ឃាតកម្មដែលគេសង្ស័យថា ប្រព្រឹត្តដោយប៉ូលិសខេត្ត Nakhon Sawan ភាគកណ្តាលប្រទេសថៃសម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ដែលបានស្លាប់ដោយថប់ដង្ហើមជាមួយថង់ប្លាស្ទិកគ្របក្បាលក្នុងបន្ទុកប៉ូលិសដែលគេថតបាននោះ បានធ្វើឱ្យមហាជនផ្ទុះកំហឹង ហើយទាមទារឱ្យមានការកែទម្រង់ប៉ូលិសថៃ ដែលមានឈ្មោះអាសោចខាងទម្លាប់រំលោភបំពាន និទណ្ឌភាព និងពុករលួយ។
នៅក្នុងវីដេអូរយៈពេល៩នាទីដែលបែកធ្លាយនោះ ជនសង្ស័យឈ្មោះ Jeerapong Thanapat អាយុ ២៤ឆ្នាំ ត្រូវបានគេដាក់ខ្នោះដៃមុនពេលមន្រ្តីជាន់ខ្ពស់ម្នាក់ ត្រូវគេសង្ស័យថា យកថង់ប្លាស្ទិកគ្របក្បាលគាត់ ខណៈមន្រ្តី៤ នាក់ផ្សេងទៀត បានចាប់បុរសដែលមានអាការៈថប់ដង្ហើមនេះឱ្យនៅមួយកន្លែងអស់ប៉ុន្មាននាទី។
នៅក្នុងវីដេអូដែលមានមនុស្សចូលមើលច្រើនក្នុងអ៊ីនធឺណិតនោះ មន្រ្តីនោះដែលគេកំណត់អត្តសញ្ញាណថា ជាវរសេនីយ៍ឯក Thitisant Utthanaphon បានបញ្ជាឱ្យJeerapong ប្រាប់«កន្លែងលាក់»គ្រឿងញៀនរបស់គាត់មុនពេលគាត់បាត់បង់ស្មារតីនៅឯស្ថានីយ៍ប៉ូលិស។ ប៉ូលិសថៃ បានចេញដីកាចាប់ខ្លួនមន្រ្តីប៉ូលិស ៧នាក់ពីបទឃាតកម្ម និងធ្វើទារុណកម្មក្នុងឧបទ្ទវហេតុកាលពីថ្ងៃទី៥ ខែសីហា ដែលទើបតែលេចចេញជាសាធារណៈនៅសប្តាហ៍នេះ នៅពេលអ្នកបញ្ចេញរឿងសម្ងាត់របស់ប៉ូលិសបញ្ចេញវីដេអូនេះ។
ប៉ូលិសនិយាយថា មន្ត្រី៤នាក់ក្នុងចំណោម៧នាក់នោះ ស្ថិតក្នុងការឃុំឃាំង ប៉ុន្តែ ៣នាក់ទៀតកំពុងរត់គេចខ្លួន រួមទាំងប្រធានស្ថានីយ៍ប៉ូលិសឈ្មោះ Thitisant ដែលមានឈ្មោះហៅក្រៅថា Ferrari Joe ដោយសារគាត់មានរថយន្តស្ព័រជាច្រើនគ្រឿង៕