ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​កឹម សុខា​ ជួប​ទូត​ប្រទេស​ស្វីស​ជា​លើក​ទី​ពីរ


លោក​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយឈរនៅមុខគេហដ្ឋានរបស់លោក បន្ទាប់​ពី​បាន​ជួប​ជាមួយ​​លោកស្រី Budliger Artieda ឯកអគ្គរដ្ឋទូតប្រទេស​ស្វីស​ នៅរាជធានី​ភ្នំពេញ​ ថ្ងៃទី២៨ ខែ​មករា​ ឆ្នាំ២០២០។
លោក​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយឈរនៅមុខគេហដ្ឋានរបស់លោក បន្ទាប់​ពី​បាន​ជួប​ជាមួយ​​លោកស្រី Budliger Artieda ឯកអគ្គរដ្ឋទូតប្រទេស​ស្វីស​ នៅរាជធានី​ភ្នំពេញ​ ថ្ងៃទី២៨ ខែ​មករា​ ឆ្នាំ២០២០។

នៅ​មួយថ្ងៃ​មុន​ការ​ឡើង​សវនាការ​ក្នុង​សប្តាហ៍​ទីបី ​ក្នុង​ថ្ងៃ​ពុធស្អែក​ ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​ លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​លោកស្រី Budliger Artieda ​ឯក​អគ្គ​រដ្ឋទូត​ប្រទេស​ស្វីស ដែល​មាន​ស្ថាន​បេសកកម្ម​ការទូត​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ។ នេះ​គឺ​ជា​ជំនួប​លើក​ទីពីរ​រវាង​លោក​ កឹម សុខា និង​ឯកអគ្គរដ្ឋទូត​ប្រទេស​ស្វីស​លោកស្រី Budliger Artieda។

លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧​ ដោយ​សមត្ថកិច្ច​បាន​ប្រើប្រាស់​វីដេអូ​មាន​រយៈពេល​ជាង​ពីរ​នាទី ដែល​ស្រង់​ចេញ​ពី​វីដេអូ​វែង​ជាង​មួយ​ម៉ោង មក​ធ្វើ​ជា​ភស្តុតាង​ក្នុង​ការ​ចាប់​ខ្លួន​ ចោទ​ប្រកាន់ ហើយ​ឃុំ​ខ្លួន​លោក​ក្នុង​ពន្ធនាគារ និង​បន្ត​សវនាការ​រហូត​មក​ដល់​ពេល​នេះ។ លោក កឹម សុខា ត្រូវ​គេ​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​បន្ត​នៅ​ក្នុង​ថ្ងៃ​ពុធ​ស្អែក​នេះ ក្នុង​សំណុំ​រឿង​ដែលមេ​បក្ស​ជំទាស់​រូប​នេះ​ ត្រូវ​បាន​ចោទ​ពី​បទ​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក​ ដើម្បី​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

លោក កឹម​ សុខា​ ដែល​បាន​ទទួល​សេរីភាព​ខ្លះ​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ បាន​ជួប​សន្ទនា​ជាមួយ​លោកស្រី​ឯកអគ្គរដ្ឋ​ទូត​ប្រទេស​ស្វីស នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ នា​រសៀល​ថ្ងៃ​អង្គារ​នេះ។

ក្រោយ​ជំនួប​ជិត​មួយ​ម៉ោង​ ​លោកស្រី Budliger Artieda ឯក​អគ្គ​រដ្ឋទូត​ប្រទេស​ស្វីស​ត្រូវ​បាន​អម​ដំណើរ​ដោយ​លោក​ មុត ចន្ថា​ ជំនួយការ​ផ្ទាល់លោក​ កឹម សុខា​ ចូល​ក្នុង​រថយន្ត​ ដោយ​មិន​បាន​ផ្តល់​ការ​អត្ថាធិប្បាយ​ដល់​កាសែត​នោះ​ទេ។ លោក​ កឹម សុខា​ ក៏​សុំ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ផង​ដែរ។

