ព័ត៌មានអំពីកម្ពុជាមានដូចតទៅ៖ សមាជិកអតីតគណបក្សសង្រ្គោះជាតិនៅតាមមូលដ្ឋានអះអាងថា ពួកគេនៅតែចង់ឃើញដំណោះស្រាយនយោបាយរបស់ថ្នាក់ដឹកនាំកំពូល ដើម្បីពួកគេអាចបន្តធ្វើនយោបាយឡើងវិញបាន។ កម្ពុជាជាថ្មីទៀតបដិសេធថា មិនមានយោធាចិននៅមូលដ្ឋានយោធាសមុទ្ររាម ហើយចង់ធ្វើសមយុទ្ធយោធាជាមួយអាមេរិក។ សកម្មជនសិទ្ធិមនុស្ស លោក ហ៊ុន វណ្ណៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅអប់រំ ដោយសារថតវីដេអូសកម្មភាពអាជ្ញាធរទប់ស្កាត់ការជួបជុំរបស់អាជីវករនៅច្រកព្រំដែនប៉ោយប៉ែត។ ព័ត៌មានអន្តរជាតិមានដូចតទៅ៖ លោក ដូណាល់ ត្រាំ គាំទ្រការតវ៉ាអំពីការស្លាប់របស់លោក George Floyd ដោយសន្តិវិធី ប៉ុន្តែបានព្រមានពីការហាមឃាត់ស្ថានភាពអនាធិបតេយ្យនានា។ ពិភពលោកបង្ហាញការគាំទ្រដល់អ្នកតវ៉ានៅសហរដ្ឋអាមេរិកទាក់ទិននឹងការស្លាប់របស់លោក Floyd ដោយរួមមានទាំងកីឡាករល្បីៗរបស់អាមេរិក បណ្ដាក្រុមហ៊ុន និងបុគ្គលសំខាន់ៗផងដែរ។ ប៉ូលិសហុងកុងចេញបម្រាមមិនឲ្យធ្វើពិធីអុជទៀនរំឭកដល់ជនរងគ្រោះនៃការបង្ក្រាបនៅទីលាន Tiananmen។ ផ្សារហ៊ុននៅអឺរ៉ុបនិងអាស៊ីឡើងថ្លៃនៅថ្ងៃច័ន្ទ បើទោះបីមានវិបត្តិព្រមៗគ្នានៅជុំវិញពិភពលោកក្តី៕