ព័ត៌មានសំខាន់ៗមានដូចជា តុលាការក្រុងភ្នំពេញកោះហៅអតីតសកម្មជនបក្សប្រឆាំងជិត ៧០ នាក់បន្ថែមទៀត។ អ្នកជំនាញអង្គការសហប្រជាជាតិ អំពាវនាវឲ្យកម្ពុជា បញ្ចប់ការយាយីលើអ្នកការពារសិទ្ធិមនុស្ស។ អង្គការ CCHR៖ សំណុំរឿងក្តី៣ឆ្នាំពាក់ព័ន្ធអតីតអ្នកកាសែតអាស៊ីសេរីជាការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាននៅកម្ពុជា។ ព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមលោក Biden រង់ចាំឲ្យរដ្ឋបាលលោក Trump ចាប់ផ្ដើមដំណើរការផ្ទេរអំណាច ស្របពេលករណីឆ្លងជំងឺកូវីដ១៩ កើនឡើង។ អាជ្ញាធរប៉ាគីស្ថានថា វ៉ាក់សាំង Pfizer មិនស័ក្តិសមប្រើក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ក្រុមហ៊ុនឱសថអាមេរិក Moderna ប្រកាសពីប្រសិទ្ធភាពជាង ៩០% នៃវ៉ាក់សាំងសាកល្បងការពារជំងឺកូវីដ១៩ របស់ខ្លួន។ បណ្តារដ្ឋរបស់អាមេរិករឹតបន្តឹងសកម្មភាពសង្គមក្នុងពេលដែលការឆ្លងជំងឺកូវីដ១៩ កំពុងកើនខ្លាំង។ លោក ត្រាំ ថាលោកមិនបានទទួលស្គាល់ការចាញ់ឆ្នោតទេ ក្រោយពីលោកបានពាក្យតាម Twitter ថា «គាត់បានឈ្នះ» ដែលសំដៅទៅលើលោក បៃដិន។ ទីភ្នាក់ងារអវកាសអាមេរិក NASA និងក្រុមហ៊ុន SpaceX បញ្ជូនអវកាសយានិក៤រូប ទៅកាន់ស្ថានីយអវកាសអន្តរជាតិ៕