ព័ត៌មានអំពីកម្ពុជាមានដូចតទៅ៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឲ្យកម្ពុជារឹតបន្តឹងវិធានការនៅតាមច្រកចូលប្រទេសឲ្យបានហ្មត់ចត់ ដើម្បីបញ្ចៀសការនាំចូលជំងឺកូវីដ១៩។ បញ្ហាចម្រូងចម្រាសរវាងក្រុមហ៊ុនវៀតណាមហ័ងអាញ់ យ៉ាឡាយ(HAGL)និងសហគមន៍ជនជាតិដើមភាគតិចក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី នៅតែមិនទាន់ដោះស្រាយចេញ។ ទូតខ្មែរនៅថៃអំពាវនាវឲ្យពលករខ្មែរអនុវត្តវិធានការបង្ការជំងឺកូវីដ១៩ ក្នុងពេលថៃពន្យារពេលគ្រាអាសន្ន១ខែទៀត។ រដ្ឋាភិបាលកម្ពុជាគ្រោងអនុវត្តកម្មវិធីជំនួយសង្គមក្នុងពេលវិបត្តិកូវីដ១៩ ចាប់ពីខែមិថុនា ដែលផ្ដោតលើគ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ«ដែលមានបណ្ណសមធម៌»ទូទាំងប្រទេស។ ព័ត៌មានអន្តរជាតិមានដូចតទៅ៖ អង្គការសុខភាពពិភពលោក WHO សម្រេចផ្អាកប្រើថ្នាំគ្រុនចាញ់ hydroxychloroquine ក្នុងការសាកល្បងព្យាបាលជំងឺកូវីដ១៩ ដោយសារការសិក្សាថ្មីមួយរកឃើញថា អ្នកជំងឺកូវីដ១៩ដែលបានប្រើថ្នាំនេះមានអត្រាស្លាប់ខ្ពស់ជាងអ្នកមិនប្រើ។ លោក ត្រាំ ចង់ប្តូរទីតាំងសន្និបាតគណបក្សសាធារណរដ្ឋចេញពីរដ្ឋ North Carolina។ គ្រូបង្រៀនកំពុងបង្កើតធនធានអនឡាញជាភាសាសញ្ញាសម្រាប់មនុស្សគរថ្លង់ ក្នុងអំឡុងពេលមានជំងឺកូវីដ១៩។ ក្រុមហ៊ុន SpaceX នឹងបញ្ជូនអ្នកអវកាសអាមេរិកទៅអវកាសវិញក្រោយអង្គការ NASA ផ្អាក៩ឆ្នាំ។ លោកពូទីនពន្យារពិធីរឭកខួប៧៥ឆ្នាំនៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២ដោយសារជំងឺកូវីដ១៩៕