កិច្ចសន្ទនា VOA៖ កេរដំណែលអ្នកស្រី Toni Morrison បានជួយដល់សហគមន៍ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក
វ៉ាស៊ីនតោន – អ្នកស្រី Toni Morrison ដែលជានិពន្ធនាយកជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកដ៏ល្បីល្បាញមួយរូប បានទទួលមរណភាពកាលពីដើមខែសីហា កន្លងទៅនេះ។ អ្នកស្រីធ្លាប់បានទទួលពានរង្វាន់លំដាប់កំពូលជាច្រើន តាមរយៈស្នាដៃសរសេរសៀវភៅរបស់អ្នកស្រី ដែលជួយទាមទារឲ្យមានភាពស្មើគ្នារវាងពលរដ្ឋអាមេរិកាំងស្បែកសនិងស្បែកខ្មៅ ក៏ដូចជារវាងបុរសនិងស្ត្រីផងដែរ។ ជីវិតនិងស្នាដៃការងាររបស់អ្នកស្រីត្រូវបានឆ្លុះបញ្ចាំងនៅក្នុងខ្សែភាពយន្តឯកសារមួយដែលមានចំណងជើងថា "The Pieces I am” ដែលត្រូវបានចាក់បញ្ចាំងនៅតាមបណ្ដារោងភាពយន្តក្នុងសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី៨ ខែសីហា កន្លងទៅនេះ កញ្ញា លី វួចនា នៃ VOA បានទៅទស្សនាខ្សែភាពយន្តនេះនៅឯរោងភាពយន្តមួយក្នុងរដ្ឋធានី វ៉ាស៊ីនតោន និងធ្វើការស្រាវជ្រាវបន្ថែមអំពីកេរដំណែលរបស់អ្នកស្រី Toni Morrison។ អ្នកស្រី ហុង ចិន្ដា នៃ VOA បានសន្ទនាជាមួយនឹងកញ្ញា លី វួចនា អំពីរឿងនេះ៕