ្នា ដើម្បីរំលឹកនូវអនុស្សាវរីយ៍ដែលយើងមានបន្សល់ទុកនៅដែលសល់ពីស្លាប់នៅសម័យប៉ុលពត គឺតែប៉ុណ្ណឹងទេ»។
អតីតអ្នកប្រយុទ្ធទាំងពីររូបនេះមិនបានបង្ហាញមហិច្ឆតាធំដុំទេ នៅពេលដែលវីអូអេសាកសួរដោយពួកគាត់យល់ថា ការបានមករស់នៅក្នុងសហរដ្ឋអាមេរិកគឺជាការទទួលស្គាល់នូវការចូលរួមចំណែកក្នុងពេលអតីតកាល។
ប៉ុន្តែលោកត្រេវីសូ យល់ថា ពលិកម្មរបស់អតីតទាហានខ្មែរ ខ្មែរកម្ពុជាក្រោម ម៉ុងតាញ៉ា និងមូង ដែលបានប្រយុទ្ធរួមគ្នាជាមួយនឹងទាហានអាមេរិកាំង គឺបានជួយផ្លាស់ប្តូរលទ្ធផលនៃសង្គ្រាមនៅប្រទេសវៀតណាម។
មានទាហានអាមេរិកាំងជាង៥៨.០០០នាក់ បានពលីជីវិតក្នុងសម័យសង្គ្រាមនៅវៀតណាម ដែលចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៥៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។ លោកត្រេវីសូ យល់ថា ទាហានអាមេរិកាំងអាចបាត់បង់ជីវិតលើសនេះពីរដង បើសិនជាគ្មានការជួយជ្រោមជ្រែង និងការពារពីទាហានកម្ពុជា វៀតណាម និងឡាវនោះទេ៕