លោកមុត​ ចន្ថា​ ជំនួយការ​ផ្ទាល់​លោក​កឹម សុខា​ ថ្លែង​ជាមួយ​អ្នកសារព័ត៌មាន​ បន្ទាប់​ពី​ជំនួប​រវាង​លោក កឹម សុខា និង​ឯកអគ្គរដ្ឋទូតប្រទេស​ស្វីស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​២៨ ខែ​មករា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/VOA)
លោកមុត​ ចន្ថា​ ជំនួយការ​ផ្ទាល់​លោក​កឹម សុខា​ ថ្លែង​ជាមួយ​អ្នកសារព័ត៌មាន​ បន្ទាប់​ពី​ជំនួប​រវាង​លោក កឹម សុខា និង​ឯកអគ្គរដ្ឋទូតប្រទេស​ស្វីស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​២៨ ខែ​មករា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/VOA)

លោក មុត ចន្ថា​ ជំនួយការ​ផ្ទាល់លោក​ កឹម សុខា​ បាន​ប្រាប់​អ្នក​កាសែត​ថា​ លោកស្រី Budliger Artieda បាន​សួរ​សុខទុក្ខ​លោក​ កឹម សុខា​ អំពី​ស្ថានភាព​សុខភាព​ និង​ដំណើរ​កាត់​ក្តី​លោក ​កឹម សុខា​ ដែល​បាន​ធ្វើឡើង​ជាច្រើន​ថ្ងៃ​មក​នេះ។

លោក​បាន​បញ្ជាក់​ថា៖ «លោក​ស្រី​គាត់​សួរ​តែ​ពី​បញ្ហា​ ដែល​គាត់​បាន​លើក​ពី​លើក​មុន ​ពី​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​ស្មា​ខាង​ឆ្វេង​របស់​លោក​ ដែល​មាន​បញ្ហា​ ឆ្អឹង​ដុះ​បុក​សាច់​ដុំ​ហ្នឹង​ ហើយ​និង​បញ្ហា​ជំងឺ​ផ្សេង​ៗ​ទៀត​ ដែល​គាត់​បាន​ជជែក​គ្នា​ពី​លើក​មុន​ គាត់​មក​តាមដាន​ ជា​ពិសេស​ក្នុង​កាលៈទេសៈ​នេះ​មាន​ការ​ស្ថានការណ៍​គាបសង្កត់​លើខ្លាច​ប៉ះពាល់​លើ​បញ្ហា​សុខភាព​ ហើយ​បាន​ គាត់​បាន​សួរ​អំពី​ដំណើរ​សវនាការ​រយៈពេល​ បី​ថ្ងៃ​កន្លង​មក​ហ្នឹង​ តែ​ប៉ុណ្ណឹង​ទេ»។

នៅ​ក្នុង​សវនាការ​ធ្វើ​ឡើង​ពី​សប្តាហ៍​កន្លង​មក​នេះ​ លោក​ កឹម​ សុខា​ បាន​ការពារ​ខ្លួន​លោក​ជា​បន្ត​បន្ទាប់​ថា​ លោក​មិន​មាន​បំណង​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួល​រំលំ​រដ្ឋាភិបាល​ ហើយ​ថា ​លោក​បាន​ជ្រើសរើសការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ដើម្បី​ប្រកួត​ខាង​នយោបាយ។​ លោក​ កឹម សុខា​ អះអាង​ថា ​លោក​នៅ​តែ​ប្រកាន់​យក​យុទ្ធសាស្ត្រ​«អហិង្សា» ហើយ​ថា​ទស្សនៈ​សាកល​នៃ​ការ​ផ្លាស់​ប្តូរ​បែប​ប្រជាធិបតេយ្យ​គឺ​ត្រូវ​បំបាត់ «ខ្លៅ ខ្លាច ឃ្លាន»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG