បទសម្ភាសន៍ VOA៖ «ស្នាមរបួស» រំលឹកពីការតស៊ូនៃអ្នករស់ពីរណ្តៅសពខ្មែរក្រហមនិងគុណធម៌លើកុមារកំព្រា
របបខ្មែរក្រហមបានឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងកាប់សម្លាប់ពលរដ្ឋកម្ពុជាជិត២លាននាក់។ ក្នុងរយៈពេល៤៥ឆ្នាំនេះ មានអ្នកស្រាវជ្រាវនិងអ្នកនិពន្ធជាច្រើនខិតខំចងក្រងនិងរក្សាទុកឯកសារប្រវត្តិសាស្ត្រ ដើម្បីកុំឱ្យពលរដ្ឋខ្មែរជំនាន់ក្រោយភ្លេចពីការឈឺចាប់ និងសោកនាដ្យកម្ម ដែលបានកើតមានឡើងនៅកម្ពុជាក្រោមការគ្រប់គ្រងរបស់ក្រុមកុម្មុយនីស្តម៉ៅនិយមរយៈពេលជិត៤ឆ្នាំ។ លោកមុត ថារី ជាអ្នកដឹកនាំភាពយន្តដ៏ល្បីឈ្មោះមួយរូប បានសរសេរសៀវភៅប្រលោមលោកជាលើកដំបូងស្តីពីរឿងពិតក្នុងរបបខ្មែរក្រហម ដែលមានចំណងជើងថា «ស្នាមរបួស» ដើម្បីរួមចំណែកក្នុងការរក្សាការចងចាំពីជីវិតអ្នក ដែលនៅរស់ពីរណ្តៅសពដែលខ្មែរក្រហមបានយកទៅសម្លាប់ និងវាសនាកុមារកំព្រានៅកម្ពុជា។ អ្នកនិពន្ធរូបនេះបានឆ្លុះបញ្ចាំងពីជីវិតអ្នកទាំងនោះតាមរយៈតួអង្គគ្រូបង្រៀនម្នាក់និងកុមារកំព្រាបីនាក់។ លោកម៉ែន គឹមសេងនៃវីអូអេបានសម្ភាសលោកមុត ថារីពីសៀវភៅនេះសម្រាប់ខួបលើកទី៤៥នៃការចាប់ផ្តើមរបបវាលពិឃាតនៅកម្ពុជា៕