នៅក្នុងរបាយការណ៍ប្រចាំឆ្នាំថ្មីមួយស្តីពីបរិយាកាសវិនិយោគទុនឆ្នាំ២០២៤ ការិយាល័យកិច្ចការសេដ្ឋកិច្ច និងជំនួញរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានកត់សម្គាល់ចំណុចទាក់ទាញមួយចំនួនសម្រាប់ការបណ្តាក់ទុនរកស៊ីនៅកម្ពុជា ប៉ុន្តែកត្តាមិនអំណោចផលជាច្រើនបានរុញច្រានអ្នកវិនិយោគអាមេរិកមិនឱ្យមកដាក់ទុនក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
របាយការណ៍បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពដល់ការទាក់ទាញការវិនិយោគពីបរទេស។ ច្បាប់ស្តីពីការវិនិយោគប្រទេសកម្ពុជា បានផ្តល់ការលើកទឹកចិត្តជាច្រើន ដើម្បីទាក់ទាញការវិនិយោគ ដូចជាភាពជាកម្មសិទ្ធិ១០០ភាគរយនៃក្រុមហ៊ុនរបស់ជនបរទេស ការផ្អាកយកពន្ធលើសាជីវកម្មនានាជាបណ្តោះអាសន្ន អត្រាពន្ធសាជីវកម្មដែលត្រូវបានកាត់បន្ថយ ការមិនយកពន្ធលើទំនិញមូលធនដែលបម្រើដល់ដំណើរការផលិតកម្មទំនិញផ្សេងទៀត ហើយក៏គ្មានការរឹតបន្តឹងលើការផ្ទេរទុនរបស់អ្នកវិនិយោគទៅប្រទេសដើមវិញ។
របាយការណ៍លើកឡើងថា៖«ទោះបីជាមានការលើកទឹកចិត្តយ៉ាងនេះក្តី ប្រទសកម្ពុជាមិនបានទាក់ទាញកម្រិតនៃការវិនិយោគរបស់អាមេរិកបានជាដុំកំភួននោះទេ នៅពេលដែលធៀបនឹងប្រទេសជិតខាងក្នុងតំបន់»។
របាយការណ៍ដដែលបន្តថា ក្រៅពីទំហំទីផ្សារប្រទេសដែលតូចនោះ មានកត្តាផ្សេងទៀតដែលមិនអំណោយផលដល់អ្នកវិនិយោគអាមេរិក ក្នុងនោះ គឺអំពើពុករលួយជាប្រព័ន្ធ ការផ្គត់ផ្គង់ពលករជំនាញដែលនៅមានកម្រិត ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ ក្នុងនោះគឺតម្លៃថាមពលខ្ពស់ កង្វះតម្លាភាពក្នុងដំណើរការផ្តល់ការអនុញ្ញាតរបស់រដ្ឋាភិបាលឱ្យមានការវិនិយោគខ្លះ និងការយកចិត្តទុកដាក់ដោយសម្លឹងទៅលើផលប្រយោជន៍ចំពោះក្រុមហ៊ុនក្នុងស្រុក ឬក្រុមហ៊ុនបរទេសដទៃទៀត ដែលជាប់ទាក់ទងនឹងអំពើពុករលួយ ការគេចវេះមិនបង់ពន្ធ ឬម្យ៉ាងទៀត គឺការទាញយកប្រយោជន៍ពីស្ថានភាពទន់ខ្សោយនៃបទបញ្ញត្តិរបស់កម្ពុជា»។
របាយការណ៍បន្ថែមថា៖ «អ្នកវិនិយោគទុនបរទេស និងក្នុងស្រុកបានត្អូញត្អែរដូចគ្នាចំពោះបរាជ័យរបស់រដ្ឋាភិបាល ដើម្បីពិគ្រោះយោបល់ជាមួយសហគមន៍ជំនួញជួញដូរលើគោលនយោបាយសេដ្ឋកិច្ច និងបទបញ្ញត្តិថ្មីៗ។ ទោះជាយ៉ាងណាក៏ដោយ អ្នកពាក់ព័ន្ធក្នុងកិច្ចការជំនួញបានរាយការណ៍អំពីការចាប់ផ្តើមពិនិត្យលើសំណើលឿនជាងមុនក្រោមរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដើម្បីទាក់ទងនិងពិគ្រោះយោបល់សកម្មជាងមុនជាមួយវិស័យឯកជន ដើម្បីពង្រឹងបរិយាកាសវិនិយោគទុន»។
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជាខ្លះ រួមមានទាំងអ្នកនយោបាយ យល់ស្របនឹងការលើកឡើងរបស់របាយការណ៍ក្រសួងការបទេសសហរដ្ឋអាមេរិក។
សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន និងជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលលែងដំណើរការ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា អំពើពុករលួយនៅជាបញ្ហាប្រឈមរបស់ប្រទេសកម្ពុជា ហើយប្រទេសនេះក៏មិនទាន់មានប្រព័ន្ធយុត្តិធម៌មួយដែលអាចអារកាត់វិវាទពាណិជ្ជកម្ម ដែលអាចគួរឱ្យជឿទុកចិត្តបានសម្រាប់អ្នកវិនិយោគមកពីប្រទេសធំៗ ដូចជាសហរដ្ឋអាមេរិក។
