ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រុមសិទ្ធិមនុស្សព្រួយបារម្ភបន្ថែមទៀតអំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក្រោយចាប់ខ្លួនសកម្មជនបរិស្ថានវ័យក្មេង៣នាក់។ ក្រុមហ៊ុនអូស្ត្រាលីចាប់ផ្តើមអាជីវកម្មអណ្តូងរ៉ែមាសសម្រាប់ពាណិជ្ជកម្មលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ សង្គមស៊ីវិលបារម្ភការរឹតត្បិតសេរីភាព ក្រោយអ្នកយកព័ត៌មានម្នាក់ត្រូវហាមឃាត់មិនឲ្យថតវីដេអូទាក់ទងនឹងការបណ្តេញពលរដ្ឋចេញពីផ្ទះបណ្តែតទឹក។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា នាយករដ្ឋមន្ត្រីស៊ុយអែតបានត្រូវបណ្តេញចេញពីតំណែងនៅក្នុងការបោះឆ្នោតមិនទុកចិត្តនៅក្នុងសភាជាលើកទី១។ សហភាពអឺរ៉ុបប្រកាសការដាក់ទណ្ឌកម្មថែមទៀតលើប្រទេសបេឡារុស។ កាសែតគាំទ្រប្រជាធិបតេយ្យក្រុងហុងកុង HK Apple Daily អាចឈប់បោះពុម្ពផ្សាយនៅសប្តាហ៍នេះ។ ប្រទេសជប៉ុនចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងនៅកន្លែងធ្វើការ។ អាល្លឺម៉ង់ចាប់ខ្លួនអ្នកវិទ្យាសាស្ត្ររុស្ស៊ីម្នាក់អំពីការធ្វើចារកម្មឲ្យរដ្ឋាភិបាលក្រុងមូស្គូ។ ប្រេសិតកំពូលអាមេរិកថា ការវាយប្រហាររបស់ចិនលើ«កងកម្លាំងបរទេស»គំរាមកំហែងដល់ជំហរជាសាកលរបស់ហុងកុង៕