បទសម្ភាសន៍ VOA៖ អ្នកជំនាញថាវិវាទព្រំដែនជាមួយឡាវត្រូវនាំទៅតុលាការអន្តរជាតិបើគ្មានដំណោះស្រាយសមស្រប
ប្រទេសកម្ពុជា និងឡាវ កំពុងបន្តការពិភាក្សាគ្នារឿងវិវាទព្រំដែនដែលបង្កឲ្យមានភាពតានតឹងយូរៗម្តង ជាពិសេសក្នុងពេលនាយករដ្ឋមន្ត្រីឡាវ គ្រោងនឹងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជានៅពាក់កណ្តាលខែកញ្ញាឆ្នាំ២០១៩។ តែអតីតអ្នក តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអ្នកជំនាញរឿងព្រំដែនម្នាក់គឺលោក អ៊ុំ សំអាន បាននិយាយថា កម្ពុជាមានជម្រើសប្តឹងទៅតុលាការអន្តរជាតិ ICJ បើសិនជាការដោះស្រាយបញ្ហាព្រំដែនមិនអាចធ្វើបានតាមផែនទីខ្នាតលើ១/១០០,០០០ និងសារាចររបស់អគ្គទេសាភិបាលបារាំង។ លោក សុខ ខេមរា នៃ VOA បានសម្ភាសលោកអ៊ុំ សំអាន តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ទី២៩ ខែសីហា ឆ្នាំ២០១៩ ក្រោយពីកម្ពុជានិងឡាវ បានសម្រេចដកកងទ័ពចេញពីតំបន់មុំបី ខេត្តព្រះវិហារ ដែលមានការប្រទាញប្រទង់នោះ៕