លោកថ្លែងថា៖ «យើងដឹងហើយបញ្ហាតុលាការនៅកម្ពុជា ក៏ធ្វើឱ្យអ្នកវិនិយោគទុនហ្នឹង ពិបាកមានការទុកចិត្តច្រើន ព្រោះប្រទេសគេមួយចំនួន គេធានាបានខ្លាំងមែនទែន គេមានទាំងតុលាការពាណិជ្ជកម្មអីជាដើមសម្រាប់ដោះស្រាយ បញ្ហាវិវាទ រឿងពាណិជ្ជកម្មអីចឹង។ ប៉ុន្តែកម្ពុជាយើងមិនដឹងថាម៉េចទេ ព្រោះយើងដឹងហើយសូម្បីតែប្រជាពលរដ្ឋខ្មែរហ្នឹងក៏សឹងតែពិបាកទុកចិត្តរឿងតុលាការក្តីហ្នឹង ព្រោះយើងឃើញហើយស្រែកពេញកន្លែងរឿងអយុត្តិធម៌នៅក្នុងសង្គមយើងហ្នឹង»។
បើតាមលោក អ៊ូ ច័ន្ទរ័ត្ន ប្រទេសចិនជាប្រទេសមួយដែលមានការរកស៊ីច្រើននៅកម្ពុជា បើធៀបនឹងប្រទេសដែលផ្តល់តម្លៃខ្ពស់ចំពោះការគោរពសិទ្ធិមនុស្ស។
លោកបន្ថែមថា៖ «ហើយអ្វីដែលសំខាន់គឺយើងទាក់ទាញបាន តែវិនិយោគចិនដែលចូលរួមហ្នឹងក្នុងឋានៈ ជាដៃគូរបស់រាជរដ្ឋាភិបាលជាដើម ជាពិសេសក្រុមហ៊ុនចិនមួយចំនួនហ្នឹង ច្រើនតែគេហៅថា state companies ក្រុមហ៊ុនរបស់រដ្ឋចិនអីជាដើមហ្នឹង ចូលមកធ្វើការបានដោយគ្មានការគាបសង្កត់អី ព្រោះមានលទ្ធភាពច្រើនក្នុងការធ្វើការជាមួយរដ្ឋាភិបាលហ្នឹង»។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពីបរិយាកាសវិនិយោគទុនឆ្នាំ២០២៤ បានឱ្យដឹងទៀតថា ដោយសារក្តីបារម្ភដែលពាក់ព័ន្ធនឹងការធ្វើជំនួញដូចបានរៀបរាប់ខាងលើ ក្រសួងការបរទេសសហរដ្ឋអាមេរិក រតនាគារ និងក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រឹក្សាខាងជំនួញមួយ កាលពីខែកញ្ញាឆ្នាំ២០២១ ដើម្បីដាស់តឿនក្រុមហ៊ុនរបស់អាមេរិកដែលកំពុងធ្វើប្រតិបត្តិការ ឬពិចារណាធ្វើប្រតិបត្តិការនៅកម្ពុជា ឱ្យគិតដល់ការទាក់ទងឆ្លើយឆ្លងគ្នាជាមួយស្ថាប័នដែលមានជាប់ពាក់ព័ន្ធនឹងការធ្វើជំនួញបែបពុករលួយ សកម្មភាពឧក្រិដ្ឋនានា និងការរំលោភសិទ្ធិមនុស្ស។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បដិសេធមិនផ្តល់ការអត្ថាធិប្បាយ។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ស្នើឱ្យអ្នកព័ត៌មានទាក់ទងមន្ត្រីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដែលវីអូអេមិនទាន់អាចទាក់ទងបានទេ នៅថ្ងៃសុក្រនេះ។
បើតាមសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ ២០២៣ ដែលចេញផ្សាយដោយអង្គការតម្លាភាពកម្ពុជា កាលពីខែមករាឆ្នាំ២០២៤ កម្ពុជាទទួលបានពិន្ទុចំនួនតែ២២ ស្ថិតនៅលេខរៀងទី ១៥៨ក្នុងចំណោមប្រទេស១៨០លើពិភពលោក។ នេះមានន័យថា អំពើពុករលួយនៅតែជាក្តីបារម្ភសម្រាប់ប្រទេសកម្ពុជា។
ទោះបីកម្ពុជាទទួលការរិះគន់ ឬវាយតម្លៃថាជាប្រទេសមួយដែលអំពើពុករលួយនៅមានកម្រិតខ្ពស់ក្តី របាយការណ៍របស់ក្រសួងការបរទេសអាមេរិកបានឱ្យដឹងពីចំណុចប្រសើរខ្លះរបស់កម្ពុជា។ របាយការណ៍បានបង្ហាញថាកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារទទួលបន្ទុកវិធានការហិរញ្ញវត្ថុ(FATF)បានដកប្រទេសកម្ពុជាចេញពី«បញ្ជីប្រផេះ» បន្ទាប់ពីក្រុមការងារទទួលបន្ទុកវិធានការហិរញ្ញវត្ថុបានវាយតម្លៃថាប្រទេសកម្ពុជាបានធ្វើឱ្យមានការវិវឌ្ឍនៅក្នុងការពង្រឹងវិធានការនៃការប្រឆាំងនឹងការលាងលុយ និងការទប់ទល់នឹងការផ្តល់ហិរញ្ញប្បទានដល់អំពើភេរវកម្ម៕
វេទិកាបញ្ចេញមតិ