ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រុមកម្មករសំណង់រំឭកឡើងវិញនូវហេតុការណ៍បាក់អគារក្នុងខេត្តព្រះសីហនុកាលពីឆ្នាំមុន។ សហជីពកម្មករស្នើក្រសួងការងារជំរុញថៅកែឲ្យបន្តបើកប្រាក់ដំណាច់អតីតភាពការងារឲ្យកម្មករ។ កម្ពុជានិងចិនគ្រោងចុះហត្ថលេខាលើ«មូលនិធិពិសេស»ស្តីពីកិច្ចព្រមព្រៀងមេគង្គ-ឡានឆាង។ ព័ត៌មានអន្តរជាតិវិញមាន ទីផ្សារភាគហ៊ុនជុំវិញពិភពលោកធ្លាក់ចុះក្រោយព័ត៌មាននៃការឆ្លងកូវីដ១៩ច្រើនជាងបំផុតក្នុងមួយថ្ងៃ។ អង្គការសហប្រជាជាតិព្រមានថា វិធានការទប់ស្កាត់កូវីដ១៩អាចធ្វើឲ្យប៉ះពាល់ដល់ការផលិតនិងចែកចាយថ្នាំ antiretroviral ដែលគេប្រើសម្រាប់ព្យាបាលជំងឺអេដស៍។ សភាអាមេរិកនឹងបោះឆ្នោតលើសេចក្តីព្រាងច្បាប់កំណែទម្រង់ស្ថាប័នប៉ូលិសក្នុងសប្តាហ៍នេះ។ កូរ៉េខាងត្បូងថាសៀវភៅលោក John Bolton បំភ្លៃការពិតអំពីជំនួបរវាងលោកត្រាំនិងមេដឹកនាំកូរ៉េខាងជើង។ នៅពេលមានការបិទសាលារៀនដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ក្មេងស្រីៗនាំគ្នារៀបការដោយសង្ឃឹមថាចេញផុតពីភាពក្រីក្រ៕