បទសម្ភាសន៍ VOA៖ មហោស្រពសិល្បៈដ៏ធំមួយធ្វើឡើងដើម្បីសន្តិភាពសង្គមនៅកម្ពុជា
មហោស្រពសិល្បៈដើម្បីសន្តិភាព ឬ Arts4Peace Festival ដ៏ធំមួយ នឹងបង្ហាញពីភាពចម្រុះនិងច្នៃប្រឌិតថ្មីនៃសិល្បៈបុរាណនិងសម័យរបស់កម្ពុជា ក្រោយ៤០ឆ្នាំបន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលបានសម្លាប់អ្នកសិល្បៈខ្មែរជាច្រើននាក់។ ផ្តួចផ្តើមឡើងដោយអង្គការសិល្បៈខ្មែរអមតៈ ដែលធ្វើការងារលើការរក្សា លើកស្ទួយ និងបង្កើតថ្មីនៃសិល្បៈវប្បធម៌ខ្មែរ មហោស្រពសិល្បៈមួយនេះ នឹងប្រព្រឹត្តឡើងក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា នៅទីតាំងចំនួនបួនកន្លែងក្នុងរាជធានីភ្នំពេញ រួមមានសាលចតុមុខ វិទ្យាស្ថានភាសាបារាំង វិទ្យាស្ថានភាសាបរទេស និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ លោក គាត សុគីម អ្នកសម្របសម្រួលផ្នែកទំនាក់ទំនងកម្មវិធីប្រចាំអង្គការសិល្បៈខ្មែរអមតៈ បានរៀបរាប់លម្អិតអំពីគោលបំណងនៃមហោស្រពសិល្បៈដើម្បីសន្តិភាពនេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកនាង ទែន សុខស្រីនិតនៃVOA៕