Hello VOA៖ ចំនួនអ្នកចេញទៅបោះឆ្នោតជាតិនឹងក្លាយជាសារនយោបាយដ៏សំខាន់ដល់គណបក្សកាន់អំណាចនិងអ្នកបន្តវេន
សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧ នឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដាខាងមុខនេះ ដោយគ្មានវត្តមានគូប្រជែងចម្បងណាមួយទៅនឹងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនិងដឹកនាំរដ្ឋាភិបាលនោះទេ បន្ទាប់ពីគណបក្សភ្លើងទៀនត្រូវបានបដិសេធចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ក៏ប៉ុន្តែ ចំនួនអ្នកចេញទៅបោះឆ្នោត នឹងក្លាយជាសូចនាករដ៏សំខាន់មួយសម្រាប់គណបក្សប្រជាជនកម្ពុជា និងអ្នកបន្តវេនដឹកនាំប្រទេស គ្រាដែលគ្មានវត្តមានដៃគូប្រជែងនោះ។ នេះបើតាមការលើកឡើងរបស់លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច នៅក្នុងកម្មវិធី Hello VOA ស្តីអំពីអភិបាលកិច្ចល្អ។ លោកថ្លែងថា៖ «ការចូលរួមរបស់ប្រជាពលរដ្ឋ គឺអាស្រ័យទៅលើពួកគាត់យល់ថា តើសន្លឹកឆ្នោតនឹងផ្តល់នឹងអត្ថន័យនយោបាយយ៉ាងណា។ ប្រជាពលរដ្ឋឱ្យសារៈសំខាន់សម្បើមណាស់ នៅពេលដែលមានគណបក្សមួយដែលហ៊ានតស៊ូជាមួយនឹងគណបក្សកាន់អំណាច»៕