ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការចោទប្រកាន់ពលរដ្ឋ៣នាក់ថា«ញុះញង់បង្កភាពវឹកវរក្នុងសង្គម» ក្រោយការតវ៉ានៅមុខក្រសួងដែនដី។ អ្នកកាសែត២នាក់ដែលរងរបួស ដាក់ពាក្យបណ្តឹង«ប៉ុនប៉ងវាយសម្លាប់» ក្រោយរាយការណ៍បទល្មើសព្រៃឈើ។ ព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋមន្ត្រីការបរទេសអាមេរិកជំរុញឲ្យប្រទេសក្រិកនិងតួកគីបន្តការពិភាក្សាគ្នាលើជម្លោះដែនទឹក។ ថ្នាក់ដឹកនាំប្រទេសមជ្ឈិមបូព៌ាសម្លឹងទៅដល់ផែនការសន្តិភាពទូលំទូលាយ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ កូរ៉េខាងជើងមិនបានបង្ហាញសញ្ញាឆ្ពោះទៅកាន់ការលុបបំបាត់អាវុធនុយក្លេអ៊ែរទេ។ អភិបាលក្រុងហុងកុងចុងក្រោយរបស់ចក្រភពអង់គ្លេស បារម្ភពីការបាត់បង់ស្វ័យភាពរបស់ក្រុងនេះ។ ការស្លាប់របស់ជនរងគ្រោះដោយសារការរំលោភផ្លូវភេទបង្កឲ្យមានបាតុកម្មក្នុងប្រទេសឥណ្ឌា។ ឥណ្ឌាប្រហែលជាមានករណីឆ្លងជំងឺកូវីដ១៩ លើសតួលេខផ្លូវការដប់ដង។ ចៅក្រមអាមេរិករាំងខ្ទប់ការដំឡើងថ្លៃសេវាអន្តោប្រវេសន៍។ របាយការណ៍មួយបានឲ្យដឹងថា ទីក្រុងចិនជាប់ព្រំដែនកូរ៉េខាងជើងជួយកូរ៉េខាងជើងឲ្យគេចផុតពីទណ្ឌកម្មអន្តរជាតិ៕