សំឡេងជំនាន់ថ្មី៖ រដ្ឋាភិបាលថ្មីគួរបញ្ឈប់ការដឹកនាំបែបរឹតត្បិតដើម្បីធានាភាពសុខដុមរបស់ប្រជាជន
អំឡុងការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលមានរយៈពេលជិតមួយឆ្នាំមកនេះ សកម្មជនបរិស្ថានរបស់ចលនាមាតាធម្មជាតិត្រូវបានអាជ្ញាធរចាប់ខ្លួនទាំងបង្ខំ ចំណែកមន្រ្តីការពារសិទ្ធិកម្មកររបស់អង្គការសង់ត្រាល់រងការប្តឹងផ្តល់ ស្របពេលដែលសកម្មជនសង្គម សកម្មជនគណបក្សប្រឆាំង និងថ្នាក់ដឹកនាំសហជីពមួយចំនួនដែលភាគច្រើនជាយុវជន កំពុងស្ថិតក្នុងពន្ធនាគារនៅឡើយ។ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង លើកឡើងក្នុងបទសម្ភាសន៍ជាមួយអ្នកនាង កាន់ វិច្ឆិកា អ្នកយកព័ត៌មានឲ្យវីអូអេ ថា មេដឹកនាំរដ្ឋាភិបាលថ្មីគួរប្តូរពីការដឹកនាំបែបរឹតត្បិតមកជាការដឹកនាំបែបប្រជាធិបតេយ្យពេញលេញ ដើម្បីជំរុញឱ្យកម្ពុជាមានការអភិវឌ្ឍកាន់តែប្រសើរ និងមានសុខដុមរមនាសម្រាប់ប្រជាជន៕