លោក ម៉ន ហេន៖ «ខ្ញុំធ្វើអ្វីៗសម្រាប់តម្រូវការប្រជាពលរដ្ឋទាំងអស់ ដោយគ្មានការរើសអើង»
តំណែងមេឃុំ ឬចៅសង្កាត់ អាចនឹងត្រូវបានផ្លាស់ប្តូរ ឬនៅរក្សាដដែល គ្រាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នឹងមកដល់នៅថ្ងៃទី ៥ ខែមិថុនាខាងមុខនេះ។ ការបោះឆ្នោតផ្លាស់ប្តូរថ្នាក់ដឹកនាំ ឬរក្សាថ្នាក់ដឹកនាំសហគមន៍ដដែលនេះ ជាការបង្ហាញឲ្យឃើញពីសមត្ថភាពរបស់មេឃុំ ឬចៅសង្កាត់់ ក្នុងការបម្រើរាស្រ្តកន្លងមក។ នៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មាន ៦ ភូមិ មានប្រជាពលរដ្ឋជិត ៣០០០ គ្រួសាររស់នៅ។ ប្រជាពលរដ្ឋទាំងនោះប្រកបរបរដូចជា កសិកម្ម សិប្បកម្ម អាជីវក កម្មករ និងមន្រ្តីរាជការជាដើម។ បញ្ហាផ្លូវថ្នល់ ភ្លើង លូ ការធ្វើលិខិតស្នាមអោយបានឆាប់រហ័ស គឺជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតំបន់សង្កាត់វាលវង់។ លោក ម៉ន ហេន ចៅសង្កាត់វាលវង់ ក្រុងកំពង់ចាម បានប្រាប់អ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យ VOA ថា ការបម្រើប្រជាពលរដ្ឋកន្លងមកលោកសង្ឃឹមថា នឹងបានទទួលជោគជ័យក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ នេះ ទោះបីជាមានគណបក្សផ្សេងៗទៀតមកប្រកួតប្រជែងក៏ដោយ៕