អ្នកប្រដាល់និងសិល្បករខ្មែរអាមេរិកាំងលើកកម្ពស់ផ្នត់គំនិតស្ត្រីរឹងមាំ
ថាមពលពិសេសរបស់កញ្ញា អែម សុវណ្ណារី គឺដៃស្តាំរបស់នាង។ នាងប្រើដៃស្ដាំដើម្បីផ្ដួលគូប្រកួតក្បាច់គុន ហើយនាងក៏ប្រើដៃស្តាំនោះសម្រាប់គូរគំនូរពហុមេឌាផងដែរ។ កីឡាករក្បាច់គុនចម្រុះខ្មែរ-អាមេរិកាំងវ័យ២៧ឆ្នាំរូបនេះ ក៏ជាអ្នកគូររូបដ៏ជោគជ័យម្នាក់ផងដែរ។ នាង ប្រើការប្រកួតនិងសិល្បៈរបស់នាងដើម្បីលើកកម្ពស់ផ្នត់គំនិតអំពីភាពរឹងមាំរបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។ កើតនិងធំធាត់នៅទីក្រុង Long Beach រដ្ឋ California កញ្ញា សុវណ្ណារី ជាកូនស្រីច្បងរបស់ម្ដាយខ្មែរដែលជាជនភៀសខ្លួន។ នាងបានចាប់ផ្ដើមហាត់កីឡាប្រដាល់នៅឆ្នាំ២០១១ ខណៈពេលកំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅ Fashion Institute of Design & Merchandising ក្នុងទីក្រុង Los Angeles។ សព្វថ្ងៃនេះ កញ្ញា សុវណ្ណារី ព្យាយាមកសាងកំណត់ត្រាប្រកួត ឈ្នះ៤ដង ចាញ់ម្ដង របស់នាងឲ្យកាន់តែល្អឡើង ហើយនិងបង្កើនជំនាញគំនូរឲ្យកាន់មានភាពប៉ិនប្រសប់។ កាលពីខែកញ្ញាឆ្នាំ២០១៩ លោក ចាប ចិត្រា នៃ VOA បានទៅដល់ផ្ទះក្នុងទីក្រុង Los Angeles របស់កញ្ញា សុវណ្ណារី ដើម្បីជជែកជាមួយនាងអំពីដំណើរនៃការបំពេញកាតព្វកិច្ចយ៉ាងស្វិតស្វាញ ក្នុងការងារដ៏អស្ចារ្យទាំងពីររបស់នាង។