ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ថា ការបិទខ្ទប់ទីក្រុងត្រូវបញ្ចប់ចាប់ពីថ្ងៃទី ៦ ខែឧសភា តែតំបន់មានហានិភ័យត្រូវរាំងខ្ទប់ដដែល។ កម្ពុជាប្រារព្ធទិវាសារព័ត៌មាន ខណៈសង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលធានាសេរីភាពសារព័ត៌មាន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសថៃមានអ្នកស្លាប់ថ្មីប្រចាំថ្ងៃដោយសារជំងឺកូវីដ១៩ កើនដល់ ៣១ នាក់ដែលមិនធ្លាប់មាន។ សហរដ្ឋអាមេរិករឹតបន្តឹងការធ្វើដំណើរទៅនិងមកពីប្រទេសឥណ្ឌាចាប់ពីថ្ងៃអង្គារនេះតទៅ និងបានបញ្ជូនជំនួយសម្រាប់ទប់ទល់ជំងឺកូវីដទៅកាន់ប្រទេសនេះ។ កោះតៃវ៉ាន់ដាក់បម្រាមការធ្វើដំណើរមកពីប្រទេសឥណ្ឌា ខណៈឥណ្ឌូណេស៊ីរកឃើញករណីដំបូងនៃវីរុសបម្លែងថ្មីមានប្រភពពីឥណ្ឌា។ ក្រុមឧទ្ទាមមីយ៉ាន់ម៉ាថា ខ្លួនបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់យោធាមួយគ្រឿង គឺមួយថ្ងៃក្រោយបាតុករប្រឆាំងតវ៉ា៨នាក់ ត្រូវបានអាជ្ញាធរបាញ់សម្លាប់។ នាយករដ្ឋមន្ត្រីនូវែលសេឡង់លើកឡើងថា ការខ្វែងគំនិតគ្នាជាមួយចិនអំពីបញ្ហារំលោភសិទ្ធិមនុស្សជា «ការពិបាកក្នុងការសម្របសម្រួល»។ វិបត្តិនៅលីបង់បង្កើតឱ្យមានគំនិតច្នៃប្រតិដ្ឋផ្គត់ផ្គង់ខ្លួនឯង។ ប្រទេសស៊ីមបាវ៉េរំពឹងលើថ្នាំជក់នៅពេលអនាគត ទោះបីជាមានយុទ្ធនាការប្រឆាំងការជក់បារីក្តី៕