ព័ត៌មានអំពីកម្ពុជាមានដូចជា របាយការណ៍បង្ហាញថា ការបណ្តេញចេញនៅទីក្រុងភ្នំពេញនៅតែជាបញ្ហា ពុំមានការពិភាក្សា និងផ្តល់សំណងត្រឹមត្រូវ។ អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនឧកញ៉ាម្នាក់ រីឯអភិបាលស្រុកមួយរូបបាត់បង់តំណែងក្នុងរឿងដីធ្លី។ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ១៩ ពីរករណីថ្មីទៀត ដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៤១ នាក់។ ព័ត៌មានអន្តរជាតិវិញមានដូចជា សហភាពអឺរ៉ុបទំនងជាមិនអនុញ្ញាតឲ្យពលរដ្ឋអាមេរិកធ្វើដំណើរចូលទេ ពេលបើកព្រំដែនឡើងវិញនៅថ្ងៃទី១ ខែកក្កដា។ រដ្ឋាភិបាលនានាបង្កើនការធ្វើតេស្តនិងវិធានការថ្មី ខណៈករណីឆ្លងកូវីដ១៩កំពុងកើនឡើង។ លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចបានការព្រមព្រៀងមួយដែលនឹងធានាឲ្យមានការត្រៀមការផ្គត់ផ្គង់ថ្នាំ remdesivir ចំនួន ៥០០.០០០ ដូស រហូតដល់ខែកញ្ញា។ ផ្សារហ៊ុននៅអាស៊ីធ្លាក់ចុះនៅដើមសប្តាហ៍នេះ ដោយសារមានទុទ្ទិដ្ឋិនិយមអំពីការរើបឡើងនៃសេដ្ឋកិច្ច។ ខ្មាន់កាំភ្លើង៤រូបដែលព្យាយាមវាយប្រហារអគារផ្សារហ៊ុនប៉ាគីស្ថានត្រូវបានសម្លាប់៕