ក្រុមតន្ត្រីយុវជនជម្នះឧបសគ្គនានាដើម្បីអនាគតវែងឆ្ងាយ
ក្រុមតន្ត្រីព្យុហយាត្រាភ្នំពេញ មានសមាជិកក្រុមដែលហ៊ានជម្នះភាពលំបាកលំបិនរបស់ពួកគេ ដោយប្រើប្រាស់ចំណងមិត្តភាព ភាពច្នៃប្រឌិត និងមេរៀនជីវិតដែលក្មេងជាច្រើនមិនមានឱកាសឆ្លងកាត់ ដើម្បីអនាគតវែងឆ្ងាយនៃក្រុមតន្ត្រីភ្លេងព្យុហយាត្រាឯករាជ្យតែមួយគត់នៅកម្ពុជា។ ក្រុមតន្រ្តីនេះ កំពុងតែបោះជំហានតូចៗទៅកាន់អនាគត ដែលពួកគេរំពឹងទុក។ ដោយសារតែការតស៊ូនានា ក្រុមនេះត្រូវបានសាធារណជនចាប់ផ្តើមទទួលស្គាល់ ហើយអញ្ជើញទៅចូលរួមសម្តែងតាមកម្មវិធីធំៗផងដែរ។ ប្រវត្តិ Marching Band នេះចាប់មានវត្តមាននៅកម្ពុជាតាមរយៈអង្គការក្រៅរដ្ឋាភិបាលជប៉ុន JHP នៅឆ្នាំ ២០០១ រហូតដល់ឆ្នាំ ២០១៣ ក្រោយពីអង្គការនេះអស់ថវិកាជំនួយទៅពួកគេនៅតែបន្តជំនួយខាងផ្នែកឧបករណ៍តន្ត្រីរហូត។ ក្នុងឆ្នាំ ២០១៤ ក្រុមនេះទទួលបានការជ្រោមជ្រែងស្ម័គ្រចិត្តដោយអ្នកគ្រូវ ហុីម សាវី ជាមួយលោក ហេង សារ៉ាឌី លោកសាស្រ្តាចារ្យកែវ សុភី និងកញ្ញា អ៉ិ អារុណ ទើបពួកគេនៅតែមានកម្លាំងចិត្ត និងស្មារតីសម្តែងមកដល់សព្វថ្ងៃ។