Hello VOA៖ អ្នកជំនាញថា ការអនុវត្តវិធានការបិទខ្ទប់ត្រូវសណ្តោសនិងគិតគូរដល់ជីវភាពពលរដ្ឋ
រាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់រយៈពេល២សប្តាហ៍ តាំងពីមុនពេលចូលឆ្នាំប្រពៃណីខ្មែរដោយសារការឆ្លងវីរុសកូរ៉ូណាកើនឡើងយ៉ាងខ្លាំង ដោយនៅថ្ងៃខ្លះឆ្លងឡើងដល់ជាង៦០០នាក់ក្នុង១ថ្ងៃ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ចល្អ បានបញ្ជាក់ក្នុងកម្មវិធី Hello VOA នៅថ្ងៃចន្ទថា កត្តាជីវភាពជារឿងសំខាន់ដោយសារតែពលរដ្ឋជាច្រើនរស់នៅក្បែរនឹងបន្ទាត់នៃភាពក្រីក្រដែលធ្វើឲ្យពួកគាត់ងាយរងគ្រោះ។ លោកយល់ថា កម្ពុជាមានធនធានតិចតួចហើយអាជ្ញាធរក៏ឆាប់ខ្សោះខ្យល់ដោយសារតែវិបត្តិសុខភាពដែលមិនធ្លាប់ជួបពីមុនមក ប៉ុន្តែលោកស្នើឲ្យយោគយល់និងសណ្តោសពលរដ្ឋក្នុងការអនុវត្តវិធានការបិទខ្ទប់ដើម្បីឲ្យមានការចូលរួមអនុវត្តជាជាងការប្រើហិង្សា៕