បទសម្ភាសន៍ VOA៖ សហផលិតករភាពយន្ត «សត្រូវប្រជាជន» ការពារ នួន ជា ថាមិនមែនជាឃាតករ
ក្រោយពេលដែលអតីតមេដឹកនាំខ្មែរក្រហម គឺ នួន ជា ជាបងធំទី២ នៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានស្លាប់ក្នុងជន្មាយុ ៩៣ ឆ្នាំ ក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ បាននាំឲ្យមានប្រតិកម្មចម្រុះជាច្រើនចំពោះការដែលតុលាការមិន អាចបញ្ចប់ការកាត់ក្តីឲ្យចប់ជាស្ថាពរ និងទទួលទោសទណ្ឌនៅមុនការស្លាប់របស់ អតីតមេដឹកនាំខ្មែរក្រហមរូបនេះ។ ភ្លាមៗនោះលោក ថេត សម្បត្តិសហផលិតករភាពយន្តឯកសារដែលមានចំណងជើងថា «សត្រូវប្រជាជន» ឬ «Enemies of the People» បានសម្តែងការសោកស្តាយចំពោះការស្លាប់របស់ នួន ជា ដោយលោកអះអាងថា លោក នួន ជា បងធំទី២ បន្ទាប់ពី ប៉ុល ពត គឺជាមនុស្សសំខាន់តែម្នាក់សម្រាប់ប្រវត្តិសាស្ត្រខ្មែរក្រហម។ លោកថ្លែងថា ទោះជាមានការចោទប្រកាន់ថា នួន ជា ជាឃាតករ ក៏លោកនៅតែអះអាងថា នួន ជា គឺជាជនសេ្នហាជាតិមួយរូប។ លោក សុខ ខេមរា នៃ VOA ពីរដ្ឋធានីវ៉ាស៊ីនតោន បានសម្ភាស លោក ថេត សម្បត្តិ តាមទូរសព្ទ អំពីរឿងទាក់ ទងនឹងការស្លាប់របស់នួន ជានិងបញ្ហាប្រវត្តិសាស្ត្រខ្មែរក្រហមខ្លះៗ៕