ព័ត៌មានសំខាន់ៗមានដូចជា សហគមន៍ខ្មែរ-អាមេរិកាំងនៅរដ្ឋវីជីនៀតូចប៉ុន្តែសកម្មក្នុងការបោះឆ្នោតប្រធានាធិបតី។ ខ្មែរអាមេរិកាំងខ្លះថា ពួកគេចង់ឲ្យលោក ត្រាំ កាន់តំណែងមួយអាណត្តិទៀត។ រដ្ឋាភិបាលហុងគ្រីចាប់ដៃកម្ពុជា រឿងសេដ្ឋកិច្ច ចំពេលនយោបាយរឹតត្បិតដូចគ្នា។ ព័ត៌មានអន្តរជាតិវិញមានដូចជា ការរាប់សន្លឹកឆ្នោតនៅបន្តធ្វើក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកដែលមានភាពប្រកៀកប្រកិតគ្នា។ ខណៈការរាប់សន្លឹកឆ្នោតកំពុងបន្តធ្វើ ពិភពលោករង់ចាំមើលលទ្ធផលបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិក។ ផ្សារភាគហ៊ុននៅអាស៊ីមិនប្រតិកម្មអ្វីទៅនឹងការបោះឆ្នោតអាមេរិកដែលនៅមិនទាន់ដឹងលទ្ធផល។ អ្នកប្រឆាំងតវ៉ា បានជួបជុំគ្នាជិតសេតវិមានប្រធានាធិបតីអាមេរិក តែពុំឃើញមានភាពចលាចលណាមួយនោះទេ។ ក្រុមយុវជនបានច្រៀងរាំនៅលើផ្លូវ ខណៈពេលអ្នកឈរមើល ស្រែហោរអបអរពីក្រៅ។ ក្នុងថ្ងៃបោះឆ្នោត សហរដ្ឋអាមេរិកមានអ្នកត្រូវចូលពេទ្យដោយសារជំងឺកូវីដ១៩រហូត៥០.០០០នាក់។ បេក្ខជនក្នុងរដ្ឋ North Dakota ម្នាក់បានឈ្នះការបោះឆ្នោតក្នុងសភារដ្ឋនេះ ក្រោយស្លាប់ដោយសារជំងឺកូវីដ១៩៕