លោក ស៊ន រដ្ឋា៖ «ធ្វើនយោបាយដើម្បីបម្រើពលរដ្ឋ ទោះប្រឈមឧបសគ្គក្តី»
គណបក្សខ្មែរស្រលាញ់ជាតិ មានបេក្ខជនឈរឈ្មោះជាមេឃុំចំនួន ៣១៥ ក្នុងចំណោមឃុំសង្កាត់សរុប ១.៦៥២ ដើម្បីប្រកួតប្រជែងដណ្តើមយកតំណែងមេឃុំឬចៅសង្កាត់ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥នេះ។ ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម មានភូមិចំនួន ៥ ហើយប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម។ នៅឃុំនេះ ប្រព័ន្ធធារាសាស្រ្ត គឺជាបញ្ហាអតិភាពរបស់ប្រជាពលរដ្ឋ។ អ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញ បានសម្ភាសន៍លោក ស៊ន រដ្ឋា ដែលជាបេក្ខជនមេឃុំ មេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម មកពីគណបក្សខ្មែរស្រឡាញ់ជាតិ។ លោកធ្លាប់ជាអតីតមេឃុំជាប់ឆ្នោត កាលពីពេលលោកសកម្មជននយោបាយម្នាក់របស់អតីតគណបក្សសង្រ្គោះជាតិ។ នៅក្នុងបទសម្ភាសន៍នេះ លោក ស៊ន រដ្ឋា បានឲ្យដឹងថា ការធ្វើនយោបាយនៅក្នុងអំឡុងពេលនេះ លោកដឹងថា លោកអាចត្រូវប្រឈមនឹងការស្លាប់ ជាប់គុក ឬរត់ចោលស្រុក ក៏ប៉ុន្តែលោកនៅតែចង់ប្រឡូកធ្វើនយោបាយ ដើម្បីបម្រើប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទោះជាមានឧបសគ្គច្រើនយ៉ាងណាក្តី៕