ជំងឺកូវីដ១៩ធ្វើឲ្យកសិករដាំបន្លែមួយចំនួនក្នុងស្រុកស្អាងខាតបង់ ខណៈតម្លៃទីផ្សារនៅតែជាបញ្ហា
ស្រុកស្អាង ខេត្តកណ្តាល ជាតំបន់មួយដែលជាកន្លែងដាំបន្លែផ្គត់ផ្គង់តម្រូវការនៅភ្នំពេញ។ ប៉ុន្តែកសិករនៅទីនេះត្អូញត្អែររឿងតម្លៃមិនថេរ ដែលធ្វើឲ្យពួកគេប្រឈមហានិភ័យខ្ពស់នៃការខាតបង់។ ជាងនេះទៅទៀត កាលពីអំឡុងពេលប្រជាជនកម្ពុជាភ័យខ្លាចជំងឺកូវីដជាខ្លាំងនោះ បន្លែរបស់កសិករមួយចំនួនធ្លាក់តម្លៃទៅដល់៣០០រៀលឬ៤០០រៀលក្នុងមួយគីឡូក្រាម។ កសិករមួយចំនួនសម្រេចចិត្តភ្ជួរស្ពៃខ្មៅចោលតែម្តង ពីព្រោះបើសិនពួកគេដឹកទៅលក់នៅភ្នំពេញ នោះនឹងខាតថ្លៃដើមបន្ថែមទៀត។