បទសម្ភាសន៍ VOA៖ និស្សិតខ្មែរនៅអ៊ូហានបារម្ភចំពោះមេរោគថ្មីខណៈត្រូវជាប់ក្នុងទីក្រុងនេះក្នុងអំឡុងបុណ្យចូលឆ្នាំចិន
ទីក្រុងអ៊ូហាន (ឬវូហាន Wuhan) ភាគកណ្តាលប្រទេសចិន ត្រូវគេជឿថា ជាប្រភពនៃមេរោគរលាកសួតថ្មីមួយ ឬ កូរ៉ូណាវីរុស (Coronavirus) ដែលមកដល់ថ្ងៃសុក្រ បានសម្លាប់មនុស្សអស់២៦នាក់ហើយ។ ខណៈដែលមេរោគ មិនស្គាល់អត្តសញ្ញាណនេះ បន្តរាតត្បាតនៅក្នុងប្រទេសចិន និងឆ្លងចេញទៅប្រទេសដទៃកាន់តែច្រើនទៀត អាជ្ញាធរចិនបានសម្រេចបិទចរាចរណ៍និងសកម្មភាពនានាក្នុងទីក្រុងអ៊ូហានដែលមានប្រជាជន១១លាននាក់នេះ កាលពីថ្ងៃព្រហស្បតិ៍នេះ។ លោក ប៉ែន បារាំង ជានិស្សិតខ្មែរថ្នាក់អនុបណ្ឌិត ផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ដែលកំពុងសិក្សានៅទីក្រុងអ៊ូហាន។ និស្សិតខ្មែរអាយុ៣០ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀងរូបនេះ ស្ថិតនៅក្នុងចំណោមនិស្សិតខ្មែរ១៩នាក់ នៅជាប់នៅក្នុងក្រុងអ៊ូហាន។ លោក ប៉ែន បារាំង បានព្យាយាមមិនបានសម្រេចដើម្បីចាកចេញពីទីក្រុងនេះ ក្រោយអាជ្ញាធរបានបិទទីក្រុងនេះមិនឲ្យចេញចូលកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ និស្សិតខ្មែររូបនេះអំពាវនាវឲ្យអាជ្ញាធរកម្ពុជាជួយបន្តតាមដានស្ថានភាពនិងជួយនិស្សិតកម្ពុជាប្រមាណ២០នាក់ដែលនៅជាប់នៅទីក្រុងអ៊ូហាន។ លោក សឹង សុផាត នៃ VOA បានធ្វើបទសម្ភាសន៍ជាមួយនិស្សិត ប៉ែន បារាំង អំពីស្ថានភាពចុងក្រោយនៅក្នុងទីក្រុងអ៊ូហាន។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៖